ឧកញ៉ាអចលនទ្រព្យ នួន រិទ្ធី ឈានជើងចូលវិនិយោគក្នុងវិស័យកសិកម្ម ដោយបង្កើតកសិដ្ឋានចិញ្ចឹមត្រីជាង ៥៣ហិកតា នៅកំពង់ចាម
17-08-2026 14:20
(កំពង់ចាម)៖ លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកជំនួញដ៏លេចធ្លោក្នុងវិស័យអចលនទ្រព្យ បានបង្វែរទិសដៅវិនិយោគរបស់ខ្លួនទៅកាន់វិស័យកសិកម្ម ដោយផ្តួចផ្តើមគម្រោងកសិដ្ឋានចិញ្ចឹមត្រីដ៏ធំមួយឈ្មោះ «រិទ្ធីមានជ័យ» លើផ្ទៃដីជាង ៥៣ ហិកតា ស្ថិតនៅភូមិតាង៉កថ្មី ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បើតាមការបញ្ជាក់របស់លោកឧកញ៉ា នួន រិទ្ធី គោលបំណងចម្បងនៃការបង្កើតកសិដ្ឋាននេះ គឺដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងតំបន់ កាត់បន្ថយភាពក្រីក្រ និងជាពិសេសគឺចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកសិ-ឧស្សាហកម្ម កាត់បន្ថយការនាំចូលផលិតផលវារីវប្បកម្ម និងពង្រឹងសន្តិសុខស្បៀងក្នុងស្រុក។
គម្រោងនេះត្រូវបាន លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ពិនិត្យ និងពិភាក្សា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនេះ លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យ និងសិក្សាឱ្យបានល្អិតល្អន់លើចំណុចខ្វះខាតផ្សេងៗបន្ថែមទៀត ទាំងលើទិដ្ឋភាពបច្ចេកទេស ច្បាប់ និងផលប៉ះពាល់ ដើម្បីជួយគាំទ្រ កែសម្រួល និងសម្រួលដល់ដំណើរការពិនិត្យសំណើវិនិយោគមួយនេះ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព និងស្របតាមនីតិវិធីជាធរមាន មុននឹងឈានទៅវាយតម្លៃសម្រេចចុងក្រោយ៕




