កម្ពុជាសម្រេចការនាំចេញបានជាង ២០ពាន់លានដុល្លារ កើនឡើងជាង២១% នៅរយៈពេល ៧ខែឆ្នាំនេះ (Video inside)
10-08-2026 15:10
(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០២៦ កម្ពុជាសម្រេចការនាំចេញទំនិញទៅកាន់ទីផ្សារដៃគូអន្ដរជាតិបានជាង ២០ពាន់លានដុល្លារ កើនឡើងជាង២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍បានបញ្ជាក់ថា រយៈពេល៧ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញ សម្រេចបាន២០,៨១៤លានដុល្លារ កើន២១.៣% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៥ មានចំនួន ១៧ ១៦៣លានដុល្លារ។ ដោយឡែកការនាំចូលជាង ២៣ ២៥៥លានដុល្លារ កើតឡើង២១.៤% កើនពី ១៩ ១៥៩លានដុល្លារក្នុងរយៈពេល ៧ខែឆ្នាំ២០២៥។
ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។
ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។
កំណើននេះឆ្លុះបញ្ចាំងពីភាពធន និងសក្តានុពលនៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ និងបង្ហាញពីការរីកចម្រើន នៃភាពចម្រុះនៃផលិតផលនាំចេញរបស់កម្ពុជា និងការបើកចំហរទីផ្សារថ្មីៗ ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព៕


