FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ បើកកិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ ដើម្បីផ្លាស់ប្តូរទស្សនៈ និងពង្រឹងកិច្ចសហប្រតិបត្តិការ (Video inside)

02-06-2026 14:18

(ភ្នំពេញ)៖ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ បើកកិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ រៀបចំធ្វើឡើងរយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីគណៈប្រតិភូគយ នៃប្រទេសសមាជិកអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។

កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះដឹកនាំដោយបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអគ្គនាយកគយ នៃរដ្ឋសមាជិកអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ានទាំងអស់ សម្រាប់ការរួមចំណែកក្នុងន័យស្ថាបនា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការគយអាស៊ាន។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា វត្តមានរបស់ប្រតិភូគយអាស៊ាននៅថ្ងៃនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់រួមគ្នារបស់យើង ក្នុងការពង្រឹងសមាហរណកម្មក្នុងតំបន់ និងធានាថាអាស៊ាននៅតែមានភាពធន់ ភាពស្វាហាប់ និងឆ្ពោះទៅមុខ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា កិច្ចប្រជុំប្រចាំឆ្នាំនេះ ផ្តល់ឱកាសដ៏សំខាន់មួយ សម្រាប់គណៈប្រតិភូទាំងអស់ ដើម្បីផ្លាស់ប្តូរទស្សនៈ ពង្រឹងកិច្ចសហប្រតិបត្តិការ និងកំណត់វិធីសាស្រ្តជាក់ស្តែង ក្នុងការរក្សាការប្តេជ្ញាចិត្តរួមគ្នា។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនេះនឹងពិនិត្យមើលវឌ្ឍនភាព ដែលសម្រេចបានដោយស្ថាប័នតាមវិស័យ និងក្រុមការងារព្រមទាំងការអនុម័ត គោលការណ៍ណែនាំ និងផែនទីបង្ហាញផ្លូវសំខាន់ៗ ក្រោមក្របខណ្ឌអគ្គនាយកគយអាស៊ាន។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន មានទំនុកចិត្តថា ការចូលរួមយ៉ាងសកម្ម និងការរួមចំណែកដ៏មានតម្លៃរបស់គណៈប្រតិភូគយ នៃប្រទេសសមាជិកអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាននេះ នឹងពង្រឹងបន្ថែមទៀត នូវសហគមន៍គយអាស៊ាន ប្រកបដោយប្រសិទ្ធភាព និងភាពធន់។

សូមជម្រាបថា កិច្ចប្រជុំអគ្គនាយកគយអាស៊ាន គឺជាវេទិកាដ៏សំខាន់មួយ ដែលប្រមូលផ្តុំអគ្គនាយកគយ នៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីពិភាក្សា និងសម្រេចលើការងារពាក់ព័ន្ធ នឹងកិច្ចសម្រួលពាណិជ្ជកម្ម នីតិវិធីគយ ការអនុវត្តច្បាប់គយ និងការកសាងសមត្ថភាព។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីវាយតម្លៃវឌ្ឍនភាព នៃ​ការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីគយ និងកំណត់វិធានការសមស្របនានា។

កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី២៥ ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ៕