FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-ចិន ដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code ងាយស្រួលដល់ទេសចរចិន និងពាណិជ្ជករកម្ពុជាក្នុងការទូទាត់

18-08-2026 13:40

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Ben Yang នាយកគ្រប់គ្រង Weixin Pay ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាមេរិកខាងជើង និងអាមេរិកឡាទីន បានដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដំណាក់កាលទី១ ដោយភ្ញៀវទេសចរបរទេសដែលប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay ជាពិសេសភ្ញៀវទេសចរដែលធ្វើដំណើរមកពីប្រទេសចិន អាចប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay ស្កេន KHQRCode នៅកម្ពុជា។

ការដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី១នេះ រៀបចំឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី, លោក Ben Yang ព្រមទាំងតំណាងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ក្រសួងទេសចរណ៍ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ក្រុមហ៊ុនបណ្តាញ ប័ណ្ណទូទាត់អន្តរជាតិ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សមាគមសណ្ឋាគារកម្ពុជា សមាគម ភោជនីយដ្ឋានកម្ពុជា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សរុបប្រមាណ ១៨៥ រូប។

ការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាម QR Code នេះ នឹងសម្រួលការទូទាត់រវាងប្រទេសទាំងពីរ ដោយផ្តល់លទ្ធភាពឱ្យ អ្នកប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay (ឬ WeChat Pay) អាចស្កេនទូទាត់តាម KHQR Code ក្នុងប្រទេសកម្ពុជា តាមរយៈបណ្តាញប្រតិបត្តិការទូទាត់របស់ Weixin Pay ដោយនេះជាការផ្ដល់នូវភាពងាយស្រួលមួយជូនដល់ភ្ញៀវទេសចរចិន ក៏នឹងទទួលបានភាពងាយស្រួល ក្នុងការទូទាត់ថ្លៃអាហារ ទំនិញ ការធ្វើដំណើរ និងកន្លែងកម្សាន្តផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។

ចំពោះការការអភិវឌ្ឍគម្រោងទូទាត់ សងប្រាក់តាមរយៈQR Code ឆ្លងដែននេះឆ្លុះបញ្ចាំងពីជំហានឆ្ពោះទៅមុខដ៏សំខាន់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើប្រព័ន្ធទូទាត់សងប្រាក់ ដែលមានស្រាប់រវាងកម្ពុជា និងចិន។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល បានថ្លែងឲ្យដឹងថា «សារៈប្រយោជន៍ជាយុទ្ធសាស្ត្រចំនួន២ដែលទទួលបានពី ការដាក់ឱ្យដំណើរការ ការទូទាត់ឆ្លងដែននេះរួមមាន៖ ១, សម្រាប់ភ្ញៀវទេសចរបរទេសដែលប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay ជាពិសេស ភ្ញៀវទេសចរដែលធ្វើដំណើរមកពីប្រទេសចិន អាចទទួលបានបទពិសោធន៍នៃការទូទាត់ដែលរហ័សសុវត្ថិភាព និងងាយស្រួល ដោយពុំចាំបាច់ប្តូររូបិយប័ណ្ណ កាន់សាច់ប្រាក់ផ្ទាល់ និងមិនតម្រូវឱ្យមាន ប័ណ្ណទូទាត់។ ទី២, សម្រាប់សហគ្រាសក្នុងស្រុករបស់កម្ពុជា រាប់ចាប់ពីម្ចាស់អាជីវកម្ម ឬសហគ្រាសធំៗ រហូតដល់សហគ្រាសធុនមីក្រូ តូចនិងមធ្យម ព្រមទាំងពាណិជ្ជករ អាចទទួលការទូទាត់ពីអតិថិជនជាជនបរទេសបានកាន់តែច្រើន តាមរយៈ KHQRCode ដែលមានស្រាប់ ដោយពុំប្រឈមនឹង ការកាត់កម្រៃប្រតិបត្តិការបន្ថែមនោះឡើយ»

លោក Ben Yang នាយកគ្រប់គ្រង Weixin Pay បានថ្លែងឲ្យដឹងថា «ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែននេះ បង្ហាញពីសមិទ្ធផលដ៏អស្ចារ្យ នៃការធ្វើអន្តរប្រតិបត្តិការការទូទាត់រាយឆ្លងដែនរវាងប្រទេសទាំងពីរ។ ការប្រើប្រាស់ KH QR Code តែមួយសម្រាប់ការទូទាត់ទាំងអស់ ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រីកលទ្ធភាពនៃ ការទូទាត់ឱ្យកាន់តែមានសុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាព ជាពិសេស ផ្តល់លទ្ធភាពឱ្យភ្ញៀវទេសចរចិន អាចធ្វើប្រតិបត្តិការទូទាត់បានយ៉ាងងាយស្រួល ក្នុងបរិបទនៃសេដ្ឋកិច្ច ឌីជីថលកម្ពុជា»

លោកបានបន្ដថា ការអភិវឌ្ឍការទូទាត់ឆ្លងដែននេះ មិនត្រឹមតែជាការអភិវឌ្ឍមុខងារ ដែលសម្រួលក្នុងការទូទាត់ របស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែជាការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែន ដោយផ្តោតសំខាន់លើការលើកកម្ពស់ ការប្រើប្រាស់រូបិយវត្ថុ ក្នុងស្រុកសម្រាប់ទូទាត់ សង្គតិភាពនៃបទប្បញ្ញត្តិ និងការធ្វើឌីជីថលភាវូបនីយកម្មជាមួយពាណិជ្ជករផងដែរ។ ដូច្នេះសូមថ្លែងអំណរគុណ ដល់ធនាគារជាតិនៃកម្ពុជា សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្រោមការដឹកនាំរបស់លោកស្រីបណ្ឌិតទេសាភិបាល និងប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសផ្សារភ្ជាប់ ជាមួយទស្សនវិស័យរបស់អាស៊ាន ក្នុងការជំរុញការទូទាត់រាយ ឱ្យកាន់តែប្រសើរឡើង៕