FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការ FASMI​C៖ ដើម្បីឱ្យផលិតផលថ្មីមួយ អាចចូលទីផ្សារបានលឿន គួរតែបង្កើតគណៈកម្មការឯករាជ្យទទួលបន្ទុកលើការចុះបញ្ជីចាំជួយ​ SMEs (Video inside)

14-08-2026 12:12

(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានលើកឡើងពីសារៈសំខាន់នៃការបង្កើតគណៈកម្មការឯករាជ្យមួយ ដែលដើរតួជាច្រកចេញចូលតែមួយ ដើម្បីសម្របសម្រួលការចុះបញ្ជីផលិតផលថ្មីៗ សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ឲ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។

លោកអគ្គលេខាធិការបានពន្យល់ថា បើទោះបីជាការចុះបញ្ជីផលិតផលខ្លះ តម្រូវឱ្យឆ្លងកាត់ច្រើនក្រសួងក៏ដោយ ប៉ុន្តែតាមរយៈ គណៈកម្មការ​នេះនឹងជួយសម្រួលការងារជាមួយក្រសួងពាក់ព័ន្ធនានា ដូចជាក្រសួងសុខាភិបាលសម្រាប់ឱសថ និងគ្រឿងសំអាង ក្រសួងកសិកម្មសម្រាប់ផលិតផលកសិកម្ម និងក្រសួងពាណិជ្ជកម្ម។​ ការអនុម័តស្តង់ដារផលិតផលនីមួយៗ គឺអាស្រ័យលើដែនសមត្ថកិច្ចរបស់ក្រសួងជំនាញរៀងៗខ្លួន ដូចជាក្រសួងសុខាភិបាល សម្រាប់ផលិតផលឱសថ និងក្រសួងកសិកម្មសម្រាប់ផលិតផលកសិកម្ម។ ដូច្នេះ គណៈកម្មការឯករាជ្យនឹងដើរតួជាស្ពានភ្ជាប់ដ៏សំខាន់។

លោកបន្តថា ការបង្កើតយន្តការបែបនេះ នឹងកាត់បន្ថយបន្ទុកការងារ និងចំណាយសម្រាប់ SMEs យ៉ាងច្រើន ព្រោះរដ្ឋនឹងដើរតួជាអ្នកសម្របសម្រួលរត់ការជំនួស។ ​

ឧកញ៉ាបណ្ឌិត ឈិន កេន គូសបញ្ជាក់បែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ការពង្រឹងស្តង់ដារផលិតផល ដើម្បីរក្សាទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ»

សូមស្តាប់ការពន្យល់របស់ឧកញ៉ាបណ្ឌិត ឈិន កេន៖