ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន Greenlyzer ចាប់ដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញថាមពលស្អាតនៅទូទាំងអាស៊ាន
17-04-2026 16:28
(សិង្ហបុរី)៖ ក្រុមហ៊ុន Greenlyzer ដែលមានទីស្នាក់ការកណ្តាលនៅសិង្ហបុរី និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែលជាក្រុមហ៊ុន ពហុវិស័យធំបំផុតមួយនៅកម្ពុជា បានប្រកាសជាផ្លូវការ អំពីការចុះហត្ថលេខាលើ អនុស្សរណៈនៃកិច្ចព្រមព្រៀង (MOA) ដ៏សំខាន់មួយ ដើម្បីជំរុញការអនុវត្តដំណោះស្រាយថាមពល អ៊ីដ្រូសែនបៃតងនៅកម្ពុជា និងទូទាំងតំបន់អាស៊ាន។
ពិធីចុះហត្ថលេខា ត្រូវបានប្រារព្ធឡើងនៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពីប្រធាន ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន រួមមាន Dr. Bo Bai, លោកស្រី Tin Pei Ling, បណ្ឌិត Huang Kuan និងអ្នកឧកញ៉ា គិត ម៉េង។
ក្រុមហ៊ុន Greenlyzer គឺជាបុត្រសម្ព័ន្ធរបស់ Alpha Ladder Group (“Alpha Ladder”)។ Greenlyzer ជាក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ ដែលកំពុងអភិវឌ្ឍប្រព័ន្ធថាមពលជំនាន់ថ្មី ដែលបញ្ចូលការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាមួយថាមពល។ ដោយសារតម្រូវការថាមពលស្អាតកំពុងកើនឡើង ដើម្បីគាំទ្រដល់ AI និងសេដ្ឋកិច្ចឌីជីថល ប្រព័ន្ធបណ្ដាញអគ្គិសនីបុរាណកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង។
ដើម្បីដោះស្រាយបញ្ហានេះ Greenlyzer បានអភិវឌ្ឍ Green Moving Grid (GMG) ដែលអាចបំប្លែងអ៊ីដ្រូសែនទៅជាថាមពលដែលមានស្ថិរភាព សុវត្ថិភាព និងអាចកំណត់បែបបទបាន ដើម្បីផ្គត់ផ្គង់ថាមពលទៅកាន់គោលដៅសំខាន់ៗ ដូចជា មជ្ឈមណ្ឌលទិន្នន័យ រោងចក្រ និងតំបន់ឆ្ងាយ ឬតំបន់ដែលងាយរងគ្រោះពីគ្រោះមហន្តរាយ។ ប្រព័ន្ធនេះ ដំណើរការដោយបច្ចេកវិទ្យា Alpha Energy System និងមានការគាំទ្រដោយ AI ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការនៅពេលជាក់ស្តែង។
តាមរយៈការចាប់ដៃគូនេះ ភាគីទាំងពីរនឹងសិក្សាអំពីឱកាសដាក់ពង្រាយគម្រោងសាកល្បង GMG និងបច្ចេកវិទ្យាអ៊ីដ្រូសែនបៃតងផ្សេងៗ ដើម្បីបង្ហាញពីដំណោះស្រាយ អាចអនុវត្តបានក្នុងជីវិតពិត និងអាចពង្រីកបាន។ ការសហការនេះក៏ជួយបង្កើនតួនាទីរបស់សិង្ហបុរីក្នុងនាមជាមជ្ឈមណ្ឌលនវានុវត្តន៍បៃតងក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលសិង្ហបុរី ត្រៀមខ្លួនធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២៧។ ជាមួយគ្នានេះ វាក៏បង្ហាញពីបំណងប្រាថ្នារបស់កម្ពុជា ក្នុងការក្លាយជាគន្លងសំខាន់មួយក្នុងសេដ្ឋកិច្ចបៃតង និងឌីជីថលរបស់អាស៊ាន។
លោកស្រី Tin Pei Ling សហប្រធានក្រុមហ៊ុន Alpha Ladder បានថ្លែងថា «ការប៉ះទង្គិចផ្នែកថាមពលថ្មីៗនេះពីជម្លោះអ៊ីរ៉ង់បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រ និងអត្ថិភាពរបស់ថាមពល។ បណ្តាញអគ្គិសនីអាស៊ានឥឡូវនេះមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ព្រោះវានឹងពង្រឹងសន្តិសុខថាមពលក្នុងតំបន់ និងធ្វើពិពិធកម្មការផ្គត់ផ្គង់។ ដូច្នេះ យើងមានសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការសហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) នៅពេលដ៏សំខាន់នេះ»។
