វិនិយោគិនក្នុងស្រុក ឈរលំដាប់លេខ១ បោះទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ នៅឆមាសទី១ ឆ្នាំ២០២៦ ក្នុងទឹកប្រាក់ជិត ២ពាន់លានដុល្លារ (Video inside)
14-07-2026 16:04
(ភ្នំពេញ)៖ វិនិយោគិនក្នុងស្រុក បានឈរលំដាប់លេខ១ ដែលបានមកដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្នុងទំហំទឹកប្រាក់ជិត ២ ០០០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា នៅឆមាសទី១ ក្នុងឆ្នាំ២០២៦ ការវិនិយោគរបស់វិនិយោគិនក្នុងស្រុក ស្ថិតនៅលំដាប់លេខទី១ ដែលបានរួមចំណែកប្រមាណ ៤១.៧៤% នៃទុនវិនិយោគសរុបនៅក្នុងប្រទេសកម្ពុជា ចំនួន៤.៧ប៊ីលានដុល្លារអាមេរិក។
ចំណែកវិនិយោគិនចិន ស្ថិតនៅលំដាប់លេខរៀងទី២ ដែលបានរួមចំណែកប្រមាណ ៣៥.៧៥% ក្នុងទំហំទឹកប្រាក់ ១ ៦៨០លានដុល្លារ ខណៈសិង្ហបុរី ស្ថិតនៅលេខរៀងទី៣ រួមចំណែក ១៥.៣៨% ក្នុងទំហំទឹកប្រាក់ ៧២២លានដុល្លារ។
ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន២៧៦ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៤.៧ប៊ីលានដុល្លារអាម៉េរិក ដែលនឹងអាចបង្កើតការងារ បានប្រមាណ១៦០ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគទាំង២៧៦ មានគម្រោងវិនិយោគចំនួន១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ ៤.៤ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ជាង១២០ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០៥, គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសចំនួន៧, និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ច ពិសេសចំនួន៦៩។
ដោយឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត មានចំនួន៩៥ ក្នុងទំហំទុនវិនិយោគប្រមាណ ២៩១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានប្រមាណ៣៥ពាន់កន្លែង។
សូមជម្រាបថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ បានទាក់ទាញការវិនិយោគចំនួន១,៧២០លានដុល្លារ, វិស័យឧស្សាហកម្មចំនួន ២,៥៦០លានដុល្លារ, វិស័យកសិកម្ម កសិ-ឧស្សាហកម្មចំនួន១១៣លានដុល្លារ និងវិស័យទេសចរណ៍ចំនួន៣០០លានដុល្លារ៕


