FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិស័យឧស្សាហកម្មកម្ពុជា រក្សាកំណើនខ្លាំងជាងការរំពឹងទុកក្នុងឆមាសទី១ ឆ្នាំ២០២៦ ខណៈការបញ្ជាទិញក្នុងឆមាសទី២ បន្តមាននិន្នាការរឹងមាំ

19-08-2026 12:12

(ភ្នំពេញ)៖ វិស័យឧស្សាហកម្មកម្ពុជា ត្រូវបានវាយតម្លៃឡើងវិញថា មានកំណើនខ្លាំងជាងការរំពឹងទុក ដោយសម្រេចបាន ៦.៩% ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ​ ដោយគាំទ្រជាចម្បងដោយអនុវិស័យបម្រើការនាំចេញ ជាពិសេសអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ដែលបានបង្ហាញពីសន្ទុះវិជ្ជមានគួរឲ្យកត់សម្គាល់។ នេះ​​បើយោងតាម​របាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។

តែយ៉ាងនេះក្តីរបាយការណ៍បានបង្ហាញថា អនុវិស័យកាត់ដេរបានថមថយបន្តិច ដោយសម្រេចបានត្រឹម ៧.៦%។ តាមក្រសួងសេដ្ឋកិច្ច ការនាំចេញផលិតផលកាត់ដេរនៅតែបន្តមានកំណើន ៦.៣% ក្នុងឆមាសទី១ ឆ្នាំ២០២៦ ខណៈការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យនេះក៏កើនឡើង ៧.៥% ដែលបង្ហាញពីសកម្មភាពផលិតកម្មបន្តទៅមុខ។ ការធ្លាក់ចុះនេះបណ្តាលមកពីតម្រូវការទីផ្សារអឺរ៉ុបនៅតែទន់ខ្សោយ។ ដោយឡែកការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកនៅតែរក្សាកំណើនរឹងមាំ។ ប៉ុន្តែការផ្លាស់ប្តូរគោលនយោបាយពន្ធគយរបស់អាម៉េរិក បានធ្វើឲ្យការបញ្ជាទិញមួយចំនួនបង្វែរទិសដៅទៅប្រទេសចិនវិញ។

ដោយឡែក អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានវាយតម្លៃឡើងវិញថា សម្រេចបានកំណើនខ្ពស់ដល់ ១០.៣%។ កំណើននេះត្រូវបានជំរុញដោយនិន្នាការល្អនៃឧស្សាហកម្មបម្រើការនាំចេញ គួបផ្សំនឹងចលនការរឹងមាំនៃឧស្សាហកម្មបម្រើទីផ្សារក្នុងស្រុក ជាពិសេសឧស្សាហកម្មផ្គុំ និងដំឡើងរថយន្ត។ ជាក់ស្តែង ការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរបានកើនឡើង ៣៧.៩% ក្នុងនោះគ្រឿងបង្គុំអេឡិចត្រូនិកកើន ៦៩.៨% គ្រឿងបន្លាស់យានយន្ត ៣៣.១% កង់ ១២.៧% គ្រឿងសង្ហារិម ៣៥.៧% និងសំបកកង់រថយន្ត ៥៥.១%។​

ផ្អែកលើការពិគ្រោះយោបល់ជាមួយក្រុមហ៊ុនឯកជនធំៗ ការបញ្ជាទិញក្នុងឆមាសទី២ ឆ្នាំ២០២៦ នៅតែបន្តមាននិន្នាការរឹងមាំ ហើយក្រុមហ៊ុនក៏បាននិងកំពុងបង្កើនសកម្មភាពផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើង។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ ការនាំចេញសំលៀកបំពាក់មានតម្លៃជាង ៦.៩ពាន់លានដុល្លារ កើនឡើងប្រមាណ៧.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានតម្លៃជាង៦.៤ពាន់លានដុល្លារ៕