មហាឧបាសក អៀង សុធារ៉ា៖ មុនទិញ ឬធ្វើអ្វីមួយគួរតែពិចារណា និងពិភាក្សាជាមួយក្រុមគ្រួសារ ជៀសវាងបញ្ហាហិរញ្ញវត្ថុ ហើយត្រូវមានលុយបម្រុង (Video inside)
01-09-2026 10:21
(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗដល់សាធារណជន ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយគតិបណ្ឌិត ដើម្បីជៀសវាងបញ្ហាផ្សេងៗ ដែលអាចកើតមានឡើង ជាពិសេសមុននឹងទិញអ្វីមួយ គួរតែមានការពិចារណា និងពិភាក្សាគ្រួសារ មុនសម្រេចចិត្តចំណាយ ដើម្បីចៀសវាងបញ្ហាហិរញ្ញវត្ថុ។
ជាមួយគ្នានេះ លោកបានលើកឡើងពីសារៈសំខាន់នៃ «សមាជីវិតា» គឺការរស់នៅឲ្យសមស្របតាមលទ្ធភាពរបស់ខ្លួន ដោយមិនគួរខ្ចីបុលគេហួសពីកម្លាំងដើម្បីទិញទ្រព្យសម្បត្តិធំៗដូចជារថយន្ត ឬវីឡាជាដើម ដែលអាចបង្កជាបន្ទុកហិរញ្ញវត្ថុ និងឈានដល់ការបែកបាក់គ្រួសារ។
មុននឹងសម្រេចចិត្តទិញអ្វីមួយ ឬធ្វើការចំណាយធំៗ មហាឧបាសក អៀង សុធារ៉ា បានណែនាំឲ្យមានការពិភាក្សាឲ្យបានល្អិតល្អន់ជាមួយសមាជិកគ្រួសារ រួមមានឪពុកម្តាយ ឬប្តីប្រពន្ធ។ ការពិភាក្សានេះគួរតែរួមបញ្ចូលការគិតគូរឲ្យបានច្បាស់លាស់អំពីថ្លៃចំណាយសរុប រួមទាំងថ្លៃថែទាំ និងប្រតិបត្តិការប្រចាំខែ ដើម្បីឲ្យគ្រប់គ្នាមានការឯកភាពគ្នា ហើយក៏ត្រូវមានប្រាក់បម្រុងទុក គឺជាកត្តាចាំបាច់បំផុត ដើម្បីត្រៀមដោះស្រាយបញ្ហាជាយថាហេតុ ដែលអាចកើតឡើងនាពេលអនាគតផងដែរ។
សូមស្តាប់ការលើកឡើងរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា៖




