FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនផលិតផ្សិតឈានមុខគេមួយនៅសាធារណរដ្ឋកូរ៉េ ស្វែងរកឱកាសវិនិយោគលើផលិតកម្មផ្សិតនៅកម្ពុជា

16-07-2026 14:01

(ភ្នំពេញ)៖ ក្រុមហ៊ុន CHEONGDO Mushroom ដែលជាក្រុមហ៊ុនឈានមុខគេមួយ មានបទពិសោធន៍ជាង៤០ឆ្នាំក្នុងការដាំដុះផ្សិតនៅប្រទេសកូរ៉េខាងត្បូង បានបង្ហាញបំណង ពង្រីកឱកាសវិនិយោគលើវិស័យផលិតកម្មផ្សិតនៅកម្ពុជា​ ដើម្បីនាំទៅកាន់ទីផ្សារតំបន់អាស៊ាន មជ្ឈិមបូព៌ា និងទីផ្សារអន្តរជាតិផ្សេងៗទៀត។

ការស្វែងរកឱកាសវិនិយោគលើផលិតកម្មផ្សិតនៅកម្ពុជា ក្នុងឱកាសដែល លោក Karl Gonzalez Kim ប្រធានផ្នែកផែនការនៃក្រុមហ៊ុន CHEONGDO​ ជួបពិភាក្សាការងារជាមួយលោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ​នាទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល។ ​

ក្នុងជំនួបនេះ លោក Karl Gonzalez Kim បានគូសបញ្ជាក់ថា កម្ពុជាមានទីតាំងភូមិសាស្ត្រដ៏មានសក្តានុពល និងយុទ្ធសាស្ត្រសម្រាប់ការនាំចេញផលិតផលផ្សិតទៅកាន់ទីផ្សារតំបន់អាស៊ាន មជ្ឈិមបូព៌ា និងទីផ្សារអន្តរជាតិផ្សេងៗទៀត។ ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្កើតកសិដ្ឋានដាំដុះ និងខ្សែច្រវាក់នាំចេញផ្សិតនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីសក្តានុពលទាំងនេះ។ ក្នុងន័យនេះ លោកបានស្នើសុំកិច្ចសម្របសម្រួល និងការគាំទ្រពីស្ថានឯកអគ្គរាជទូតកម្ពុជា ដើម្បីស្វែងរកដៃគូក្នុងស្រុកដែលមានសក្តានុពល និងសមស្របសម្រាប់ការវិនិយោគនេះ។

ក្រុមហ៊ុន CHEONGDO Mushroom ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៣ ដោយមានបទពិសោធន៍ជាង ៤០ឆ្នាំ ក្នុងការដាំដុះផ្សិត។ បច្ចុប្បន្ន ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនផលិតផ្សិតឈានមុខគេមួយនៅសាធារណរដ្ឋកូរ៉េ ដែលមានជំនាញបច្ចេកទេសខ្ពស់ក្នុងការផលិតផ្សិតម្ជុល (Enoki) ផ្សិតអយស្ទ័រយក្ស (King Oyster) និងផ្សិតប្រភេទផ្សេងៗទៀត។ ជាមួយនឹងកសិដ្ឋានចំនួន ៩កន្លែងនៅកូរ៉េខាងត្បូង និងប្រតិបត្តិការនៅបរទេសដូចជា អាល្លឺម៉ង់ ហូឡង់ អង់គ្លេស អូស្ត្រាលី និងចិន ការវិនិយោគរបស់ CHEONGDO Mushroom នៅកម្ពុជានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជំរុញការនាំចេញរបស់កម្ពុជា៕