FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ CDC គាំទ្រគម្រោងបង្កើតរោងចក្រកែច្នៃសណ្តែកសៀង និងចម្រាញ់ប្រេងពីសណ្តែកសៀង

26-08-2026 16:23

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន HYPER HOPE NUTRITION (CAMBODIA) CO., LTD. ដែលដឹកនាំដោយលោក កុង ស៊ាង អ៊ី (GONG XIANG YU) ប្រធានក្រុមហ៊ុន។

លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនដែលបានមានការជឿជាក់លើរាជរដ្ឋាភិបាល សម្រេចចិត្តបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វនៅកម្ពុជា តាំងពីឆ្នាំ២០២៣ ហើយមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានដំណើរការផលិតកម្មដោយរលូន និងទទួលជោគជ័យក្នុងសកម្មភាពធុរកិច្ចនៅកម្ពុជា។

លោក កុង ស៊ាង អ៊ី បានលើកឡើងថា ដោយមើលឃើញពីភាពល្អប្រសើរនៃបរិស្ថានវិនិយោគនៅកម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងគាំទ្រសកម្មភាពធុរកិច្ច ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគរបស់ខ្លួន តាមរយៈការបង្កើតរោងចក្រកែច្នៃសណ្តែកសៀង និងចម្រាញ់ប្រេងពីសណ្តែកសៀង។

លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ថា គម្រោងពង្រីកការវិនិយោគនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាទាំងដោយផ្ទាល់ និងដោយប្រយោល ព្រមទាំងអាចរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់ និងកែច្នៃវត្ថុធាតុដើមកសិកម្មក្នុងស្រុក។

ជាការឆ្លើយតប លោកអគ្គលេខាធិការបានសម្តែងនូវការគាំទ្រ ចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ព្រមទាំងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរក្នុងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាពិសេស សណ្តែកសៀង ឱ្យបានជាអតិបរមា ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក និងចូលរួមជំរុញការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។

លោកអគ្គលេខាធិការ ក៏បានស្នើឱ្យក្រុមហ៊ុនសិក្សាពីសក្តានុពលនៃខេត្ត ដែលមានលទ្ធភាពដាំដុះសណ្តែកសៀង ដូចជា ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តក្រចេះ ដើម្បីជំរុញការចូលរួមរបស់ប្រជាកសិករកម្ពុជា និងបង្កើតប្រភពផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក សម្រាប់រោងចក្ររបស់ក្រុមហ៊ុន។

ជាមួយគ្នានេះ លោកអគ្គលេខាធិការបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ចូលរួមជាមួយប្រជាកសិករ តាមរយៈការផ្តល់ពូជសណ្តែកសៀង ការផ្ទេរបច្ចេកទេស និងចំណេះដឹងពាក់ព័ន្ធនឹងការដាំដុះ ព្រមទាំងការរៀបចំយន្តការទិញប្រមូលផលពីកសិករក្នុងស្រុក ដើម្បីរួមគ្នាបង្កើតប្រភពផ្គត់ផ្គង់វត្ថុធាតុដើមប្រកបដោយស្ថិរភាព៕