អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរជាង ៧១ម៉ឺននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ជាមួយការប្តេជ្ញាចិត្តស្តារវិស័យទេសចរណ៍ឡើងវិញ (Video inside)
13-08-2026 12:39
(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) បានទទួលអ្នកដំណើរប្រមាណ ៧១៤ ១៣៣នាក់ បើទោះបីជាលំហូរអ្នកដំណើរបច្ចុប្បន្ននៅមិនទាន់វិលត្រឡប់ដល់កម្រិតមុនវិបត្តិនៅឡើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៉ីវិល។
ចាប់តាំងពីការដាក់ឱ្យដំណើរការជាផ្លូវការក្នុងខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ផ្លូវអាកាសទៅកាន់ខេត្តសៀមរាប និងតំបន់អង្គរ។
ក្រុមហ៊ុន AIAI បានរាយការណ៍ថា ក្នុងឆ្នាំ២០២៥ អាកាសយានដ្ឋាននេះទទួលបានអ្នកដំណើរ ១.៤៧ លាននាក់ កើនឡើង ៥.៣% ធៀបនឹងឆ្នាំ២០២៤ ប៉ុន្តែស្មើនឹង ៣៧.៦% ធៀបនឹងឆ្នាំ២០១៩ មុនវិបត្តិកូវីដ-១៩។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ លំហូរអ្នកដំណើរបច្ចុប្បន្ននៅមិនទាន់វិលត្រឡប់ដល់កម្រិតមុនវិបត្តិនៅឡើយ ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីអភិវឌ្ឍទីផ្សារ និងបង្កើនការតភ្ជាប់ផ្លូវអាកាស។
ក្នុងជំនួបសម្តែងការគួរសមរវាង លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង ក្រុមហ៊ុន AIAI កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានពិភាក្សាអំពីការជំរុញសក្តានុពលទេសចរណ៍ខេត្តសៀមរាប ការស្តារលំហូរអ្នកដំណើរ និងការពង្រីកបណ្តាញហោះហើរផងដែរ។
ក្នុងជំនួបនោះ ក្រុមហ៊ុនក៏បានរាយការណ៍អំពីសំណើគម្រោងក្នុងការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងក្នុងការប្រើប្រាស់ទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ ដែលមានឈ្មោះថា«អច្ឆរិយៈអង្គរ - Miracle Angkor»។ គម្រោងនេះមានគោលដៅប្រែក្លាយទីតាំងទំហំ ១៩៦.៣២ ហិកតា ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នាពេលរាត្រី រួមមានមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ សារមន្ទីរឌីជីថល និងការសម្តែងទេសចរណ៍បៃតងឥតកាបូន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅបន្ថែម ១-២ យប់។
គោលដៅរួមនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីពង្រឹងការតភ្ជាប់ផ្លូវអាកាស ស្តារកំណើនអ្នកដំណើរ បង្កើនភាពទាក់ទាញរបស់ខេត្តសៀមរាប និងប្រែក្លាយការតភ្ជាប់អាកាសចរណ៍ទៅជាកម្លាំងចលករមួយសម្រាប់ទេសចរណ៍ ការវិនិយោគ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕











