FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក (Video inside)

02-06-2026 13:47

(ភ្នំពេញ)៖ ​អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ​បានជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក ​(World’s Best New Airport Terminal 2026) ដែលត្រូវបានវាយតម្លៃដោយ Skytrax World Airport Awards ផ្អែកលើវិសាលភាពពេញលេញនៃបរិក្ខារ (full range of airports facilities), សេវាកម្មអាកាសយានដ្ឋាន ព្រមទាំងគុណភាពសេវាកម្មរបស់បុគ្គលិក, និងបទពិសោធន៍របស់អ្នកដំណើរ។ នេះបើយោងតាមអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា។

ពានរង្វាន់នេះត្រូវបានផ្តល់ជូនសម្រាប់អគារស្ថានីយអ្នកដំណើរថ្មីនៃអាកាសយានដ្ឋាន ដែលបានបើកដាក់ឱ្យដំណើរការក្នុងអំឡុង ពេល១៨ខែមុនការប្រគល់ពានរង្វាន់អាកាសយានដ្ឋានពិភពលោកឆ្នាំ២០២៦ និងបានប្រកាសជាផ្លូវការក្នុងពិធីប្រគល់ពានរង្វាន់អាកាសយានដ្ឋានពិភពលោក Skytrax ឆ្នាំ២០២៦ (Skytrax World Airport Awards 2026) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយបានរៀបចំឡើងស្របពេលជាមួយពិព័រណ៍ និងសន្និសីទ Passenger Terminal Expo & Conference។

សម្រាប់​កម្ពុជា ចំណាត់ថ្នាក់ទី៥ ស្ថានីយអ្នកដំណើរអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសមិទ្ធផលអន្តរជាតិដ៏សំខាន់មួយ ពិសេសសបញ្ជាក់ច្បាស់ៗពីស្តង់ដានៃអាកាសយានដ្ឋានដែលទើប តែចាប់ផ្តើមប្រតិបត្តិការថ្មីៗនេះ និងបានដាក់អាកាសយានដ្ឋានកម្ពុជាទន្ទឹមអាកាសយានដ្ឋានដែលទើបនឹងអភិវឌ្ឍថ្មីៗនិងជឿនលឿនមួយចំនួនទៀត នៅទូទាំងពិភពលោក។

ចំណាត់ថ្នាក់កំពូលទាំង៥នៃពានរង្វាន់«អគារស្ថានីយអ្នកដំណើរថ្មីល្អបំផុតលើពិភពលោក ឆ្នាំ២០២៦» រួមមាន៖

លេខ ១. ​ Aso Kumamoto Airport​ នៅជប៉ុន
លេខ២. Terminal 3, Guangzhou Baiyun International Airport​ នៅចិន
លេខ៣. Terminal 1, San Diego International Airport នៅសហរដ្ឋអាមេរិក
លេខ៤. Navi Mumbai International Airport​ នៅឥណ្ឌា​
លេខ៥. Techo International Airport​ នៅកម្ពុជា

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។

លក្ខណៈសម្គាល់ដ៏សំខាន់មួយ របស់អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋានអាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ។

​អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា ​បានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥​ និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​៕