ក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ច ចិន-អាស៊ាន ឆ្នាំ២០២៦! មន្ដ្រីជាន់ខ្ពស់ CDC លើកទឹកចិត្តឱ្យវិនិយោគិនចិន បន្តវិនិយោគនៅកម្ពុជាបន្ថែមទៀត
02-09-2026 16:48
(ភ្នំពេញ)៖ លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកា «ការបកស្រាយគោលនយោបាយ ឧស្សាហកម្មកម្ពុជា និងកិច្ចប្រជុំតភ្ជាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មចិន-កម្ពុជា» ក្រោមប្រធានបទស្ដីពី «គោលនយោបាយវិនិយោគកម្ពុជា និងផែនការអភិវឌ្ឍច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» នៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន។
នាឱកាសនេះ លោកអគ្គលេខាធិការរង បានបកស្រាយអំពីគោលការណ៍លើកទឹកចិត្ត ក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដូចជា ការលើកទឹកចិត្តជាមូលដ្ឋាន, ការលើកទឹកចិត្តបន្ថែម, ការលើកទឹកចិត្តពិសេស, ការលើកទឹកចិត្តលើគម្រោងពង្រីក និងសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ជាដើម។
អគ្គលេខាធិការរង ក៏បានគូសបញ្ជាក់អំពីកាលានុវត្តភាព ដែលវិនិយោគិនចិន អាចទទួលបានពីការអភិវឌ្ឍរបៀងឧស្សាហកម្ម ផងដែរ គឺការទទួលបានហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែល្អប្រសើរ ជាមួយនឹងថ្លៃដឹកជញ្ជូនកាន់តែប្រកួតប្រជែង ក្នុងការពង្រីកអាជីវកម្ម ដែលស្របតាមគោលដៅរយៈពេលខ្លី «តំបន់ស្នូល ២ អមដោយខ្សែអ័ក្ស ២» នៃការអភិវឌ្ឍរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
ជាចុងក្រោយ លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណដល់វិនិយោគិនចិន ដែលបានវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តឱ្យវិនិយោគិនចិន បន្តវិនិយោគនៅកម្ពុជាបន្ថែមទៀត ដោយ ក.អ.ក. បានប្ដេជ្ញាចិត្តសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិនឱ្យបានជាអតិបរមា៕




