FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងឧស្សាហកម្ម ដាក់ឱ្យដំណើរការសេវាសាធារណៈឌីជីថល សម្រាប់ SME និងសេវាទឹកស្អាត លើកកម្ពស់ប្រសិទ្ធភាពការបម្រើសេវាជូនពលរដ្ឋ និងវិស័យឯកជន

02-09-2026 10:41

(ភ្នំពេញ)៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវសេវាសាធារណៈទាំងអស់របស់ក្រសួងសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) និងសេវាទឹកស្អាត ទៅក្នុងប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល។

ការផ្លាស់ប្តូរនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈ និងលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាជូនប្រជាពលរដ្ឋ និងវិស័យឯកជន។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកាសដាក់ឱ្យដំណើរការសេវាសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងសេវាវិស័យទឹកស្អាត ១០០% នៅក្នុងប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ក្រសួង ធ្វើឡើងនៅក្នុងពិធីបិទកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន នាយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។

សេវាដែលត្រូវបានធ្វើឌីជីថលូបនីយកម្មបន្ថែមទាំងនេះ រួមមានសេវាស្នើសុំលិខិតអនុញ្ញាតពង្រីកផលិតកម្ម ប្តូរឈ្មោះ ប្តូរម្ចាស់ និងប្តូរទីតាំងសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម។ ក្រៅពីនេះ ក៏មានសេវាស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត និងសេវាស្នើសុំវិញ្ញាបនបត្រដំណើរការផ្គត់ផ្គង់ទឹកស្អាតផងដែរ។ ការដាក់បញ្ចូលសេវាទាំងនេះទៅក្នុងប្រព័ន្ធឌីជីថល នឹងជួយសម្រួលដល់ដំណើរការស្នើសុំ និងកាត់បន្ថយភាពស្មុគស្មាញនានា។

ឌីជីថលូបនីយកម្មសេវាសាធារណៈទាំងនេះ មានគោលដៅចម្បងក្នុងការសន្សំសំចៃពេលវេលា និងកាត់បន្ថយចំណាយសម្រាប់ធុរកិច្ច ក៏ដូចជាបង្កើនតម្លាភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

តាមរយៈប្រព័ន្ធឌីជីថល ធុរជនអាចដាក់ពាក្យស្នើសុំ និងតាមដានដំណើរការបានយ៉ាងងាយស្រួលពីគ្រប់ទីកន្លែង ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ បរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែង៕