ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា ពន្លឿនយុទ្ធសាស្ត្រស្នូល ដើម្បីជំរុញការតភ្ជាប់ផ្លូវអាកាស ពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា
19-08-2026 16:21
(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា (Air Cambodia – K6) កំពុងពន្លឿនការអនុវត្តយុទ្ធសាស្ត្រស្នូលពីរ គឺការធ្វើទំនើបកម្ម និងពិពិធកម្មកងយន្តហោះ និង ការពង្រីកបណ្តាញហោះហើរ ដើម្បីជំរុញការតភ្ជាប់ផ្លូវអាកាស ពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា។
ការវិវត្តជាយុទ្ធសាស្ត្រនេះ មិនត្រឹមតែរួមចំណែកពង្រឹងសមត្ថភាពប្រកួតប្រជែង និងគាំទ្រកំណើនរយៈពេលវែងរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់ការសម្រេចអាទិភាព អភិវឌ្ឍន៍របស់កម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ការលើកកម្ពស់វិស័យ ទេសចរណ៍។
បើតាមលោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, គ្រឹះដ៏សំខាន់នៃចក្ខុវិស័យនេះ គឺកិច្ចព្រមព្រៀងទិញយន្តហោះ ខ្នាតមធ្យម និងប្រភេទយន្តហោះ សម្រាប់ប្រតិបត្តិការហោះហើរក្នុងតំបន់ ដ៏មានសារៈសំខាន់ ដែលបង្ហាញ ពីជំហរដ៏មានប្រៀបរបស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការបង្កើនការតភ្ជាប់៖
* កំណើនជើងហោះហើរចម្ងាយឆ្ងាយ និងខ្សែហោះហើរមេ តាមរយៈកិច្ចព្រមព្រៀងទិញយន្តហោះ Boeing ដ៏រឹងមាំដែលបានចុះហត្ថលេខា នៅឯពិព័រណ៍អាកាសចរណ៍សិង្ហបុរី ដើម្បីនាំមកនូវយន្តហោះទំនើបចុងក្រោយបង្អស់ ចាប់ពីឆ្នាំ២០៣១តទៅ។
* ការធ្វើសមាហរណកម្មជើងហោះហើរក្នុងតំបន់ តាមជើងហោះហើរក្នុងតំបន់ ត្រូវបានពង្រឹងតាមរយៈកិច្ចព្រមព្រៀងទិញដុំ (Bulk Purchase) ជាប្រវត្តិសាស្ត្ររបស់ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា ជាមួយក្រុមហ៊ុន COMAC សម្រាប់យន្តហោះក្នុងតំបន់ C909 រហូតដល់២០គ្រឿង។
ជាមួយនឹងការដឹកជញ្ជូន ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលទីពីរនៃឆ្នាំ២០២៦ យន្តហោះក្នុងតំបន់ទាំងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវជើងហោះហើរក្នុងស្រុក និងជើង ហោះហើរចម្ងាយខ្លីទូទាំងអាស៊ីអាគ្នេយ៍ ដោយបញ្ជូនអ្នកដំណើរយ៉ាងរលូន ទៅកាន់បណ្តាញហោះហើរមេអន្តរជាតិ ដែលកំពុងរីកចម្រើន។
តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា កំពុងជំរុញការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីសម្រាប់កិច្ចសម្របសម្រួលការតភ្ជាប់ និងផ្ទេរជើងហោះហើរ ឱ្យកាន់តែរលូន ងាយស្រួល ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព៖
* ការអនុវត្តដោយជោគជ័យ នូវពេលវេលាកំណត់នៃការឆែកអ៊ីនរយៈពេល១៥នាទី បានសម្រួលសម្រាប់ជើងហោះហើរក្នុងស្រុក ដែលតភ្ជាប់សៀមរាបទៅភ្នំពេញ និងព្រះសីហនុ ដោយផ្តល់ឱ្យអ្នកដំណើរនូវភាពបត់បែន នៃកាលវិភាគហោះហើរអតិបរមា ដោយរក្សាបាននូវភាពទៀងទាត់ នៃពេលវេលាហោះហើរយ៉ាងហ្មត់ចត់។
* ការជំរុញក្របខណ្ឌ ឆ្លងកាត់ដើម្បីកំណត់គោលដៅ ពេលវេលាតភ្ជាប់ជើងហោះហើរអប្បបរមា ប្រកប ដោយការប្រកួតប្រជែងខ្ពស់ ចាប់ពី៥០ ដល់៦០នាទី។
តាមរយៈការសម្របសម្រួល និងបំពេញគ្នាទៅវិញទៅមករវាង អន្តោប្រវេសន៍ ការពិនិត្យសន្តិសុខ ការគ្រប់គ្រងបដិសណ្ឋារកិច្ច សេវាកម្មអីវ៉ាន់អ្នកដំណើរ និងនីតិវិធីឆាប់រហ័ស ភាពរាំងស្ទះនៃការឆ្លងកាត់ ត្រូវបានកាត់បន្ថយមកត្រឹម កម្រិតអប្បបរមាសម្រាប់ការតភ្ជាប់គ្រប់ប្រភេទ។
ការធ្វើសមាហរណកម្មប្រភេទយន្តហោះ និងការលើកកម្ពស់សេវាកម្មប្រតិបត្តិការលើដីទាំងនេះ មិនត្រឹមតែជួយកាត់បន្ថយពេលវេលាធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋាន ក្នុងការកំណត់ឡើងវិញនូវដំណើររបស់អ្នកដំណើរផងដែរ៕


