FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គម្រោងវិនិយោគចំនួន ១៤៦ ដែលមានទុនវិនិយោគប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦

13-04-2026 18:45

(ភ្នំពេញ)៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) និងចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ១៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨២ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាម CDC ​ក្នុងចំណោមគម្រោងវិនិយោគទាំង ១៤៦នេះ មាន គម្រោងចំនួន ៩៥ ត្រូវបានចុះបញ្ជីដោយ CDC (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦០គម្រោង និងក្នុង តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥គម្រោង) និងគម្រោងចំនួន ៥១ ត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ.។

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជានៅតែអាចទាក់ទាញគម្រោងវិនិយោគធំៗ ដូចជាគម្រោង បង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់, គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំដំឡើងរថយន្ត, ផ្គុំដំឡើងម៉ូតូ, និងផលិតសំបកកង់រថយន្ត ដូចមានគូស រំលេចក្នុងចំណុចគម្រោងលេចធ្លោខាងក្រោម។ វត្តមាននៃគម្រោងវិនិយោគទាំងនេះ នឹងជួយផ្សព្វផ្សាយពី ភាពល្អប្រសើរនៃបរិស្ថានវិនិយោគនៅកម្ពុជា ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវវិធានការជាបន្ត បន្ទាប់ដើម្បីឆ្លើយតបនឹងបញ្ហាវិបត្តិសកលដែលបានជះឥទ្ធិពលមកលើកម្ពុជា សំដៅថែទាំវិនិយោគដែលមាន ស្រាប់ និងជំរុញទាក់ទាញវិនិយោគថ្មី ពិសេសលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា៕