ក្រសួង៣ ចេញសេចក្ដីប្រកាសព័ត៌មានរួម បញ្ជាក់ពីការធ្វើសាមញ្ញកម្មនៃការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)
28-08-2026 10:26
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីការធ្វើសាមញ្ញកម្មនៃការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)។
ធុរជនអាចស្នើសុំការ ចុះបញ្ជីអាជីវកម្ម ដោយបំពេញព័ត៌មាន និងភ្ជាប់ឯកសារតម្រូវកាន់តែតិចជាងមុន ចំពោះទ្រង់ទ្រាយសហគ្រាស ឯកបុគ្គល (Sole Proprietorship) និង ក្រុមហ៊ុនសហកម្មសិទ្ធិ (Partnership Company) តាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)។
សម្រាប់ទ្រង់ទ្រាយសហគ្រាសទាំង ២ខាងលើ, ព័ត៌មានដែលត្រូវបំពេញក្នុងពាក្យស្នើសុំត្រូវបានកាត់បន្ថយចំនួន១០ ហើយឯកសារភ្ជាប់ត្រូវបានកាត់បន្ថយចំនួន ២។
ប្រព័ន្ធចុះបញ្ជី អាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០២០ និងបាន បន្តអភិវឌ្ឍបន្ថែមមុខងារផ្សេងៗជាបន្តបន្ទាប់ សំដៅផ្តល់បទពិសោធន៍ឱ្យកាន់តែប្រសើរដល់ធុរជន ក្នុងការចុះបញ្ជី អាជីវកម្ម។
ការចុះបញ្ជីអាជីវកម្ម តាមរយៈ Single Portal នេះ គឺជាការចុះបញ្ជីជាកញ្ចប់ ដែលការស្នើសុំធ្វើឡើង តែមួយលើកអាច ឆ្លងកាត់ទាំង ៣ ក្រសួង ស្ថាប័នតែម្តង រួមមាន ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បន្ទាប់មក ធុរជនអាចស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ ឬ លិខិត អនុញ្ញាត ទៅតាមសកម្មភាពអាជីវកម្មជាក់ស្តែង។ ចំពោះសេវាកម្មផ្សេងៗពាក់ព័ន្ធការចុះបញ្ជីពាណិជ្ជកម្មដែល មាននៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម តែមិនទាន់មានក្នុងប្រព័ន្ធ Single Portal ធុរជនអាចបន្តស្នើសុំ តាមរយៈគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម businessregistration.moc.gov.kh រហូតមានការជូនដំណឹងជាថ្មី។
សូមបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់ត្រូវមានគណនី CamDigiKey ដើម្បីចូលទៅកាន់ប្រព័ន្ធទាំងពីរនេះ ពោលគឺ ការប្រើប្រាស់ Username/Password នឹងត្រូវជំនួសដោយគណនី CamDigiKey វិញ ដើម្បីអាចធានាបានអគ្គ សញ្ញាណឌីជីថលផ្លូវការ និងសុក្រឹត្យភាពទិន្នន័យ។
ក្នុងករណីលោកអ្នកពុំទាន់មានគណនីទេ លោកអ្នកអាច ចូលទៅកាន់ សៀវភៅមគ្គុទ្ទេសក៍ណែនាំពីការបង្កើតគណនី CamDigiKey៕

