FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការផលិតក្នុងវិស័យឧស្សាហកម្មមានទំហំទឹកប្រាក់ជាង​ ៧.៩ ពាន់លានដុល្លារកើនជាង៦០% ក្នុងរយៈពេល៥ខែឆ្នាំ២០២៦ ជាមួយទុនវិនិយោគ​កើនដល់​ជិត ២៨ពាន់លានដុល្លារ (Video inside)

17-07-2026 15:41

​​(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​បង្ហាញពី​វឌ្ឍនភាព​ដ៏ល្អប្រសើរនៃឧស្សាហកម្មកម្ពុជា ដោយក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦នេះ ការផលិតក្នុងវិស័យឧស្សាហកម្ម មានតម្លៃជាង ៧.៩ ពាន់លា​នដុល្លាអាមេរិក​ កើនឡើងជាង៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥​ ខណៈ​​ទុនវិនិយោគសរុបក្នុងវិស័យនេះបានកើនឡើងដល់ប្រមាណជិត ២៨ពាន់លានដុល្លារ។

លោក ហែម វណ្ណឌី គូសបបញ្ជាក់បែបនេះធ្វើឡើង ក្នុងពិធីបើក «មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្ម និងពិព័រណ៍ឧស្សាហកម្ម ឆ្នាំ២០២៦» ដែលរៀបចំឡើងដោយសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ។​

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ការអភិវឌ្ឍឧស្សាហកម្មកម្ពុជាកំពុងឈានចូលដំណាក់កាលថ្មីមួយ ប្រកបដោយកំណើនគួរឱ្យកត់សម្គាល់ ទាំងចំនួនរោងចក្រ ទុនវិនិយោគ តម្លៃផលិតកម្ម និងចំនួនការងារ។ កំណើននេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគចំពោះស្ថិរភាព សក្តានុពល និងអនាគតដ៏ភ្លឺស្វាងនៃឧស្សាហកម្មកម្ពុជា។

បើតាមរដ្ឋមន្រ្តី ហែម វណ្ណឌី គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រកំពុងដំណើរការសរុបចំនួន ៣ ៣១៩រោងចក្រ ដែលបានបង្កើតការងារជូនពលរដ្ឋជាង ១.៣លាននាក់ ក្នុងនោះស្រ្តីមានជាង ៩៤ ម៉ឺននាក់ ស្មើនឹង ៧០%។ ចំណែកទុនវិនិយោគសរុបបានកើនឡើងដល់ប្រមាណ ២៧.៨ ប៊ីលានដុល្លារអាមេរិកកើនឡើង​​​​​​​​ ៥.៧ ពាន់លានដុល្លារអាមេរិក ឬប្រមាណជាង ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមនេះ ទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៤.២ ពាន់លានដុល្លារអាមេរិក ស្មើនឹង១៥%។

រីឯតម្លៃបរិមាណផលិតផលសរុបសម្រាប់រយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦នេះ មា​នជាង ៧.៩ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះផលិតផលក្នុងស្រុកមានប្រមាណ ២ ពាន់លានដុល្លារអាមេរិក និងការនាំចេញមានប្រមាណ ៥.៩ប៊ីលានដុល្លារអាមេរិក។ តួលេខនេះបានកើនឡើងប្រមាណ ៣.៨ ពាន់លានដុល្លារអាមេរិក ឬ ៦៣% បើធៀបនឹងរយៈពេល ៥ ខែដូចគ្នាកាលពីឆ្នាំ២០២៥»។

លោកបន្ថែមថា «ទន្ទឹមនឹងកំណើនដ៏រឹងមាំនេះ កម្ពុជាក៏កំពុងបន្តធ្វើពិពិធកម្មខឿនឧស្សាហកម្មរបស់ខ្លួន ដោយជំរុញកំណើនក្នុងវិស័យជាច្រើនដូចជា ឧស្សាហកម្មយានយន្ត គ្រឿងបន្លាស់រថយន្ត ការកែច្នៃម្ហូបអាហារ និងអេឡិចត្រូនិក ដើម្បីពង្រឹងការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល និងធានានូវការអភិវឌ្ឍប្រកបដោយចីរភាព»។​

​លោក ផែ ច័ន្ទត្រាវុឌ្ឍ ​អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្នុងបរិបទពិភពលោក​មាននិន្នាការផ្លាស់ប្តូរ ជាពិសេសការដាក់សម្ពាធពន្ធពីខាងក្រៅដោយសហរដ្ឋអាមេរិក បានជំរុញឱ្យការវិនិយោគជាច្រើនបានបម្លាស់ទីស្វែងរកទីផ្សារថ្មី។ហើយកម្ពុជា ​គឺជាប្រទេសមួយដែលមានសក្តានុពលខ្ពស់ និងបរិយាកាសអំណោយផលសម្រាប់វិនិយោគិនបរទេស ដែលនាំឱ្យនិយោគិនបរទេសភាគច្រើនចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។

លោកបញ្ជាក់ថា ជាក់ស្តែងក្នុងឆ្នាំ២០២៥ ​រោងចថ្មី​បានកើនឡើង​រហូតដល់ ៧០០ រោងចក្រ ដែល​ការកើនឡើងនៃរោងចក្រថ្មីៗ នេះហើយ ដែលជាការជំរុញការផលិតកម្ម និងការនាំចេញបានច្រើន។

​លោកបន្ថែមថា «ខ្ញុំសង្ឃឹមថានៅពេលអនាគត កម្ពុជាយើងនឹងជំរុញការវិនិយោគផ្នែកឧស្សាហកម្មនេះ ហើយណាមួយរាជរដ្ឋាភិបាល យើងក៏បានយកចិត្តទុកដាក់ក្នុងការទាក់ទាញវិនិយោគដោយផ្ដល់នូវការលើកទឹកចិត្ត ​ការមិនយកពន្ធទៅលើការនាំចូលមួយចំនួន ដូចជា វត្ថុធាតុដើម ឬការទម្លាក់ពន្ធឱ្យមានកម្រិតទាបដើម្បីទាក់ទាញវិនិយោគពីខាងក្រៅឱ្យមកខាងក្នុង។ សព្វថ្ងៃនេះ ការកើនឡើង ទៅលើផលិតផល កាត់ដេរសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ ហើយកំណើនមួយចំនួនទៀតទៅលើវិស័យអេឡិចត្រូនិក​ ជាពិសេសគឺរថយន្តអគ្គិសនី ឬ​រោងចក្រសំបកកង់ឡាន និងរោងចក្រកែច្នៃ​កសិកម្ម ដូចជា​ កសិឧស្សាហកម្ម​ គឺមានការកើនឡើងខ្លាំងនៅក្នុងដំណាក់កាលចុងក្រោយនេះ»។​​ ​

យោងតាមរបាយការណ៍របាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។​

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងដៃគូរពាណិជ្ជកម្មអន្តរជាតិសំខាន់សម្រេចបានទឹកប្រាក់ ជាង៣៦.៨៤ ពាន់ដុល្លារអាម៉េរិក កើនឡើងជាង២០% ​ក្នុងនោះកម្ពុជា​នាំទំនិញ​ចេញ​ទៅ​ទីផ្សារអន្តរជាតិ​មាន​តម្លៃ​ជាង១៧ ​ពាន់លានដុល្លារ ​កើនឡើង ១៩.៥% ចំណែកឯ​ទំនិញ​នាំ​ចូល​មក​វិញ​មាន​តម្លៃជាង​ ១៩.៧៦ ​ពាន់លានដុល្លារ ​កើនឡើង​ ២១.៤%​៕