លោកស្រីបន្ដថា «តាមរយៈការប្រើប្រាស់ថាមពលប្រកបដោយចីរភាពរបស់កម្ពុជា និងចែកចាយវាទៅកាន់កន្លែងដែលវាត្រូវការតាមរយៈបណ្តាញអគ្គិសនីចល័តបៃតង យើងអាចជួយដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងនាំយកថាមពលទៅកាន់តំបន់ដែលខ្វះខាត។ យើងមើលឃើញថានេះ ជាការតម្រឹមយ៉ាងរឹងមាំ ជាមួយនឹងចក្ខុវិស័យរយៈពេលវែងរបស់អាស៊ានអំពី APG ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក»។
Dr. Huang Kuan នាយកប្រតិបត្តិក្រុមហ៊ុន Greenlyzer បានថ្លែងថា «អាស៊ីអាគ្នេយ៍ឈរនៅពេលវេលាដ៏សំខាន់មួយនៅក្នុងការផ្លាស់ប្តូរថាមពលរបស់ខ្លួន។ ឧស្សាហូបនីយកម្ម យ៉ាងឆាប់រហ័សរបស់តំបន់នេះ និងការពង្រីកសេដ្ឋកិច្ចឌីជីថលកំពុងពង្រីកគម្លាតរវាងភាពអាចរកបាននៃថាមពលស្អាត និងតម្រូវការក្នុងល្បឿនលឿន។ បណ្តាញអគ្គិសនីចល័តបៃតង របស់យើងផ្តល់ជូននូវស្រទាប់ជំនាន់ក្រោយ និងបង្កើនប្រសិទ្ធភាពទៅនឹងបណ្តាញអគ្គិសនីធម្មតា ដែលភ្ជាប់ជាមួយអ៊ីដ្រូសែនបៃតង ដែលលឿន និងអាចបត់បែនបានជាងមុន ក្នុងការអភិវឌ្ឍ និងដាក់ពង្រាយ»។
អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) បានថ្លែងថា «ភាពជាដៃគូនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការជំរុញការ ច្នៃប្រឌិតថាមពលស្អាត។ ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនអាជីវកម្មចម្រុះបំផុតរបស់ប្រទេសកម្ពុជា យើងនាំមកនូវបណ្តាញ និងវិសាលភាពប្រតិបត្តិការ យ៉ាងទូលំទូលាយរបស់យើង រួមជាមួយនឹងបច្ចេកវិទ្យាទំនើបរបស់ Greenlyzer ដើម្បីពន្លឿនការទទួលយកអ៊ីដ្រូសែនបៃតង និងបង្កើតគំរូថ្មី នៃការផលិតថាមពល ប្រកបដោយចីរភាព»។
អ្នកឧកញ៉ា គិត ម៉េង បន្ដថា «គំនិតផ្តួចផ្តើមនេះ តំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលដែលត្រៀមរួចជាស្រេចសម្រាប់អនាគត ដែលគាំទ្រដល់កំណើនរបស់ប្រទេសកម្ពុជា និងរួមចំណែកដល់ភាពធន់ថាមពលរយៈពេលវែងរបស់តំបន់»។
អនុស្សរណៈនៃការយោគយល់គ្នានេះបំពេញបន្ថែមទៀតនូវភាពជាដៃគូដែលកំពុងបន្តរវាងក្រុមហ៊ុន Alpha Ladder Group និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group)។ នេះរួមបញ្ចូលទាំងទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ុន MetaComp Pte. Ltd. ដែលជាអ្នកត្រួសត្រាយផ្លូវនៅអាស៊ីក្នុងដំណោះស្រាយហិរញ្ញវត្ថុឌីជីថល Web2.5 បង្រួបបង្រួម ដែលភ្ជាប់សមត្ថភាព fiat និង stablecoin នៅទូទាំងការទូទាត់ និងការគ្រប់គ្រងទ្រព្យសម្បត្តិ និងធនាគារ វីង (Wing Cambodia Plc.) ដែលរួមគ្នាស្វែងរកដំណោះស្រាយ ទូទាត់ឌីជីថលឆ្លងដែនរវាងប្រទេសសិង្ហបុរី និងកម្ពុជា ដោយទាញយកអត្ថប្រយោជន៍ពីបណ្តាញ StableX របស់ MetaComp៕







