ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ ជាមួយស្តង់ផលិតផល និងម្ហូបអាហារខ្មែរ ២២០ស្តង់ បានបើកដំណើរការ នៅសាលពិព័រណ៍កោះពេជ្រ
17-07-2026 14:44
(ភ្នំពេញ)៖ ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ តាមរយៈមហាយុទ្ធនាការ «អាហារខ្មែរត្រូវតែខ្លាំង» បានប្រកាសបើកដំណើរការជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ នៅសាលពិព័រណ៍កោះពេជ្រ ដែលបានប្រមូលផ្តុំសហគ្រិន ផលិតករ និងម្ហូបខ្មែរប្រមាណ ២២០ស្តង់ ដើម្បីបង្ហាញរសជាតិ និងសក្តានុពលអាហារខ្មែរ ទៅកាន់មហាជន និងទីផ្សារថ្មីៗ ពិព័រណ៍អាហារខ្មែរនេះថែមទាំងជាចលនាជាតិ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ជួយពង្រីកទីផ្សារសម្រាប់សហគ្រិន និងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរឹងមាំផងដែរ។
ពិធីបើកពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ បានធ្វើឡើងក្រោមវត្តមានលោក អៀង ចន្ថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង សហប្រធានវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ផ្នែកសុខាភិបាល, លោកបណ្ឌិត អោម សេងបូរ៉ា ប្រធានគណៈកម្មាធិការយុទ្ធនាការខ្មែរត្រូវតែខ្លាំង យុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំង ឧកញ៉ា លូ ម៉េង សហប្រធានវេទិការាជរដ្ឋាភិបាល វិស័យឯកជន ផ្នែកទេសចរណ៍, ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង សហប្រធានវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ផ្នែកសុខាភិបាល និងមានអ្នកចូលរួមជាច្រើននាក់ទៀត។
លោក ទេព សុផារ៉ា ប្រធានប្រតិបត្តិពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា បានបញ្ជាក់ឱ្យដឹងថា យុទ្ធនាការនេះរៀបចំឡើងដើម្បីលើកស្ទួយអាហារខ្មែរ គាំទ្រសហគ្រិនអាហារកម្ពុជា បង្កើនការគាំទ្រផលិតផលក្នុងស្រុក លើកតម្កើងវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ព្រមទាំងបង្កើតមូលនិធិជួយដល់គ្រួសារជនភៀសសឹក ដែលកំពុងត្រូវការការគាំទ្រពីសង្គមជាតិ។ កម្មវិធីនេះមិនមែនគ្រាន់តែជាពិព័រណ៍អាហារធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាចលនារូបរួមរបស់ប្រជាជនខ្មែរ។ នៅពេលយើងគាំទ្រអាហារខ្មែរ យើងកំពុងគាំទ្រសហគ្រិនខ្មែរ ការងារខ្មែរ គ្រួសារខ្មែរ សេដ្ឋកិច្ចខ្មែរ វប្បធម៌ខ្មែរ និងមនុស្សធម៌ខ្មែរ។
លោក ទេព សុផារ៉ា បានបន្ថែមថា ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ ធ្វើឡើងមានគោលបំណងសំខាន់២ រួចមាន (១) លើកកម្ពស់សហគ្រិនអាហារខ្មែរ ដើម្បីផ្តល់ឱកាសឱ្យអាជីវករ សហគ្រិន ម្ចាស់ហាង ម្ចាស់ភោជនីយដ្ឋាន អ្នកផលិត និងអ្នកច្នៃម្ហូបថ្មីៗ បានបង្ហាញសមត្ថភាព បង្កើនការលក់ កសាងកេរ្តិ៍ឈ្មោះ ពង្រីកទីផ្សារ និងបង្កើតមោទនភាពចំពោះអាហារខ្មែរ (២) បង្កើតមូលនិធិជួយគ្រួសារជនភៀសសឹក ប្រាក់ចំណេញដែលនៅសល់ពីការចំណាយក្នុងការរៀបចំកម្មវិធី នឹងត្រូវយកទៅជួយដល់គ្រួសារជនភៀសសឹក។ ដូច្នេះការចូលរួមទិញអាហារ ផ្សព្វផ្សាយ និងគាំទ្ររបស់ប្រជាពលរដ្ឋ គឺជាការចូលរួមធ្វើអំពើល្អសម្រាប់សង្គមជាតិដោយផ្ទាល់។
លោកបណ្ឌិត អោម សេងបូរ៉ា បានបញ្ជាក់ឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ មរយៈមហាយុទ្ធនាការ «អាហារខ្មែរត្រូវតែខ្លាំង» បានកើតឡើងនាពេលនេះ ក្នុងគោលបំណងចង់ឱ្យអាហារខ្មែរ បានរីកចម្រើន មិនត្រឹមតែក្នុងប្រទេសនោះទេ ប៉ុន្តែរីកចម្រើនទៅប្រទេស និងដល់ពិភពលោកទាំងមូល, យើងត្រូវរួបរួមគ្នាធ្វើឱ្យម្ហូបអាហាររបស់យើង មានទីផ្សារ ទើបទំនិញរបស់យើងអាចរស់បាន ហើយបើសិនយើងគ្មានទីផ្សារនោះទេ ការដាំដុះក៏មិនច្បាស់ ការកែឆ្នៃក៏មិនច្បាស់ ហើយយើងក៏គ្មានទីផ្សារច្បាស់ដែរ ដូចនេះយើងត្រូវរួមរួបគ្នា ធ្វើយ៉ាងណាឱ្យម្ហូបអាហាររបស់យើងមានទីផ្សារ។
លោកបណ្ឌិត អោម សេងបូរ៉ា បានបន្ថែមថា តាមរយៈមហាយុទ្ធនាការ «អាហារខ្មែរ ត្រូវតែខ្លាំង» នឹងរួមចំណែកជួយដល់វិស័យម្ហូបអាហារខ្មែរបានយ៉ាងច្រើន ពីព្រោះយើងបានបំផុសស្មារតី និងទឹកចិត្តឱ្យមើលឃើញថា ពិភពលោកគឺជាទីផ្សារ ដែលយើងមិនមែនត្រឹមតែមើលឃើញទីផ្សារក្នុងស្រុកប៉ុណ្ណោះនោះទេ គឺយើងបំផុសស្មារតី និងទស្សនវិស័យឱ្យសហគ្រិន និងភោជនីយដ្ឋានទាំងអស់យកពិភពលោកជាទីផ្សាររបស់ខ្លួន។
សូមបញ្ជាក់ដែរថា ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ តាមរយៈមហាយុទ្ធនាការ «អាហារខ្មែរ ត្រូវតែខ្លាំង» រៀបចំឡើងរយៈពេល ៣ ថ្ងៃពេញ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងនោះរួមមាន៖ ពិព័រណ៍អាហារ និងភេសជ្ជៈខ្មែរ, ការបង្ហាញផលិតផលពីសហគ្រិនជាច្រើន ការប្រកួតប្រជែងអាជីវកម្មអាហារ និងកម្មវិធីវប្បធម៌ និងសិល្បៈខ្មែរ និងជាឱកាសមាសសម្រាប់បង្ហាញម៉ាកផលិតផលទៅកាន់អតិថិជនរាប់ពាន់ម៉ឺននាក់, បង្កើនការលក់ និងបណ្តាញអាជីវកម្ម និងពង្រីកទីផ្សារក្នុង និងក្រៅប្រទេសផងដែរ៕
























