FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយក SME Bank ថា ការផ្តល់កម្ចីត្រូវតែគិតគូរទៅលើលក្ខខណ្ឌ២ គឺប្រើប្រាស់កម្ចីចំគោលដៅ និងលទ្ធភាពនៃការសងត្រឡប់វិញ ខណៈអ្នករកស៊ីចង់ឱ្យសម្រួលបន្ថែម (Video inside)

16-08-2026 11:07

(ភ្នំពេញ)៖ ម្ចាស់សហគ្រាស ធុនតូច និងមធ្យមមួយចំនួន បានលើកឡើងថា ពួកគេនៅតែមានភាពលំបាកក្នុងការទទួលបានហិរញ្ញប្បទា​ន​ យកមកពង្រឹងអាជីវកម្ម ជាពិសេសពីធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ដែលធនាគាររបស់រដ្ឋ ដោយនីតិវិធីស្មុគស្មាញហាក់មានភាពស្មុគ្រស្មាញច្រើន។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group ​បានលើកឡើងថា បើទោះបីជាធនាគារ SME ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់ SME ក៏ដោយ ប៉ុន្តែ​ការទទួលបានកម្ចីពីធនាគារនេះហាក់មានការលំបាក និងស្មុគ្រស្មាញច្រើន ដូច្នេះហើយទើបម្ចាស់សហគ្រាសសុខចិត្តទៅរកកម្ចីពីធនាគារពាណិជ្ជវិញ។ លោកបានគូសបញ្ជាក់ថា បើទោះបីជាធនាគារពាណិជ្ជមានអត្រាការប្រាក់ខ្ពស់ក៏ដោយ ក៏ម្ចាស់ SME នៅតែសុខចិត្តទៅខ្ចីពីធនាគារទាំងនោះ។ ​

​ជាមួយគ្នានេះ លើកបានកត់សម្គាស់ផងដែរពីអត្រាការប្រាក់របស់ធនាគារ SME ​ដែលមានកម្រិតមិនទាបជាងធនាគារពាណិជ្ជប៉ុន្មាននោះដែរ ដែលធ្វើឱ្យម្ចាស់ SME ពិបាករកប្រាក់ចំណេញគ្រប់គ្រាន់ដើម្បីទូទាត់ការប្រាក់កម្ចី។ ​

លោកបានស្នើសុំឱ្យធនាគារ SME ពិនិត្យលទ្ធភាពស្នើសុំទៅស្ថាប័នពាក់ព័ន្ធដើម្បីទម្លាក់អត្រាការប្រាក់ឱ្យនៅកម្រិតមួយដែលអាចជួយដល់ SME ពិតប្រាកដ​ និងពិចារណាឡើងវិញអំពីលក្ខខណ្ឌនៃការផ្ដល់កម្ចី ដើម្បីសម្រួលដល់ការទទួលបានកម្ចីសម្រាប់ SME ឱ្យកាន់តែងាយស្រួល។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន លើកឡើងបែបនេះ នៅ​ក្នុងកិច្ចប្រជុំផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ក្រុម «គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ​ដែលបានរៀបចំឡើងដោយក្រសួងឧស្សាហកម្មវិទ្យាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាពេលថ្មីៗនេះ។

ក្នុងកិច្ចប្រជុំនេះ វិស័យឯកជន​បានលើកឡើងពីបញ្ហាមួយផងដែរ ដែលពួកគេបានជួបប្រទះ ក្នុងការពិបាកទទួលបានឥណទាន ពី SME Bank គឺនៅពេលដែលម្ចាស់អាជីវកម្មបានផ្តល់ឯកសារតម្រូវនានា​ ដើម្បីដំណើរការសិក្សាពីទំហំកម្ចី អត្រាការប្រាក់ និងលក្ខខណ្ឌផ្សេងៗរួចរាល់ ​​និងទទួលបានអនុម័តកម្ចីហើយនោះ ដោយរង់ចាំតែថ្ងៃទទួលប្រាក់ប៉ុណ្ណោះ។ ប៉ុន្តែនៅទីបំផុត បែរជាត្រូវបដិសេធមិនផ្តល់ជូនកម្ចីនេះទៅវិញ។ ស្ថានភាពបែបនេះបានបង្ខំឱ្យម្ចាស់អាជីវកម្ម SMEs មួយចំនួនត្រូវស្វែងរកកម្ចីពីធនាគារឯកជនដែលមានអត្រាការប្រាក់ខ្ពស់មកជំនួសវិញ ព្រមទាំងត្រូវចំណាយបន្ថែមក្នុងការដោះបន្ទុកប្លង់រឹងរបស់សហគ្រាស ដែលជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មរបស់ពួកគេ។

​ករណីនេះ ពួកគេបានស្នើឱ្យមន្ត្រីដែលអនុវត្តលើដំណើរការនៃការស្នើសុំកម្ចីនេះ ធ្វើការពិនិត្យឱ្យបានច្បាស់លាស់លើឯកសារពាក់ព័ន្ធ មុននឹងចេញលិខិតផ្តល់កម្ចីទៅកាន់ម្ចាស់អាជីវកម្ម ដើម្បីជៀសវាងការបដិសេធនៅពេលចុងក្រោយ ដែលបង្កផលប៉ះពាល់ដល់ផែនការអាជីវកម្មរបស់ SMEs។ ​

