FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាពាណិជ្ជកម្មកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ ត្រៀមចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចស្អាតស្អំនៅកម្ពុជា (Video inside)

27-08-2026 10:52

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ​ ដែលកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងសំខាន់ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ចប្រកបដោយភាពស្អាតស្អំ តម្លាភាព និងពង្រឹងទំនុកចិត្តវិនិយោគនៅកម្ពុជា។

​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ឱកាសអញ្ជើញជាអធិបតីក្នុង «វេទិកាធុរកិច្ច និងនវានុវត្តន៍២០២៦» កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត OCIC​ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានបញ្ជាក់ថា ការចុះ MOU ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ គឺដើម្បីជួយកែសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងរដ្ឋាភិបាល។ ​

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ ដែលបង្កើតយន្តការសហប្រតិបត្តិការផ្លូវការរវាងផ្នែកឯកជន និងស្ថាប័នអនុវត្តច្បាប់។ យន្តការនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ បង្ការ និងរារាំងអំពើពុករលួយ ព្រមទាំងលុបបំបាត់ការចំណាយក្រៅផ្លូវការ និងភាពរាំងស្ទះនានាក្នុងសកម្មភាពធុរកិច្ច ដែលជាកត្តារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

​ការឈានទៅការចុះ MOU នេះរវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីកើតមានករណី ឧកញ៉ា ជឹម សុខ ​ដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃស្នើឲ្យផ្អាកការងាររបស់ស្នងការនគរបាលខេត្តព្រៃវែង លោក ឈឿន ប៊ុនឆន និងស្នងការរងម្នាក់ គឺលោក ឡេង ពៅ ជុំវិញរឿងរ៉ាវជំរិតទារប្រាក់ជាថ្នូរនឹងការសម្រួលការងារនាំចេញសត្វគោទៅលក់នៅវៀតណាម។ ​

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីររំពឹងថានឹងអាចកសាងបាននូវប្រព័ន្ធធុរកិច្ចមួយដែលមានប្រសិទ្ធភាពខ្ពស់ ជំរុញការរីកចម្រើននៃវិស័យឯកជន និងទាក់ទាញការវិនិយោគបរទេសកាន់តែច្រើនមកកាន់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព​៕