CSX: ទីផ្សារភាគហ៊ុនកម្ពុជា កាន់តែមានភាពរស់រវើក ជាមួយនឹងកំណើនយ៉ាងរឹងមាំ
03-09-2026 15:34
(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានអះអាងថា នៅក្នុងខែសីហា ឆ្នាំ២០២៦ ស្ថានភាពទីផ្សារនៅផ្សារមូលបត្រកម្ពុជា (ផមក) ទទួលបានការចាប់អារម្មណ៍ និងការចូលរួមយ៉ាងផុសផុល ដោយសកម្មភាពជួញដូរ ទំហំទឹកប្រាក់ និងថ្លៃភាគហ៊ុន បានបន្តកើនឡើងយ៉ាងគំហុក បើទោះបីជា រដូវកាលនៃការចែកភាគលាភប្រចាំឆ្នាំត្រូវបានបញ្ចប់ក៏ដោយ។
១. សន្ទស្សន៍ទីផ្សារហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ និងសន្ទនីយភាពកើនឡើងគួរឱ្យកត់សម្គាល់
នៅក្នុងខែសីហានេះ សន្ទស្សន៍ ផមក បានបិទនៅកម្រិត ៥៤១,០២ ពិន្ទុ ដោយកើនឡើង ១៨% ក្នុងខែសីហានេះ ឬកើនឡើងជិត ២៨% គិតចាប់ពីដើមឆ្នាំមក។ ជាពិសេស នៅថ្ងៃទី២៦ ខែសីហា សន្ទស្សន៍បានហក់ឡើងដល់ ៥៦០,០៩ ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៤ ឆ្នាំចុងក្រោយ (គិតចាប់តាំងពីខែមីនា ឆ្នាំ ២០២២)។ លើសពីនេះ ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងខែសីហា បានកើនឡើងដល់ ៣.១៧៥ លានរៀល (ជិត ៨០ម៉ឺនដុល្លារអាមេរិក) ដែលកើនឡើង ប្រមាណជិត ៣០០% បើធៀបនឹងទំហំជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៧ខែដំបូង ក្នុងឆ្នាំ ២០២៦ នេះ។
សន្ទុះកើនឡើងជាវិជ្ជមាននេះ បណ្ដាលមកពីកត្តាសំខាន់ៗមួយចំនួនដូចជា៖ ថ្លៃភាគហ៊ុននៅមានភាពទាក់ទាញធៀបនឹងសក្តានុពលនិងមូលដ្ឋានគ្រឹះនៃអាជីវកម្ម អត្រាទិន្នផលភាគលាភឆ្នាំកន្លងមកមានលក្ខណៈល្អប្រសើរ ស្របពេលដែលលទ្ធផលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចុះបញ្ជីនីមួយៗមានភាពវិជ្ជមាន និងមានកំណើនល្អក្នុងត្រីមាសទី២ ២០២៦នេះ។ លើសពីនេះទៅទៀត ការកើនឡើងនៃសន្ទនីយភាពនេះ ក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់វិនិយោគិន ស្ថាប័ន ដែលបានរួមចំណែកក្នុងការបង្កើនទំនុកចិត្ត ពង្រីកសក្តានុពលរីកចម្រើន និងសុទិដ្ឋិនិយមចំពោះទីផ្សារទាំងមូល។
២. ការកើនឡើងនូវគណនីជួញដូរថ្មី និងកំណត់ត្រាថ្មីនៃចំនួនវិនិយោគិនសកម្ម
ចំនួននៃការបើកគណនីជួញដូរថ្មី ក្នុងខែសីហានេះមានរហូតដល់ ២.០០៦ គណនី ដែលកំណើនយ៉ាងគំហុកនេះ បានបង្ហាញពីការយល់ដឹងកាន់តែទូលំទូលាយ និងចំណាប់អារម្មណ៍របស់សាធារណជន អំពីឱកាសបង្កើតប្រាក់ចំណូលបន្ថែមតាមរយៈការវិនិយោគភាគហ៊ុន។ ស្របពេលដែលសន្ទនីយភាពទីផ្សារកើនឡើង ការចូលរួមរបស់វិនិយោគិនក៏បានបំបែកកំណត់ត្រាថ្មីៗគួរឱ្យកត់សម្គាល់ផងដែរ។
ក្នុងខែសីហានេះ ចំនួនវិនិយោគិនសកម្ម (វិនិយោគិនដែលបានជួញដូរជោគជ័យយ៉ាងតិចម្តង) បានកើនឡើងរហូតដល់ ៧.៩០១ នាក់ ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ តួលេខនេះបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់វិនិយោគិនថ្មី ពិសេសការវិលត្រឡប់ចូលទីផ្សារយ៉ាងក្លៀវក្លារបស់វិនិយោគិនចាស់ ដើម្បីវិនិយោគបន្ថែម និងទាញយកផលចំណេញពីទីផ្សារ។
ទិន្នន័យជាក់ស្តែងខាងលើគឺជាសក្ខីភាព បញ្ជាក់ពីសក្តានុពលរីកចម្រើនយ៉ាងរឹងមាំនៃទីផ្សារមូលបត្រកម្ពុជា។ កំណើននៃការចូលរួមរបស់វិនិយោគិន គឺជាកាតាលីករដ៏សំខាន់ដែលជំរុញឱ្យ ផមក បន្តពង្រីកសេវាកម្ម អភិវឌ្ឍផលិតផលហិរញ្ញវត្ថុថ្មីៗ និងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបម្រើផលប្រយោជន៍វិនិយោគិនឱ្យកាន់តែសម្បូរបែប៕


