គោលនយោបាយលើកលែងពន្ធរបស់រដ្ឋាភិបាល ជំរុញឱ្យរោងចក្រផលិតសំបកកង់ឡានជាច្រើន មកវិនិយោគនៅកម្ពុជា បើទោះបីជាទីផ្សារកម្ពុជាតូចក៏ដោយ (Video inside)
22-08-2026 07:43
(ភ្នំពេញ)៖ លោក គីន ឧត្តមមុនីស៊ីណាត ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PIC TIRE Co., LTD ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខ នូវផលិតផលសំបកកង់ឡានទាំងក្រៅ និងផលិតផល ដែលផលិតក្នុងប្រទេស ម៉ាក SAILUN បានលើកឡើងថា គោលនយោបាយលើកលែងពន្ធដ៏អំណោយផលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាកត្តាគន្លឹះដែលបានទាក់ទាញរោងចក្រផលិតសំបកកង់ឡានជាច្រើន ឱ្យមកបោះទុនវិនិយោគនៅកម្ពុជា បើទោះបីជាទំហំទីផ្សារក្នុងស្រុកតូចក៏ដោយ។
លោក គីន ឧត្តមមុនីស៊ីណាត បានគូសបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជាមានរោងចក្រផលិតសំបកកង់ប្រមាណ ១០ កំពុងប្រតិបត្តិការ ហើយត្រឹមតែរោងចក្រសៃឡុនមួយប៉ុណ្ណោះ មានសមត្ថភាពផលិតសរុបចន្លោះពី ២០ ទៅ ២១ លានគ្រាប់ក្នុងមួយឆ្នាំ ខណៈតម្រូវការក្នុងស្រុកមានមិនដល់ ១លានគ្រាប់ផង។
លោកបានបន្តថា មូលហេតុចម្បងដែលធ្វើឱ្យក្រុមហ៊ុនបរទេស សម្រេចចិត្តវិនិយោគនៅកម្ពុជា គឺដោយសារគោលនយោបាយអនុគ្រោះពន្ធនាំចេញ ០ ភាគរយ ដែលធ្វើឱ្យកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់បើធៀបនឹងបណ្តាប្រទេសដទៃក្នុងតំបន់។ ជាក់ស្តែង គិតត្រឹមឆ្នាំ ២០២៥-២០២៦ កម្ពុជាបាននាំចេញសំបកកង់ឡានទៅកាន់ ៩៦ ប្រទេសហើយ កើនឡើងគួរឱ្យកត់សម្គាល់ពី ៣០ ប្រទេស កាលពីឆ្នាំ ២០២៣-២០២៤។ ភាពជោគជ័យនេះបានធ្វើឱ្យកម្ពុជាអាចវ៉ាដាច់ប្រទេសថៃ ក្នុងការនាំចេញសំបកកង់ឡានទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ានមួយចំនួនទៀត។
លោក គីន ឧត្តមមុនីស៊ីណាត ក៏បានសម្តែងក្តីសង្ឃឹមថា ភាពជោគជ័យនៃវិស័យផលិតកម្មសំបកកង់ឡាននេះ នឹងក្លាយជាគំរូ និងជំរុញឱ្យវិស័យឧស្សាហកម្មផ្សេងៗទៀត ជាពិសេសវិស័យយានយន្ត ដូចជាការដំឡើងរថយន្ត Toyota នៅកម្ពុជា ក៏នឹងទទួលបានការវិនិយោគកាន់តែច្រើននាពេលអនាគត។ លោកបានអំពាវនាវឱ្យរាជរដ្ឋាភិបាល វិស័យឯកជន និងវិស័យរដ្ឋ បន្តសហការគ្នាឱ្យកាន់តែរឹងមាំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
លោក គីន ឧត្តមមុនីស៊ីណាត លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ឱកាសពង្រីកសក្ដានុពលផលិតកម្មសំបកកង់នៅកម្ពុជា»៕
សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក គីន ឧត្តមមុនីស៊ីណាត៖





