FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

⁨អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ដើម្បីជំរុញធុរកិច្ច និងវិនិយោគ

03-09-2026 12:08

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតក្របខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។

អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោក គីម សឹង ស៊ូ (Kim Seong Su) ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) និងប្រព្រឹត្តទៅក្រោមអតិបតីភាពរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ និងមានការអញ្ជើញចូលរួមពីអនុប្រធាន និង សមាជិកនៃសភាពាណិជ្ជកម្មទាំងពីរផងដែរ។

ថ្លែងក្នុងឱកាសនៃពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា កម្ពុជាមានបរិយាកាសធុរកិច្ចល្អប្រសើរ និងមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលអំណោយផលសម្រាប់វិនិយោគិន និងមានគោលនយោបាយលើកទឹកចិត្ត និង គាំទ្រធុរកិច្ចរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង សង្កត់ធ្ងន់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាដំណាក់កាលដ៏សំខាន់មួយឈានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដ៏
រឹងមាំរវាងសភាពាណិជ្ជកម្មទាំងពីរ ដែលត្រូវបានរៀបចំឡើងដើម្បីការពារ និងទាក់ទាញការវិនិយោគពីកូរ៉េ។

លោក គីម សឹង ស៊ូ បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃអនុស្សរណៈយោគយល់នេះ និងចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា។ អនុស្សរណៈនេះ មិនត្រឹមតែជួយទាក់ទាញវិនិយោគិនកូរ៉េប៉ុណ្ណោះទេ ថែមទាំងជួយការពារការវិនិយោគដែលមានស្រាប់ផងដែរ។

អនុស្សរណៈនៃការយោគយល់គ្នានេះ បង្កើតក្របខ័ណ្ឌប្រតិបត្តិកាសំខាន់ៗរួមមាន៖ ការចែករំលែកទិន្នន័យពាណិជ្ជកម្ម ព័ត៌មានបច្ចុប្បន្នភាពបទប្បញ្ញត្តិ គោលនយោបាយសេដ្ឋកិច្ច ការផ្គូផ្គងធុរកិច្ច ការរៀបចំទស្សនកិច្ចពាណិជ្ជកម្ម វេទិកាធុរកិច្ច ការដោះស្រាយបញ្ហាប្រឈម និងការជួយគាំទ្រគ្នាទៅវិញទៅមក៕