អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ចាត់ទុកការជូនដំណឹងបែបផ្សាយពាណិជ្ជកម្មរបស់ហាង 361 Cambodia ជាការផ្សាយបែបទាក់ទាញបង្កឱ្យមានការភាន់ច្រឡំ ដោយពុំមានតម្លាភាព និងជំរុញឱ្យអនុវត្តតាមប្រកាសរបស់ក្រសួង
20-08-2026 17:43
(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ អ្នកប្រើប្រាស់បណ្តាញសង្គមមានការចាប់អារម្មណ៍ ចំពោះសេចក្តីជូនដំណឹងមួយ របស់ហាងលក់សម្លៀកបំពាក់ 361 Cambodia ដែលបានផ្សព្វផ្សាយបែបពាណិជ្ជកម្មប្លែកៗ លេងពាក្យសំដីអំពីការបញ្ចុះតម្លៃ ៨០% លើទំនិញរបស់ខ្លួន។
សេចក្តីជូនដំណឹងរបស់ 361 Cambodia សរសេរថា «ក្រុមការងារ 361 Cambodia យើងខ្ញុំសរសេរលិខិតនេះឡើងដោយរន្ធត់ និងមានការសោកស្តាយជាទីបំផុត ដែលបានដាក់ Promotion បញ្ចុះតម្លៃគ្រប់មុខទំនិញទូទាំងហាងរហូតដល់ 80% ដែលជាហេតុធ្វើ អោយពុកម៉ែបងប្អូនទាំងអស់ត្រូវមកអស់លុយទៀតហើយ»។
ចំពោះការផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ចាត់ទុកការផ្សាយពាណិជ្ជកម្ម បែបទាក់ទាញបង្កឱ្យមានការភាន់ច្រឡំ ដោយពុំមានតម្លាភាព ហើយថាអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) នឹងបន្តតាមដានករណីនេះ។
លោកប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា «មន្ត្រី ក.ប.ប នឹងធ្វើការតាមបន្តទៀត ចំពោះបែបបទនៃការផ្សាយពាណិជ្ជកម្មរបស់ 361 Cambodia ដោយសារការផ្សាយពាណិជ្ជកម្មនេះ មានលក្ខណៈប្លែក ដែលអាចធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ ដែលអាចនឹងមានចេនាអ្វីមួយ។ ប្រសិនបើកមានការស៊ើបអង្កេតរកឃើញថា ការបញ្ចុះថ្លៃ ៨០% ប៉ុន្តែនៅពេលចុះថ្លៃ មិនមែនចុះថ្លៃ ៨០%ទេ ចុះថ្លៃ ៨០% តែមួយមុខទំនិញ ឬ២មុខទំនិញ ប៉ុន្តែឥវ៉ាន់ដទៃទៀត នៅតែមានតម្លៃដដែល ឬក៏ចុះថ្លៃដែរតែមិនដល់ ៨០% ដូច្នេះជាការឃោសនាមួយ មានលក្ខណៈទាក់ទាញបង្កនូវការភាន់ច្រឡំ ដោយពុំមានតម្លាភាព»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យក្រុមហ៊ុន អ្នកប្រកបរបររកស៊ី ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ស្របតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការអនុវត្តមិនសុចរិតក្នុងធុរកិច្ច ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការជំរុញការលក់៕







