ជំនួបជាមួយអនុប្រធានធនាគារពិភពលោក, ទេសាភិបាលធនាគារជាតិនៃកម្ពុជា ស្នើឱ្យបែងចែកឱ្យបានច្បាស់រវាងវិស័យមីក្រូហិរញ្ញវត្ថុផ្លូវការ និងអ្នកផ្តល់កម្ចីក្រៅប្រព័ន្ធ
15-07-2026 16:38
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើដល់លោក Dennis McLaughlin អនុប្រធានធនាគារពិភពលោក និងជាប្រធានគ្រប់គ្រងហានិភ័យ គួរបែងចែកឱ្យបានច្បាស់លាស់ រវាងវិស័យមីក្រូហិរញ្ញវត្ថុផ្លូវការ និងអ្នកផ្តល់កម្ចីក្រៅប្រព័ន្ធ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រីបណ្ឌិត ជា សិរី ជួបពិភាក្សាជាមួយលោក Dennis McLaughlin ព្រមទាំងគណៈប្រតិភូរបស់លោក ដើម្បីពិភាក្សាអំពីសេចក្តីសម្រេច របស់ក្រុមប្រឹក្សាភិបាលធនាគារពិភពលោក ពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
លោកស្រីបណ្ឌិត ជា សិរី បានឲ្យដឹងថា ទោះបីជាយើងទទួលស្គាល់ថា នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវបំពេញបន្ថែមក៏ដោយ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលចាំបាច់ដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ និងរួមចំណែកជួយពួកគាត់ ឱ្យចាកផុតពីភាពក្រីក្រ។
បន្ថែមពីនោះទៀត លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា កម្ពុជាស្វាគមន៍ការបន្តគាំទ្រ ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មិនត្រឹមតែលើផ្នែកហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើផ្នែកអភិបាលកិច្ច កិច្ចការពារអ្នកប្រើប្រាស់ និងហិរញ្ញវត្ថុប្រកបដោយចីរភាពផងដែរ។
លោកស្រីបណ្ឌិត បានគូសបញ្ជាក់ថា យ៉ាងណា គួរតែមានការបែងចែក ឱ្យបានច្បាស់លាស់រវាងវិស័យមីក្រូហិរញ្ញវត្ថុ ដែលស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ធនាគារជាតិ នៃកម្ពុជា និងអ្នកផ្តល់កម្ចីក្រៅប្រព័ន្ធ ឬអ្នកផ្តល់កម្ចីខុសច្បាប់ ដែលជាញឹកញាប់គិតអត្រាការប្រាក់ខ្ពស់ហួសហេតុ និងអនុវត្តវិធីសាស្ត្រផ្តល់កម្ចី ដែលមិនមានក្រមសីលធម៌។
សូមជម្រាបថា កន្លងទៅមានអង្គការក្រៅរដ្ឋាភិបាលមួយចំនួន រិះគន់ចំពោះសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាផ្នែកមួយរបស់ធនាគារពិភពលោកថា បានគាំទ្រដល់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមិនបានវាយតម្លៃគ្រប់ជ្រុងជ្រោយ បង្កើតឱ្យប្រជាពលរដ្ឋជំពាក់បំណុលវណ្ឌក ជាដើម៕






