សេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស និងមានស្ថេរភាព ទើបក្រុមហ៊ុន GAZ របស់រុស្ស៊ី សម្រេចឈានជើងចូលទីផ្សាររថយន្តនៅកម្ពុជា
17-05-2026 11:11
(ភ្នំពេញ)៖ លោក Dolgov Leonid នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងមានប្រវត្តិសាស្ត្រយូរលង់បំផុតមួយរបស់ប្រទេសរុស្ស៊ី បានសម្រេសចិត្តឈានជើងចូលមកកាន់ទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមើលឃើញថា សេដ្ឋកិច្ចនៃប្រទេសកម្ពុជា មានការរីកចម្រើនឆាប់រហ័ស និងមានស្ថេរភាព បើទោះជាស្ថិតនៅក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលយ៉ាងណាក្ដី។ នេះបើតាមការបញ្ជាក់របស់លោក មកកាន់បណ្ដាញព័ត៌មាន Fresh News ។
លោក Dolgov Leonid បានឲ្យដឹងថា៖ «ក្រុមហ៊ុន GAZ ជឿជាក់ថា ជម្លោះនិងបញ្ហានានាគឺជារឿងបណ្តោះអាសន្នប៉ុណ្ណោះ។ ប៉ុន្តែមានការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនៅក្នុងប្រទេសកម្ពុជា ហើយវាគឺជារយៈពេលវែង ដែលត្រូវបានបង្ហាញឱ្យឃើញរួចមកហើយ។ យើងចង់រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចនេះ និងជួយដល់អាជីវកម្មខ្នាតតូចនិងមធ្យមក្នុងស្រុកឱ្យរីកចម្រើនកាន់តែប្រសើរឡើង កាត់បន្ថយថ្លៃដើមដឹកជញ្ជូន (ឡូជីស្ទីក) របស់ពួកគេ និងផ្តល់សេវាកម្មកាន់តែល្អសម្រាប់អ្នកដំណើរ។ ដូច្នេះយើងគិតគូរពីយុទ្ធសាស្ត្ររយៈពេលវែង។ នោះហើយជាមូលហេតុដែលយើងផ្តោតសំខាន់ មិនមែនលើដំណោះស្រាយរថយន្តដឹកទំនិញ ឬរថយន្តបើកបរគ្រប់ស្ថានភាពផ្លូវ (off-road) សម្រាប់យោធា ឬសម្រាប់ប៉ូលីសនោះទេ។ យើងចង់បង្ហាញផលិតផលរបស់យើងសម្រាប់អាជីវកម្ម»។
សូមជម្រាបថា ក្រុមហ៊ុន GAZ (Gorkovsky Avtomobilny Zavod) គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងមានប្រវត្តិសាស្ត្រយូរលង់បំផុតមួយរបស់ប្រទេសរុស្ស៊ី។ បង្កើតឡើងក្នុងឆ្នាំ១៩៣២ ក្រុមហ៊ុននេះបានដើរតួយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច និងវិស័យដឹកជញ្ជូនរបស់រុស្ស៊ី តាំងពីសម័យសហភាពសូវៀតរហូតមកដល់បច្ចុប្បន្ន។ រថយន្តដែលផលិតដោយ GAZ មានចំណុចពិសេសដូចជា ភាពធន់នៃរថយន្ត GAZ ត្រូវបានរចនាឡើងសម្រាប់ទប់ទល់នឹងអាកាសធាតុត្រជាក់ខ្លាំងនៅរុស្ស៊ី និងស្ថានភាពផ្លូវដែលមិនរាបស្មើ។ មានតម្លៃសមរម្យ បើធៀបនឹងរថយន្តមកពីអឺរ៉ុបខាងលិច ឬជប៉ុន រថយន្ត GAZ មានតម្លៃធូរថ្លៃជាង ទាំងតម្លៃទិញ និងតម្លៃថែទាំ។ ភាពងាយស្រួលក្នុងការជួសជុល គ្រឿងបន្លាស់មានតម្លៃថោក និងមានរចនាសម្ព័ន្ធម៉ាស៊ីនដែលមិនសូវស្មុគស្មាញ ងាយស្រួលដល់ជាងក្នុងការជួសជុល ហើយចំណុចសំខាន់បន្ទាប់ទៀតនោះគឺការអភិវឌ្ឍបច្ចេកវិទ្យា បច្ចុប្បន្ន GAZ បានងាកមកផលិតរថយន្តដើរដោយថាមពលអគ្គិសនី (GAZelle e-NN) ដើម្បីដើរឱ្យទាន់សម័យកាលបៃតង៕