ឆ្លើយនឹងបញ្ហានេះ លោក ជា សុភ័ក្ដ អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានគូសបញ្ជាក់ថា SME Bank តែងតែយកចិត្តទុកដាក់ខ្ពស់ ទៅលើ SME ​ប៉ុន្តែការផ្តល់កម្ចី ត្រូវតែគិតគូរទៅលើលក្ខខណ្ឌ២គឺ ​ការប្រើប្រាស់ឥណទានត្រូវតែចំគោលដៅ ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ​និងលក្ខខណ្ឌទីពីរ គឺទាក់ទងនឹងលទ្ធភាពសងត្រឡប់របស់សហគ្រាស។ ធនាគារតម្រូវឱ្យមានការផ្ទៀងផ្ទាត់ច្បាស់លាស់អំពីសមត្ថភាពរបស់សហគ្រាសក្នុងការសងប្រាក់កម្ចីមកវិញ ដោយសារថវិកាទាំងនេះគឺជាលុយរដ្ឋ និងជាលុយរបស់អ្នកបង់ពន្ធ ដែលតម្រូវឱ្យមានការចាត់ចែងយ៉ាងតឹងរ៉ឹង។

លោក ជា សុភ័ក្ដ បានបន្ថែមថា ធនាគារបាននិងកំពុងពិនិត្យមើល និងព្យាយាមបង្រួមនីតិវិធី លក្ខខណ្ឌ និងតម្រូវការផ្សេងៗ ដើម្បីសម្រួលដល់ការស្នើសុំឥណទាន។ ​តែយ៉ាងណា ការផ្តល់ឥណទាន គឺផ្តោតតែទៅលើ វិស័យអទិភាពស្របតាមគោលនយោបាយរដ្ឋតែប៉ុណ្ណោះ។ បន្ថែមពីនេះលោកទទួលស្គាល់ថា បើធៀបនឹងប្រទេសជិតខាង អត្រាការប្រាក់របស់ SME Bank អាចនឹងខ្ពស់ជាង ប៉ុន្តែបើធៀបនឹងទីផ្សារឥណទាននៅកម្ពុជា អត្រាការប្រាក់នេះ គឺទាបជាងគេ។

​យោងតាមរបាយការណ៍របស់ SME Bank ក្នុងឆ្នាំ២០២៥ ធនាគារ SME បានបញ្ចេញឥណទានដោយផ្ទាល់ចំនួន ៥៨.៤លានដុល្លារអាម៉េរិក ដល់ ១៨៣ សហគ្រាស។ ក្នុងចំណោមនេះ ៧១.៨% នៃឥណទានត្រូវបានផ្តល់ទៅឱ្យវិស័យអាទិភាព ដែលជាងពាក់កណ្ដាលស្ថិតក្នុងវិស័យកែច្នៃ និងកម្មន្តសាល។

គិតត្រឹមឆ្នាំ ២០២៥ នេះ ធនាគារបានសម្រេចសមតុល្យហិរញ្ញប្បទានសរុបប្រមាណ ២៣០ លានដុល្លារអាម៉េរិក ដែលក្នុងនោះ គម្រោងហិរញ្ញប្បទានដោយផ្ទាល់មានប្រមាណ ១៦៥ លានដុល្លារអាម៉េរិក ខណៈគម្រោងសហហិរញ្ញប្បទានមាន ៦៥ លានដុល្លារអាម៉េរិក។

ជុំវិញបញ្ហានេះដែរ លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា (NBC) បានយកចិត្តទុកដាក់ខ្ពស់​ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា ដោយសារ SME ត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

លោកបន្ថែមថា ដើម្បីធានាថា SME អាចទទួលបានហិរញ្ញវត្ថុសម្រាប់ការពង្រីកអាជីវកម្ម NBC បានរៀបចំនូវបទប្បញ្ញត្តិច្បាប់ជាច្រើនសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្ត។ ក្នុងចំណោមនោះ មានដូចជាច្បាប់ស្តីពីភតិសន្យាហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុជួលឧបករណ៍ ឬគ្រឿងចក្រដល់ SME។ ជាមួយគ្នានេះ ការបង្កើតប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ក៏បានជួយសម្រួលដល់ SME ក្នុងការទទួលបានឥណទានផងដែរ។ ថ្មីៗនេះ ប្រព័ន្ធទូទាត់ KHQR ក៏បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ SME ក្នុងការផ្ទេរប្រាក់ ទិញ លក់ និងទទួលប្រាក់ ដោយមិនចាំបាច់ទៅធនាគារផ្ទាល់ ដែលជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។

បន្ថែមពីនេះ NBC ក៏បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំវគ្គបណ្តុះបណ្តាលពាក់ព័ន្ធហិរញ្ញវត្ថុ SME និងវេទិកាសហគ្រិនភាព ដើម្បីលើកកម្ពស់ចំណេះដឹង និងលទ្ធភាពទទួលបានហិរញ្ញប្បទាន។ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ SME ក្នុងការទទួលបានហិរញ្ញទាន ដោយសារកង្វះវត្ថុបញ្ចាំ NBC ក៏បានជំរុញយន្តការ Value Chain Financing ដែលជាឧបករណ៍មួយអាចជួយ SME ទទួលបានហិរញ្ញទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយប្រើប្រាស់ទំនិញក្នុងឃ្លាំងជាវត្ថុបញ្ចាំ៕