FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៣ខែដំបូង កម្ពុជានាំចូលទំនិញពីថៃជាង ៥០០លានដុល្លារ, បណ្ឌិត យង់ ពៅ ថា ការកាត់បន្ថយការហូរចូលទំនិញថៃមកកម្ពុជា ទាមទារឱ្យមានមនសិការជាតិ មិនមែនពហិការ ១ថ្ងៃ ឬ២ថ្ងៃ ព្រោះថៃនៅតែចិញ្ចឹមចិត្តឈ្លានពានកម្ពុជា (Video inside)

19-04-2026 17:36

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល៣ខែឆ្នាំ២០២៦នេះ កម្ពុជាបាននាំចូលទំនិញពីថៃ ក្នុងទំហំទឹកប្រាក់ជាង៥១៤លានដុល្លារ ថយចុះ៤២.៤% ដែលតាមរយៈតួលេខនេះបានបង្ហាញថា កម្ពុជានៅតែបន្តនាំចូលទំនិញពីថៃ បើទោះបីជាពលរដ្ឋកម្ពុជាបានពហិការឈប់ប្រើប្រាស់ទំនិញថៃ ហើយព្រំដែនគោករវាងប្រទេសទាំងពីរ បានបិទទាំងស្រុងចាប់តាំងពីពាក់កណ្តាល ឆ្នាំ២០២៥មកក៏ដោយ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដែលទំនិញថៃនៅបន្តហូរចូលកម្ពុជា ដោយសាររដ្ឋាភិបាលមិនបានបិទការនាំចូលទំនិញទាំងស្រុងពីថៃនោះទេ ដោយប្រកាសបិទតែទំនិញយុទ្ធសាស្រ្តមួយចំនួនដូចឧស្ម័ន ប្រេងឥន្ធនៈ និងបន្លែផ្លែឈើតែប៉ុណ្ណោះ។ ហើយជាមួយគ្នានេះ បើទោះបីជាព្រំដែនគោកបានបិទទាំងស្រុងក៏ដោយ ប៉ុន្តែទំនិញថៃនៅតែអាចនាំចូលមកបាន នៅតាមផ្លូវទឹក ផ្លូវអាកាស និងព្រំដែនប្រទេសផ្សេងទៀត។ ហេតុនេះហើយទើបឈ្មួញធំៗមួយចំនួន ដែលជាម្ចាស់ផ្សារទំនើបនៅបន្តនាំចូល ដើម្បីដំណើរការអាជីវកម្មរបស់ខ្លួន។

យ៉ាងនេះក្តី លោកបានសង្កត់ធ្ងន់ថា ដើម្បីកាត់បន្ថយការនាំចូលទំនិញពីថៃ ឱ្យបានជាអតិបរិមា រដ្ឋាភិបាលត្រូវមានគោលនយោបាយប្រាកដនិយម គាំពារផលិតផលក្នុងស្រុក ដើម្បីអាចជំនួសផលិតផលនាំចូល និងបង្កើតភាពសាំសេដ្ឋកិច្ច។

លោកបានពន្យល់ថា «ប្រទេសថៃបានចិញ្ចឹមចិត្តចង់ឈ្លានពានកម្ពុជាមិនមែនតែមួយថ្ងៃ ឬក្នុងឆ្នាំ២០២៥នេះទេ គឺរាប់រយឆ្នាំមកហើយ ហើយបន្តចិញ្ចឹមចិត្តឈ្លានពានបន្ថែមទៀត។ កម្ពុជាមិនរើសអើងទេ ព្រោះយើងជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក ក៏ប៉ុន្តែកម្ពុជាក៏ត្រូវការភាពស៊ាំសេដ្ឋកិច្ច ដើម្បីការពារអធិបតេយ្យរបស់ខ្លួនដែរ នេះជាកត្តាសត្យានុម័ត។ យើងមិនអាចស្របតាមអង្គការពាណិជ្ជកម្មពិភពលោក និងអាស៊ាន ហើយឱ្យគេក្រឡុកទៅលើជញ្ជីងពាណិជ្ជកម្ម ខណៈដែលគេឈ្លានពានទឹកដីកម្ពុជា ធ្វើឱ្យកម្ពុជាមានការលំបាកសេដ្ឋកិច្ច និងពាណិជ្ជកម្ម»

លើសពីនេះទៅទៀត លោកបានមានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ គួរតែផ្តើមចេញពីឥស្សរជនជាន់ខ្ពស់ ដែលត្រូវតែហ៊ានបង្ហាញក្នុងការប្រើប្រាស់ផលិតផលខ្មែរ មិនថាសម្លៀកបំពាក់ដែលផលិតឡើងដោយខ្មែរ ឬទំនិញប្រើប្រាស់ផ្សេងៗ និងត្រូវប្រយ័ត្នប្រយែងលើការបង្ហាញឥរិយាបទ។

បន្ថែមពីនេះ ជារយៈពេលវែង កម្ពុជាត្រូវបណ្ដុះ និងពង្រឹងមនសិការជាតិ តាមរយៈវិស័យអប់រំ និងប្រព័ន្ធផ្សព្វផ្សាយ ពោលគឺមនសិការជាតិ មិនបានធ្វើមួយថ្ងៃ២ថ្ងៃបានទេ ត្រូវតែបណ្តុះតាមរយៈប្រព័ន្ធអប់រំជាតិ ចាប់ពីកុមារតូច និងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានផ្តាំអ្នកដែលនៅបន្តគប់គិតគ្នានាំទំនិញពីថៃ ត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះកម្ពុជា មានទំនិញគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក ដោយមិនចាំបាច់ត្រូវនាំចូលពីថៃឡើយ។

បន្ថែមពីនេះ សម្តេចបានអំពាវនាវដល់ដល់ពលរដ្ឋ សូមប្រើប្រាស់ផលិតផលខ្មែរឱ្យបានច្រើន ឬទំនិញដែលនាំចូលពីប្រទេសផ្សេងវិញ ព្រោះមានតែប្រជាជនកម្ពុជាទេ ដែលមានសិទ្ធិក្នុងការជ្រើសរើស គួរតែប្រើប្រាស់ទំនិញអ្នកណា។ សម្តេចថា បើទោះបីជាមានអ្នកនាំចូលច្រើនយ៉ាងណាក៏ បើសិនជាគ្មានអ្នកទិញទេ ក៏មិនអាចមានអ្នកលក់ឡើយ។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល៣ខែឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានជាង៦៩៦លានដុល្លារថយចុះ ៣៩.៤%។ កម្ពុជាបាននាំចូលទំនិញពីថៃ ក្នុងទំហំទឹកប្រាក់ជាង៥១៤ លានដុល្លារ ថយចុះ៤២.៤% ខណៈនាំចេញទៅថៃវិញ ក្នុងទំហំ ១៨១លានដុល្លារ ថយចុះ២៩%។

កន្លងមកលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ទំនិញដែលនាំចូលពីថៃ ភាគច្រើនគឺប្រភេទឧបករណ៍ បរិក្ខា ដែលបម្រើដល់ឧស្សាហកម្ម និងកសិកម្ម រួមប្រភេទគ្រឿងចក្រកសិកម្មដូចជាត្រាក់ទ័រ ម៉ាស៊ីនច្រូត ជាដើម។ ព្រមទាំងទំនិញមួយចំនួនទៀត ដែលជាធាតុចូលរបស់ឧស្សាហកម្មធុនធំមួយចំនួន សម្រាប់បម្រើផលិតកម្មរបស់ក្រុមហ៊ុនជប៉ុន និងទំនិញមួយទៀត គឺប្រភេទគ្រឿងបង្គុំ សម្រាប់ថែទាំផលិតកម្ម របស់ក្រុមហ៊ុនដំឡើងរថយន្ត និងម៉ូតូមួយចំនួន។

លោកបានបញ្ជាក់ថា សម្រាប់ទំនិញដែលនាំចូល សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ មានការថយចុះគួរឱ្យកត់សម្គាល់ ស្របពេលទំនិញដែលហាមឃាត់ដូចជា ប្រេងឥន្ទនៈ បន្លែ ផ្លែឈើ បានធ្លាក់ចុះដល់សូន្យភាគរយ៕