គម្រោងវិនិយោគថ្មីៗចំនួន ៧គម្រោង ទុនវិនិយោគសរុប ៣៥០លានដុល្លារ ត្រូវបានដាក់សំណើសុំចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
24-08-2026 16:48
(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣៥០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យដូចខាងក្រោម៖
* វិស័យកសិ-ឧស្សាហកម្មចំនួន ១គម្រោង៖ គម្រោងបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែចម្រុះ កសិដ្ឋានកាហ្វេ ចិញ្ចឹម និងផលិតសំបុកដង្កូវនាង ការចិញ្ចឹមសត្វ សាងសង់រោងចក្រកែច្នៃ និងមូលដ្ឋានផលិតនានា សម្រាប់បម្រើការវេចខ្ចប់ទំនិញ។
* វិស័យឧស្សាហកម្មចំនួន ៣គម្រោង រួមមាន៖ គម្រោងបង្កើតរោងចក្រកែច្នៃទឹកដោះគោ, គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ និងគម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យ។
* វិស័យទេសចរណ៍ចំនួន ១គម្រោង៖ គម្រោងសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ១៥០បន្ទប់។
* វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ២គម្រោង រួមមាន៖ គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣៥០មេហ្គាវ៉ាត់ និងគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី។
គម្រោងវិនិយោគទាំង ៧ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ កំពង់ស្ពឺ ត្បូងឃ្មុំ និងស្ទឹងត្រែង៕
















