កម្ពុជាត្រៀមចុះកិច្ចព្រមព្រៀង DTA ជាមួយមីយ៉ាន់ម៉ា និងបារាំង និងបន្តចរចាកិច្ចព្រមព្រៀងនេះជាមួយប្រទេស៥ទៀត
17-08-2026 12:20
(ភ្នំពេញ)៖ កម្ពុជាត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយប្រទេសមីយ៉ាន់ម៉ា និងបារាំងបានក្នុងពេលឆាប់ៗនេះ ក្រោយពីបានបញ្ចប់ការចរចា រួចរាល់ក្នុងពេលថ្មីៗនេះ។
ស្របជាមួយគ្នានេះ កម្ពុជាក៏កំពុងបន្តការចរចាកិច្ចព្រមព្រៀង DTA ជាមួយប្រទេសជប៉ុន អេមីរ៉ាតអារ៉ាប់រួម ម៉ារុក កាតា និងអាស៊ែបៃហ្សង់ ដើម្បីពង្រីកបណ្តាញកិច្ចព្រមព្រៀងនេះបន្ថែមទៀតផងដែរ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាមានកិច្ចព្រមព្រៀង DTA ចំនួន ១១ ដែលបានចូលជាធរមាន និងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាព រួមមានជាមួយប្រទេសសិង្ហបុរី ចិន ថៃ ប៊្រុយណេ វៀតណាម ឥណ្ឌូនេស៊ី តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាឡេស៊ី កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី។ កិច្ចព្រមព្រៀងទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ និងសម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ។
លោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀង DTA គឺជាការបែងចែកសិទ្ធិ ក្នុងការយកពន្ធរវាងគូភាគីនៃប្រទេស ជាហត្ថលេខី ហើយការរៀបចំចរចាកិច្ចព្រមព្រៀង DTA ជាមួយបណ្តាប្រទេសជាដៃគូវិនិយោគសំខាន់ៗ ត្រូវបានធ្វើឡើងដើម្បី ទាក់ទាញនិងសម្រួលការវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់និងបង្ក្រាបការគេចវេះពន្ធ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ កិច្ចព្រមព្រៀង DTA បានដើរតួយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តដល់វិនិយោគិន តាមរយៈការ លុបបំបាត់ការយកពន្ធត្រួតគ្នា និងការផ្តល់ភាពច្បាស់លាស់ផងដែរ។ បន្ថែមពីលើនេះ តាមរយៈយន្តការផ្លាស់ប្តូរព័ត៌មានសម្រាប់ គោលបំណងពន្ធ ភាគីនៃកិច្ចព្រមព្រៀង មានកាតព្វកិច្ចសហការស្វែងរក ប្រមូល និងផ្លាស់ប្តូរព័ត៌មានអ្នកជាប់ពន្ធទៅវិញទៅមក ដើម្បីពង្រឹងតម្លាភាព ទប់ស្កាត់ការកិបកេងបន្លំពន្ធ លើកកម្ពស់អនុលោមភាព និងគាំទ្រដល់ការបង្កើនចំណូលពន្ធ តាមរយៈ ការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់សវនករពន្ធដារ។
ការលើកឡើងរបស់ លោកបណ្ឌិត សេង ជាសិទ្ធ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី «បច្ចុប្បន្នភាពថ្មីៗនៃពន្ធអន្តរជាតិ» ដែលបានរៀបឡើងដោយ អគ្គនាយកដ្ឋានពន្ធដារ នាទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខា រាជធានីភ្នំពេញ។
គោលបំណងសំខាន់នៃសិក្ខាសាលាគឺដើម្បីបញ្ជ្រាប និងចែករំលែកចំណេះដឹង ក៏ដូចជាផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀត ទាក់ទិននឹងការវិវត្តជាសកលថ្មីៗនៃពន្ធអន្តរជាតិ។ ខ្លឹមសារសំខាន់ៗដែលបានលើកយកមកពិភាក្សារួមមាន នីតិវិធីនៃការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ការស្នើសុំឥណទានពន្ធក្រោមក្របខ័ណ្ឌ DTA ការផ្លាស់ប្តូរព័ត៌មានសម្រាប់គោលបំណងពន្ធ និងទស្សនទាននៃពន្ធអប្បបរមាសកល (Pillar II: Global Minimum Tax) ដើម្បីធានាបាននូវការអនុវត្តកាតព្វកិច្ចសារពើពន្ធប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងពង្រឹងអនុលោមភាពសារពើពន្ធ ស្របតាមច្បាប់ជាធរមាន៕



