FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្ដីពន្ធដារ៖ វិក្កយបត្រក្លែងក្លាយជាក្រដាសតូចមួយសន្លឹក ប៉ុន្តែជាបទល្មើសពន្ធដ៏ធំ!

29-08-2026 15:55

(ភ្នំពេញ)៖ លោក ដួង វ៉ាន់ឌី អនុប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ បានថ្លែងឲ្យដឹងថា មតិមួយចំនួនយល់ឃើញថា វិក្កយបត្រជារឿងសាមញ្ញ ដែលគ្រាន់តែជាក្រដាសធម្មតាមួយសន្លឹក ប៉ុន្តែជាក់ស្តែងវិក្កយបត្រ គឺជាភ័ស្តុតាងដ៏សំខាន់មួយ ក្នុងការបញ្ជាក់ពីការបំពេញកាតព្វកិច្ចសារពើពន្ធបានត្រឹមត្រូវ ពិសេសនៅពេលដែលក្រដាសមួយសន្លឹកនេះ ត្រូវបានបង្កើតឡើង និងប្រើប្រាស់ដោយក្លែងបន្លំនោះអាចក្លាយជាឧបករណ៍ សម្រាប់គេចវេះពន្ធ លាក់បាំងប្រភពទ្រព្យសម្បត្តិ ឬរហូតឈានដល់ការសម្អាតប្រាក់ទៀតផង។

ការលើកឡើងរបស់លោក ដួង វ៉ាន់ឌី ធ្វើឡើងក្នុងកម្មវិធី «ពន្ធដារកម្ពុជា» ក្រោមប្រធានបទ វិក្កយបត្រក្លែងក្លាយ។

លោក ដួង វ៉ាន់ឌី បានពន្យល់ថា វិក្កយបត្រក្លែងក្លាយ គឺជាវិក្កយបត្រដែលមិនឆ្លុះបញ្ចាំង ពីប្រតិបត្តិការអាជីវកម្មពិតប្រាកដ ដែលករណីទាំងនោះរួមមាន៖
១៖ ក្លែងក្លាយទាំងស្រុង (គ្មានការផ្គត់ផ្គង់ទំនិញ គ្មានការផ្តល់សេវា គ្មានប្រតិបត្តិការអាជីវកម្មពិតប្រាកដ)។
២៖ ចេញវិក្កយបត្រលើសឬក្រោមតម្លៃពិត។
៣៖ ការជួញដូរវិក្កយបត្រ (ឧ. ក្រុមហ៊ុន A លក់វិក្កយបត្រឱ្យក្រុមហ៊ុន B ដែលការចេញ វិក្កយបត្រនេះមិនមានការផ្គត់ផ្គង់ទំនិញឬសេវាឡើយ)។

លោកបានបន្ថែមថា ជាទូទៅវិក្កយបត្រក្លែងក្លាយមិនមែន ប្រព្រឹត្តដោយមនុស្សម្នាក់នោះទេ ប៉ុន្តែជាបណ្តាញ ដែលមានការចូលរួមពី មនុស្សជាច្រើនដូចជា អ្នកចេញវិក្កយបត្រក្លែងក្លាយ អ្នកប្រើប្រាស់វិក្កយបត្រក្លែងក្លាយ អ្នកសម្របសម្រួល (ភ្នាក់ងារសេវាកម្មពន្ធដារ គណនេយ្យករ ឬអ្នកតំណាង) និងអ្នកទទួលផលពិតប្រាកដ ក្នុងគោលបំណងកាត់បន្ថយមូលដ្ឋានពន្ធ ទាមទារ ឥណទានអាករលើតម្លៃបន្ថែម (VAT Credit) ឬដើម្បីលាក់បាំងមូលនិធិខុសច្បាប់ជាដើម។

លោកបានបញ្ជាក់ថា បញ្ហានេះមិនមែនប៉ះពាល់តែអ្នក ដែលមានចេតនាក្លែងបន្លំវិក្កយបត្រប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប៉ះពាល់ដោយផ្ទាល់ ដល់អាជីវកម្មស្មោះត្រង់ ដែលបានទទួលយកវិក្កយបត្រទាំងនោះ មកប្រើប្រាស់ដោយអចេតនា។ ការណ៍នេះវាគ្មិនក្នុងកម្មវិធីពន្ធដារកម្ពុជា បានអំពាវនាវដល់គ្រប់ សហគ្រាសឈ្វេងយល់ឱ្យបានច្បាស់លាស់ពីការចេញវិក្កយបត្រ និងចូលរួមទប់ស្កាត់ការប្រើប្រាស់ វិក្កយបត្រក្លែងក្លាយ តាមរយៈផ្ទៀងផ្ទាត់ ពីព័ត៌មានរបស់អ្នកផ្គត់ផ្គង់, រក្សាទុកឯកសារគាំទ្រនានា, ប្រើប្រព័ន្ធធនាគារសម្រាប់ការទូទាត់ និង សួរសំណួរនៅពេលប្រតិបត្តិការ មានភាពមិនប្រក្រតី៕