FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទុនវិនិយោគចិនប្រមាណ ១.៥ ពាន់លានដុល្លារ ហូរចូលមកកម្ពុជា ក្នុងរយៈពេល ៧ ខែឆ្នាំ២០២៦, ភាគច្រើលើវិស័យកម្មន្តសាល

01-09-2026 14:46

(ភ្នំពេញ)៖ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៦ នេះ កម្ពុជាបានទទួលទុនវិនិយោគពីប្រទេសចិនប្រមាណ ១.៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលភាគច្រើនបានផ្តោតទៅលើវិស័យកម្មន្តសាល។

ថ្លែងក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ច ចិន-អាស៊ាន នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ចិនគឺជាប្រភពទុនវិនិយោគធំជាងគេបំផុតរបស់កម្ពុជា ដោយរួមចំណែកប្រមាណ ៨៣% នៃទំហំទុនសរុបនៅកម្ពុជាក្នុងឆ្នាំ ២០២៥។ ដោយឡែក ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៦ នេះ ទុនវិនិយោគពីប្រទេសចិន មានប្រមាណ ១.៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

គម្រោងវិនិយោគលេចធ្លោរបស់ចិនរួមមាន ការបង្កើតរោងចក្រផលិតសម្បកថ្នាំពេទ្យ សម្បកកង់រថយន្ត គ្រឿងបន្លាស់រថយន្ត រោងចក្រផលិត និងដំឡើងបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ព្រមទាំងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបជាដើម។

លោក ជា វុទ្ធី មានប្រសាសន៍ថា គម្រោងទាំងនេះមិនត្រឹមតែនាំមកនូវទុនវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតសកម្មភាពផលិតកម្មថ្មី បង្កើតការងារ បង្កើនការនាំចេញ និងជួយកម្ពុជាភ្ជាប់ខ្លួនកាន់តែស៊ីជម្រៅក្នុងខ្សែចង្វាក់ផលិតកម្មក្នុងតំបន់។

លោកបន្តថា «ឧទាហរណ៍ដ៏ល្អមួយគឺការកើតឡើងនៃការតភ្ជាប់ជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក ដោយគម្រោងផលិតសម្បកកង់រថយន្តមួយចំនួនរបស់ចិន ដែលបានប្រើប្រាស់ជ័រកៅស៊ូនៅកម្ពុជា ។ នេះគឺជាអ្វីដែលយើងចង់ឃើញកាន់តែច្រើន មិនមែនត្រឹមតែរោងចក្រមួយប៉ុណ្ណោះទេ ប៉ុន្តែមានផលិតក្នុងស្រុកចូលរួមផ្គត់ផ្គង់ មានការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា មានការបណ្ដុះបណ្ដាលធនធានមនុស្ស និងមានតម្លៃបន្ថែមច្រើនៗទៀតនៅក្នុងប្រទេស។ នេះហើយគឺជាដំណាក់កាលបន្ទាប់ដែលយើងចង់ឃើញនៅក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ជាពិសេសគឺការជំរុញនូវការអភិវឌ្ឍរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា គឺរបៀងឧស្សាហកម្មអង្ករ និងមច្ឆា ដែលគឺជាការចង់បានរបស់ប្រមុខដឹកនាំនៃប្រទេសយើងទាំងពីរ ដែលយើងបានចុះអនុស្សរណៈជាមួយគ្នាពីប៉ុន្មានឆ្នាំកន្លងមក ដែលជំរុញធ្វើម៉េចឲ្យកិច្ចការងារនេះសម្រេចបានជាអតិបរមា»

លោក ជា វុទ្ធី លើកឡើងថា កំណើននៃទុនវិនិយោគពីចិននេះ បានគូសបញ្ជាក់ពីទំនាក់ទំនងការទូតដ៏រឹងមាំរវាងកម្ពុជា-ចិន ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៥៩ និងបានចាក់ឫសយ៉ាងជ្រៅក្នុងគ្រប់វិស័យ។ទំនាក់ទំនងនេះបានឈានដល់កម្រិតថ្មីមួយទៀតតាមរយៈការបង្កើតកិច្ចប្រតិបត្តិការត្បូងពេជ្រកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ដែលបានបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន។

លោកបន្តថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់ពីរដ្ឋាភិបាល និងប្រជាជនចិន ពិសេសតាមរយៈការអភិវឌ្ឍរចនាសម្ព័ន្ធ និងការវិនិយោគ។ ចំណងមិត្តភាពដ៏មានតម្លៃនេះបានក្លាយជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការកសាងទំនុកចិត្តរបស់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃទំហំពាណិជ្ជកម្ម និងគម្រោងវិនិយោគចិនមកកម្ពុជា៕