ប្រតិភូធុរកិច្ចចិន ៤០រូប ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុនធំៗនៅចិន មកស្វែងយល់ឱកាសវិនិយោគក្នុងទីផ្សារមូលបត្រនៅកម្ពុជា (Video inside)
31-08-2026 14:21
(ភ្នំពេញ)៖ គណៈប្រតិភូចិន៤០រូប ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុនធំៗក្នុងវិស័យសំខាន់ៗ ដូចជា ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាឌីជីថល AI ឧស្សាហកម្មផលិតកម្មឆ្លាតវៃ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ បានមកស្វែងយល់បន្ថែមអំពីការវិវឌ្ឍនភាព និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ នៅកម្ពុជា។
នាឱកាសនេះ លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធុរកិច្ច និងវិនិយោគិនចិនចំនួន ៤០រូប ដែលមកពីប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីចូលរួមក្នុង «ជំនួបពិភាក្សា និងផ្លាស់ប្តូរយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគក្នុងទីផ្សារដើមទុនកម្ពុជា» នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅផ្សារមូលបត្រកម្ពុជា (CSX)។
វត្តមានរបស់គណៈប្រតិភូធុរកិច្ចចិននាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំនៃ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។គណៈប្រតិភូធុរកិច្ចចិន បានស្វែងយល់បន្ថែមឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ ឱកាសនៃការចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ (IPO) និងការបោះផ្សាយសញ្ញាបណ្ណ សម្រាប់ក្រុមហ៊ុនដែលមានសក្តានុពលនិងកិច្ចសហប្រតិបត្តិការក្នុងការនាំយកទុនវិនិយោគអន្តរជាតិ ចូលមកក្នុងទីផ្សារដើមទុនកម្ពុជា។
លោក បណ្ឌិត ហេង វុទ្ធី បានគូសបញ្ជាក់ថា ទីផ្សារដើមទុនកម្ពុជា គឺជាម៉ាស៊ីនជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ផ្សារមូលបត្រកម្ពុជា (CSX) បានអភិវឌ្ឍទីផ្សារភាគហ៊ុន សញ្ញាបណ្ណ និងបង្កើតឧបករណ៍ហិរញ្ញវត្ថុសម្បូរបែប ដើម្បីទាក់ទាញការបណ្តាក់ទុនទាំងក្នុង និងក្រៅប្រទេស។
ក្នុងនាម CamTIPA និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី (Cambodia Securities Plc.) ដែលជាក្រុមហ៊ុនមូលបត្រមានអាជ្ញាប័ណ្ណពេញលេញ លោកបណ្ឌិត ហេង វុទ្ធី បានប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ CSX ដើម្បីដើរតួជា «ស្ពានចម្លង» ភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិនអន្តរជាតិជាមួយទីផ្សារដើមទុនកម្ពុជា រុញច្រានសេដ្ឋកិច្ចជាតិឱ្យកាន់តែមានសន្ទុះខ្លាំងក្លា៕













