ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគយ បន្តយកចិត្តទុកដាក់ប្រឹងប្រែងបន្ថែមទៀត ក្នុងការអនុវត្តវិធានការមុតស្រួច ទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ
06-08-2026 11:00
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ប្រឹងប្រែងបន្ថែមទៀត ក្នុងការអនុវត្តវិធានការមុតស្រួចដែលបានដាក់ចេញ ជាពិសេស លើការពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ និងការខិតខំពង្រឹងយន្តការគ្រប់គ្រងដើមទីបន្ថែមទៀត ដើម្បីទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ។
ការជំរុញរបស់លោកឧបនាយករដ្ឋមន្រ្តី ធ្វើឡើក្នុងឱកាសអញ្ជើញជាអធិបតីភាព កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនោះ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរាយការណ៍ពីលទ្ធផលការអនុវត្តវិធានការជារួម ដែលសម្រេចបានក្នុងរយៈពេល ៣ខែ បន្ទាប់ពីការដាក់ចេញនូវកញ្ចប់វិធានការនេះកាលពីដើមខែឧសភា ឆ្នាំ២០២៦ ដែលក្នុងចំណោមវិធានការសរុបចំនួន ៣១ មាន ៩ វិធានការត្រូវបានអនុវត្តពេញលេញ, ១៣ វិធានការជាកិច្ចការដែលត្រូវអនុវត្តជាប្រចាំ, និង ៩ វិធានការកំពុងស្ថិតក្នុងដំណើរការអនុវត្ត ឬត្រូវបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២៦ នេះ។
ទោះបីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន លទ្ធផលសំខាន់នៃការអនុវត្តវិធានការទាំងនេះ គឺការកើនឡើងនៃសមាសភាគចំណូលប្រមូលពីក្រុមទំនិញចម្រុះ ដែលដើរតួនាទីប្រមាណ ៤២.៩% កាលពីខែមេសា មកដល់ប្រមាណ ៤៩.៥% ក្នុងខែកក្កដា ស្របពេលដែលសមាសភាពចំណូលពីការនាំចូលផលិតផលតេលសិលា មានការធ្លាក់ចុះខ្លាំង ដោយសារការដាក់ជាបន្ទុករបស់រដ្ឋនូវពន្ធ និងអាករលើការនាំចូលផលិតផលឥន្ធនៈ។
បន្ថែមលើនេះ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានរាយការណ៍លម្អិតជូនអង្គប្រជុំអំពីវឌ្ឍនភាពការអនុវត្ត នូវវិធានការតាមផ្នែកទទួលខុសត្រូវរៀងៗខ្លួន ពាក់ព័ន្ធនឹងការងារបង្ក្រាបអំពើរត់គេចពន្ធ ការសម្រួលពាណិជ្ជកម្ម និងការពង្រឹងអភិបាលកិច្ចក្នុងអង្គភាព ព្រមទាំងវឌ្ឍនភាពលម្អិតអំពីការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសម្រេចបាន ទាំងការអនុវត្តវិធានការមុតស្រួច ក៏ដូចជាសមិទ្ធផលផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលសម្រេចបាន នាពេលកន្លងមក។
ដោយឡែក សម្រាប់ការងារបចេ្ចកវិទ្យាព័ត៌មាន, អគ្គបណ្ឌិតសភាចារ្យ បានផ្ដល់ការណែនាំជាក់លាក់បន្ថែមមួយចំនួន រួមមាន ទី១. បន្តខិតខំកែសម្រួលប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្លាយជាប្រព័ន្ធអេកូឡូស៊ីពេញលេញ (Complete Ecosystem) និងមានសមត្ថភាពតភ្ជាប់ទិន្នន័យ (API Integration) ជាមួយប្រព័ន្ធផ្សេងៗទៀតតាមតម្រូវការចាំបាច់ ទី២. រៀបចំ និងបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI Integration) ចូលទៅក្នុងកិច្ចប្រតិបត្តិការគយឱ្យបានទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល និងផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម, និង ទី៣. រៀបចំក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធឌីជីថលគយ (Digital Customs Architecture Framework) ឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅធានានិរន្តរភាពនៃការប្រើប្រាស់ និងការពង្រីកមុខងារប្រព័ន្ធ សម្រាប់រយៈពេលវែង៕








































