អ្នកនាំពាក្យ៖ ការបញ្ចប់វិធានការអនុគ្រោះការរៀបចំឥណទានឡើងវិញ របស់ធនាគារជាតិនៃកម្ពុជា មិនប៉ះពាល់ដល់លទ្ធភាពស្នើសុំរៀបចំឥណទានរបស់អតិថិជន
28-08-2026 15:13
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) បានសម្រេចបិទបញ្ចប់វិធានការរៀបចំឥណទានឡើងវិញ ចំពោះការបញ្ចប់វិធានការនៃការរៀបចំឥណទានឡើងវិញនេះ ដើម្បីធានាបាននូវគុណភាពឥណទាន និងស្ថិរភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិញ្ញវត្ថុ។
លោក សុខ ចាន់ នាយកទំនាក់ទំនងផ្នែកយុទ្ធសាស្រ្ត និងជាអ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ចំពោះការបញ្ចប់វិធានការអនុគ្រោះការរៀបចំឥណទានឡើងវិញ របស់ធនាគារជាតិនៃកម្ពុជា មិនប៉ះពាល់ដល់លទ្ធភាពស្នើសុំ រៀបចំឥណទានរបស់អតិថិជននោះទេ ពោលអតិថិជនដែលមានបញ្ហាបំណុល នៅតែអាចស្នើសុំរៀបចំឥណទានឡើងវិញ ជាមួយគ្រឹះស្ថានធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ខ្លួន ដែលបានកម្ចីឥណទាន។
សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានសម្រេចមិនអនុញ្ញាតឱ្យពន្យារពេលវិធានការអនុគ្រោះ ក្នុងការរៀបចំឥណទានឡើងវិញនោះទេ។
លោក សុខ ចាន់ បានថ្លែងឲ្យដឹងថា កាលពីពេលកន្លងទៅសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់សំណើជូនធនាគារជាតិនៃកម្ពុជា សុំពន្យារពេលវេលាបន្ថែម ក្នុងការអនុវត្តការរៀបចំឥណទានឡើងវិញជូនអតិថិជន រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ បន្ទាប់ពីសារាចរណែនាំចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្តីពីការរៀបចំឥណទានឡើងវិញ ត្រូវបានផុតសុពលភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
លោកបានបន្ដថា ជាក់ស្ដែងសមាគមទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានទទួលលិខិតពីធនាគារជាតិនៃកម្ពុជាថា ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពន្យារពេលក្នុងការរៀបចំឥណទានឡើងវិញ ជូនអតិថិជនរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ចំពោះការសម្រេចចិត្តនេះមានគោលបំណងធានានូវស្ថិរភាព និងគុណភាពពិតប្រាកដនៃឥណទាននៅក្នុងប្រព័ន្ធធនាគារ ក៏ដូចជាជំរុញឱ្យគ្រឹះស្ថានទទួលស្គាល់ហានិភ័យ និងការខាតបង់ជាក់ស្តែង។
លោកបានបញ្ជាក់ថា ការរៀបចំឥណទានឡើងវិញពីមុន អនុញ្ញាតឱ្យគ្រឹះស្ថានបន្តទទួលស្គាល់ចំណូលធម្មតា ទោះបីអតិថិជនសងយឺតក៏ដោយ តែអ្វីដែលធនាគារជាតិនៃកម្ពុជា ចង់បញ្ជាក់នោះ គឺនៅពេលដែលអតិថិជនសងយឺត គ្រឹះស្ថានចាប់ធ្វើការចាត់ថ្នាក់ឥណទានតាមចំណាត់ថ្នាក់ឥណទាន។
លោក សុខ ចាន់ បានបញ្ជាក់បន្ថែមថា «ការបញ្ចប់វិធានការអនុគ្រោះការរៀបចំឥណទានឡើងវិញរបស់ NBC មិនប៉ះពាល់ដល់លទ្ធភាពស្នើសុំរៀបចំឥណទានរបស់អតិថិជន ពោលចំពោះអតិថិជនដែលជួបបញ្ហាហិរញ្ញវត្ថុ ក្នុងគ្រាបណ្តោះអាសន្ននៅតែអាចពិភាក្សា ចចារ និងស្នើសុំរៀបចំឥណទានឡើងវិញ ពីសំណាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំពោះការសម្រេចបន្ដ ឬយ៉ាងណានោះ គឺស្ថិតលើការជជែកពិភាក្សារវាងគ្រឹះស្ថាន និងអតិថិជនប៉ុណ្ណោះ»។
លោកបានបន្ដថា បន្ថែមលើនេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ត្រូវត្រៀមធ្វើចំណាត់ថ្នាក់ឥណទានឱ្យបានត្រឹមត្រូវ តាមគុណភាពជាក់ស្តែងផងដែរ។ ហេតុនេះធនាគារជាតិនៃកម្ពុជា ជំរុញការអនុវត្តការរៀបចំឥណទានឡើងវិញ ស្របតាមប្រកាសស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភែរមិន (Impairment Provision) ក្នុងគោលបំណងជំរុញតម្លាភាព និងការគ្រប់គ្រងហានិភ័យឥណទានប្រកបដោយប្រសិទ្ធភាព ព្រមទាំងរក្សាស្ថិរភាពរបស់ប្រព័ន្ធធនាគារទាំងមូល។
សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ បានសម្រេចមិនអនុញ្ញាតឱ្យពន្យារពេលវិធានការ អនុគ្រោះក្នុងការរៀបចំឥណទានឡើងវិញនោះទេ ចំពោះការបញ្ចប់វិធានការនៃ ការរៀបចំឥណទានឡើងវិញនេះ គឺដើម្បី៖
* ធានាបានថា គុណភាពឥណទានត្រូវបានឆ្លុះបញ្ចាំង តាមស្ថានភាពពិតប្រាកដ និងចៀសវាងការ លាក់បាំងហានិភ័យឥណទាន។
* ដើម្បីជំរុញឱ្យគ្រឹះស្ថានដោះស្រាយឥណទានមានបញ្ហា ដោះស្រាយឱ្យបានទាន់ពេលវេលា ជំនួសឱ្យការ ពន្យារពេលទទួលស្គាល់ការខាតបង់ តាមរយៈការរៀបចំឥណទានឡើងវិញជាបន្តបន្ទាប់។
* ដើម្បីធានាថា ការធ្វើសំវិធានធន និងដើមទុនមានភាពគ្រប់គ្រាន់ និងឆ្លុះបញ្ចាំងពីហានិភ័យជាក់ស្ដែង។
* វិធានការអនុគ្រោះមានលក្ខណៈបណ្តោះអាសន្ន ដែលត្រូវបានដាក់ចេញក្នុងកាលៈទេសៈពិសេស ប៉ុណ្ណោះ ហើយមិនគួរបន្តជាអចិន្ត្រៃយ៍នោះទេ។
* ការមិនបន្តវិធានការអនុគ្រោះ មិនមែនមានន័យថា មិនអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញនោះទេ ប៉ុន្តែការរៀបចំឥណទានឡើងវិញ ត្រូវផ្អែកលើសមត្ថភាពសងពិតប្រាកដ របស់អតិថិជន និងត្រូវចាត់ថ្នាក់ និងធ្វើសំវិធានធនតាមហានិភ័យជាក់ស្តែង៕

