FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កុំចាយធំជាងចំណូល! មហាឧបាសក អៀង សុធារ៉ា លើកទឹកចិត្ដដល់ពលរដ្ឋចេះសន្សំ និងចាយវាយឲ្យបានត្រឹមត្រូវ ( Video inside)

01-09-2026 10:18

(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចេះសន្សំ និងចេះប្រើប្រាក់ថវិកាដែលខ្លួនរកបានប្រកបដោយសមជីវិតា ដោយចាយវាយធនធានរបស់ខ្លួនប្រកបដោយគតិបណ្ឌិត និងប្រសិទ្ធភាព ដើម្បីកសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

តាមរយៈកិច្ចសម្ភាសពិសេសជាបណ្តាញព័ត៌មាន Fresh News មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានបញ្ជាក់ដូចនេះថា «នៅក្នុងពុទ្ធសាសនា គឺមានធនធានប៉ុណ្ណា ចាយប៉ុណ្ណា ចាយប្រចាំថ្ងៃប៉ុណ្ណា សន្សំប៉ុណ្ណា យើងលៃលកតាមហ្នឹងហៅថា សមជីវិតា។ អញ្ចឹងខ្ញុំឆ្លៀតថា ក្នុងពុទ្ធសាសនាប្រាក់ចំណូលយើងប្រចាំខែ ប្រចាំឆ្នាំ យើងត្រូវចាយតែ ២៥% , ទុកសន្សំទុក ២៥% ហើយយកទៅធ្វើរបររកស៊ីវិនិយោគផ្សេងៗ ៥០% បើយើងធ្វើតាមបែបបទនេះបាន និងមានសមជីវិតាហើយ»

សូមបញ្ជាក់ដែរថា បើតាមទស្សនៈព្រះពុទ្ធសាសនាពាក្យ «សមជីវិតា» គឺសំដៅលើការរស់នៅប្រកបដោយសេចក្តីសន្ដោស និងការប្រើប្រាស់ទ្រព្យសម្បត្តិឲ្យបានសមល្មមនឹងសេចក្តីត្រូវការនៃជីវិត មិនមែនជាការរស់នៅត្រឹមតែរស់នោះទេ។ ព្រះពុទ្ធសាសនាបានបកស្រាយថា សមជីវិតា គឺជាការរស់នៅដោយចេះគ្រប់គ្រងចំណូលចំណាយ មិនខ្ជះខ្ជាយហួសប្រមាណ និងប្រើប្រាស់ទ្រព្យសម្បត្តិឲ្យគ្រប់គ្រាន់តាមតម្រូវការចាំបាច់នៃជីវភាពប្រចាំថ្ងៃ ដូចជាការថែរក្សាសុខភាព និងការចេះសន្សំសំចៃជាដើម។

ក្នុងន័យនេះមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ចង់សង្កត់ធ្ងន់ដែរថា ការចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការសន្សំប្រាក់ទុក មិនត្រឹមតែជួយដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើងដោយយថាហេតុប៉ុណ្ណោះទេ ថែមទាំងជាទុនសម្រាប់វិនិយោគទៅលើឱកាសថ្មីៗ ឬពង្រីកមុខរបរដើម្បីបង្កើនចំណូលផងដែរ៕

សូមស្តាប់ការលើកឡើងរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា៖