FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជារៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន-ចិន

01-09-2026 10:55

(ភ្នំពេញ)៖ កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ច ចិន-អាស៊ាន ដែលបានប្រមូលអ្នកធុរកិច្ចជាច្រើនពីចិន និងអាស៊ាន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងចិន អាស៊ាន និងកម្ពុជា។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦នេះ។

លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) បានថ្លែងថា ព្រឹត្តិការណ៍នេះគឺជាស្ពានតភ្ជាប់យុទ្ធសាស្ត្រដ៏សំខាន់បំផុត ក្នុងការប្រមូលផ្តុំថ្នាក់ដឹកនាំធុរកិច្ច អ្នកវិនិយោគ និងស្ថាប័នដៃគូ ដើម្បីរួមគ្នាពិនិត្យមើលចក្ខុវិស័យ សក្តានុពល និងកាលានុវត្តភាពថ្មីៗ។

លោកបណ្ឌិត ហេង វុទ្ធី បានគូសបញ្ជាក់ថា ក្នុងនាមជាសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា នឹងបន្តសម្របសម្រួលស្ពានសហប្រតិបត្តិការចិន-កម្ពុជា និងចិន-អាស៊ាន។ លោកជឿជាក់ថា តាមរយៈកិច្ចពិភាក្សា ការផ្លាស់ប្តូរយោបល់ និងការបង្កើតភាពជាដៃគូក្នុងកិច្ចប្រជុំកំពូលនេះ នឹងអាចទាញយកផលចំណេញពីវិស័យសក្តានុពល ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។

នាឱកាសនោះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ច ចិន-អាស៊ាន មិនមែនគ្រាន់តែជាវេទិកាសម្រាប់ផ្លាស់ប្តូរទស្សនៈប៉ុណ្ណោះទេ ប៉ុន្តែបានប្រែក្លាយជាវេទិកានៃកិច្ចសហប្រតិបត្តិការ និងជាកាលានុវត្តភាពដ៏ធំធេងសម្រាប់វិស័យធុរកិច្ច។

លោកមានប្រសាសន៍ថា ចាប់តាំងពីការបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាផ្លូវការក្នុងឆ្នាំ១៩៩៩មក ភាគីទាំងពីរបានកសាងទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់លើគ្រប់វិស័យ។ ទំនាក់ទំនងដ៏រឹងមាំនេះបានឆ្លុះបញ្ចាំងតាមរយៈកំណើនពាណិជ្ជកម្ម និងការវិនិយោគគួរឱ្យកត់សម្គាល់។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងចិនបានឈានឡើងដល់កម្រិតថ្មីមួយទៀត ដែលលើសពី ១ទ្រីលានដុល្លារសហរដ្ឋអាមេរិក ដែលធ្វើឱ្យចិនបានបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ានអស់រយៈពេលជាច្រើនឆ្នាំ ខណៈអាស៊ានក៏បានក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនផងដែរ។ លើសពីនេះ ក្នុងឆ្នាំ២០២៤ កន្លងមកនេះ ការវិនិយោគរបស់ចិន ទៅកាន់ប្រទេសអាស៊ានមានទំហំប្រមាណជា ១៩.៣ ពាន់លានដុល្លារ ដែលធ្វើឱ្យចិនក្លាយជាប្រភពវិនិយោគទុនធំបំផុតទី៣ ក្នុងចំណោមដៃគូសន្ទនារបស់អាស៊ាន។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំនេះ រួមមាន ការថ្លែងសុន្ទរកថាគន្លឹះរបស់ថ្នាក់ដឹកនាំ និងកិច្ចពិភាក្សាស៊ីជម្រៅលើវិស័យអាទិភាពជាច្រើនដូចជា មូលបត្រ ភ័ស្តុភារកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ បញ្ញាសិប្បនិម្មិត (AI) សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ពាណិជ្ជកម្មអេឡិចត្រូនិច មជ្ឈមណ្ឌលទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងថាមពលស្អាត។

ចំណុចលេចធ្លោមួយទៀតនៃកិច្ចប្រជុំនេះ គឺពិធីសម្ពោធជាផ្លូវការនូវ «មជ្ឈមណ្ឌលអភិវឌ្ឍន៍វិនិយោគនិងពាណិជ្ជកម្មឆ្លងដែនជាតិកម្ពុជា-ចិន» និងពិធីចុះហត្ថលេខាលើគម្រោងសំខាន់ៗជាច្រើន៕