FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃបន្តធ្លាក់ចុះជាង ៣០% ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦

10-08-2026 16:22

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានកត់ត្រា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ក្នុងរយៈពេល៧ខែ​ឆ្នាំ២០២៦នេះ ​បន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសម្រេចបានត្រឹម ១.៦ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ថយចុះចំនួន ៣២.៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំរហូតដល់ ២.៤ពាន់លានដុល្លារអាមេរិក។

របាយការណ៍បានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃមានតម្លៃជាង ៤២០លានដុល្លារអាមេរិក ​ថយចុះ ១៤%។ ចំណែកឯការនាំចេញរបស់ថៃមកកាន់កម្ពុជាវិញ ​មានការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ផងដែរ ដោយក្នុងរយៈពេល៧ខែនេះ ថៃបាននាំចេញទំនិញមកកម្ពុជាក្នុងតម្លៃ ១.១ពាន់លានដុល្លារអាមេរិក ​ថយចុះ ៣៧.៥%។

ការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មនេះរវាងប្រទេសទាំងនេះ ​បន្ទាប់ពីភាគីទាំងពីរមានជម្លោះព្រំដែនជាមួយគ្នា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥មក​ និងបានឈានទៅបិទព្រំដែនគោកទាំងស្រុង។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចបានហាមការនាំចូលទំនិញមួយចំនួនពីថៃ ដូចជាឧស្ម័ន ប្រេងឥន្ធនៈ បន្លែ និងផ្លែជាដើម។

ទោះជាយ៉ាងណា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហាញកំណើនគួរឱ្យកត់សម្គាល់។ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃក្នុងខែកក្កដា មានតម្លៃជាង ៦៣លានដុល្លារអាមេរិក កើនឡើង ៥៥.២% ខណៈការនាំចូលពីថៃមកកម្ពុជាក៏បានកើនឡើងបន្តិចវិញដែរ ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ ដោយថៃបាននាំចូលទំនិញក្នុងតម្លៃ ១៨០លានដុល្លារអាមេរិកមកកម្ពុជា​ កើនឡើង៨.៥%៕