FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជានាំចេញអង្ករជិត ៨០ម៉ឺនតោន ទទួលបានចំណូល ៤៦៤លានដុល្លារ នៅរយៈពេល៨ខែ ឆ្នាំ២០២៦

03-09-2026 16:15

(ភ្នំពេញ)៖ កម្ពុជាបាននាំចេញអង្ករបានចំនួន ៧៩២ ២១២ តោន ទទួលបានទឹកប្រាក់ ៤៦៤.១៧លានដុល្លារ នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៧៩២ ២១២ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៦។ ក្នុងនោះទៅកាន់បណ្តាប្រទេស ក្នុងតំបន់អឺរ៉ុបចំនួន៣៣ បានបរិមាណអង្ករចំនួន ២៣២ ៣១៩តោន គិតជាទឹកប្រាក់ចំនួន១៧៥,៥៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុងចំនួន១៧៧ ៧៨៣តោន គិតជាទឹកប្រាក់ចំនួន១០៥,៣៤លានដុល្លារ សហរដ្ឋអាមេរិក, ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន៥ប្រទេស បានបរិមាណចំនួន៣១៥ ០៨៨តោន គិតជាទឹកប្រាក់ចំនួន១២២,៩៣លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ២៥ប្រទេសផ្សេងទៀតមាន អាហ្វ្រិក, មជ្ឈឹម, បូព៌ា, អាមេរិក, កាណាដា, អូស្ត្រាលី, ញ៉ូហ្សេឡេនបានចំនួន៦៧ ០២២តោន គិតជាទឹកប្រាក់ចំនួន៦០,៣៣លានដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានោះប្រភេទអង្ករ ដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៧.៩៦% ប្រភេទអង្ករសគ្រាប់វែង ២៤.៤០% អង្ករចំហុយ ១.៩១% អង្ករសរីរាង្គចំនួន ១.២៨% អង្ករបាក់គ្រប់ប្រភេទ ១៤.២៦% និងអង្ករផ្សេងៗចំនួន ០.១៩% ។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៣៥៦ ៩៦៩ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៧៥៣.៤១ លានដុល្លារ។

សូមជម្រាបថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ នៅឆ្នាំ២០១០ ដោយជំរុញឱ្យការនាំចេញអង្ករឱ្យបាន ១លានតោននៅឆ្នាំ២០១៥ ប៉ុន្តែបរិមាណនេះមិនសម្រេចតាមផែនការ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជា នៅឆ្នាំ២០២៦នេះ នឹងសម្រេចបាន១លានតោន ក្រោមមានការជួយជ្រោមជ្រែមពីរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោកជឿថា ការនាំចេញអង្កររបស់កម្ពុជាក្នុងបរិមាណ ១លានតោននឹងមាននិរន្តរភាព ព្រោះរោងម៉ាស៊ីនមានទុនបង្វិលគ្រប់គ្រាន់ និងមានទីផ្សារថ្មីៗផងដែរ៕