FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ​ជំរុញការអភិវឌ្ឍន៍​ចំណត​ផែកុងតឺន័រទឹកជ្រៅថ្មី ដើម្បីកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូន

07-04-2026 18:10

(ភ្នំពេញ)៖ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ បានលើកឡើងពីផែនការជំរុញការអភិវឌ្ឍន៍ចំណតផែទឹកជ្រៅថ្មី ដើម្បីកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូន ដែលរួមចំណែកដល់ការទាក់ទាញវិនិយោគិន និងជំរុញការធ្វើពាណិជ្ជកម្ម ពោលគឺចាប់ឆ្នាំ២០២៧ទៅ បន្ទាប់ពីបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួច​ តម្លៃទឹកជញ្ជូនផ្លូវទឹកនឹងត្រូវកាត់បន្ថយប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ។​ ​

​ថ្លែងក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ «សក្ដានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ» នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ​ លោកបានបញ្ជាក់ថា បញ្ហាប្រឈមនៃការដឹកជញ្ជូនតាមផ្លួវទឹករបស់កម្ពុជា​នាពេលនេះ គឺតម្លៃខ្ពស់ជាងប្រទេសជិតខាងកម្ពុជា តែយ៉ាងណាបន្ទាប់ពី​ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ដាក់ឱ្យដំណើរ នោះតម្លៃទឹកជញ្ជូនផ្លូវទឹកនឹងត្រូវកាត់បន្ថយប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ ធ្វើឱ្យតម្លៃប្រហាក់ប្រហែលនឹងប្រទេសជិតខាងដែរ។

​លោកលើកឡើងថា ការថយចុះ​នៃតម្លៃដឹកជញ្ជូននេះ នឹងរួមចំណែកទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា ដែលនឹងជំរុញឱ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជា កាន់តែប្រសើរឡើង។

ចំណតផែកុងតឺន័រថ្មីនេះ​ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥០ម៉ែត្រ ហើយគ្រោងនឹងបំពាក់គ្រឿងចក្រលើកដាក់​ធុនធ្ងន់ប្រភេទ QC ចំនួន៣គ្រឿង និងប្រ​ភេទ​​RTG ចំនួន៩គ្រឿង ។ ចំណតផែនេះអនុញ្ញាតឱ្យនាវាកុងតឺន័រ ចំណុះ៤០០០ ធីអីយូឬស្មើនឹង ៦ម៉ឺនតោនអាចចូលចតបាន​។ នៅដើមឆ្នាំ២០២៧ សមត្ថភាព​ផែសរុបកើនដល់ ១ ៤៥០ ០០០ ធីអ៊ីយូ ក្នុងមួយឆ្នាំ នឹងក្លាយជាកំពង់ផែស្នួលក្នុងការតភ្ជាប់ផ្លូវនាវាកុងតឺន័រធុនធំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ៩៣% ចូលចតបាន និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រប្រមាណ២០០ដុល្លារក្នុងមួយធីអ៊ីយូ។

នៅឆ្នាំ២០២៩ បន្ទាប់ពីបញ្ចប់ការសាងសង់ជំហានទី២រួច ​កប៉ាល់ដែលចរក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ​តាមសមុទ្រប៉ាស៊ីហ្វិក​ និងសមុទ្រឥណ្ឌា នឹងអាចចូលចតនៅកំពង់ផែក្រុងព្រះសីហុ​បានដោយផ្ទាល់ ដោយមិនចាំបាច់ ត្រូវឆ្លងកាត់ប្រទេសទី៣ទៀតនោះទេ។​ ដោយឡែក​ ជំហានទី៣ គ្រោងនឹងនៅឆ្នាំ២០៣០ ​ដែលធ្វើឱ្យ​កប៉ាល់ស្ទើនៅទូទាំងពិភពលោកអាចចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន។

​លោក លូ គឹមឈន់បញ្ជាក់ថា «ដូច្នេះបានន័យថា មកពីអាមេរិកក៏អាចមកផ្ទាល់បានដែរ ហេតុនេះនឹងកាត់បន្ថយថ្លៃដឹកជញ្ជូនថែមទៀត ដែលនឹងបង្កើនការប្រកួតប្រជែង និងទាក់ទាញវិនិយោគិនឱ្យកើនឡើងថែមទៀត ។ បន្ទាប់ពីបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ទាំង៣ជំហាននេះ ​ចំណតផែនរបស់កំពង់ផែក្រុងព្រះសីហនុ នឹងកើនឡើងដល់ ជាង២ពាន់ម៉ែត្រ»

គិតត្រឹមដើមឆ្នាំ២០២៥ ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ សម្រេចបានប្រមាណ១៥%។​

ទន្ទឹមគ្នា លោក លូ គឹមឈន់ បានលើកឡើងផងដែរពីដំណើរការ​អាជីវកម្មរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយ២ឆ្នាំចុងក្រោយនេះ​​ ទទួលបានកំណើននាវាចូលចត និងចំណូលល្អប្រសើរគួរឱ្យកត់សម្គាស់។ លោកបានគូសបញ្ជាក់ថា ក្នុង​ឆ្នាំ​​២០២៥ កន្លងមក ទទួលកុងតឺន័រឆ្លងកាត់ ​ជាង ១ លាន TEU បាន​កើន​ឡើង​ជាង ៣០% ​ ធៀបនិងឆ្នាំ២០២៤ ខណៈនៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ បាន​កើន​ឡើង​ជាង ៤០% ​ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។

ជុំវិញកំណើនអាជីវកម្មរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះដែរ ​លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានលើកឡើងថា បើទោះបីជា អាជីវកម្មកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ នៅឆ្នាំ២០២៥ ​ បានកើនឡើងប្រមាណ​៣០% ប៉ុន្តែតម្លៃភាគហ៊ុនបែរជាធ្លាក់ចុះ គឺពី២៣០០០រៀលក្នុងមួយហ៊ុន មក១៣០០០រៀល ក្នុងមួយហ៊ុនទៅវិញ។ ការណ៍នេះបានសបញ្ជាក់ថាតម្លៃភាគហ៊ុនធ្លាក់ចុះនេះ មិនមែនដោយសារស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុននីមួយៗមិនល្អនោះទេ តែដោយសារស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថានភាពនយោបាយក្នុងតំបន់ ក៏ដូចជាស្ថានភាពទីផ្សារមូលបត្រនៅកម្ពុជាមិនទាន់ល្អប្រសើរ និងបញ្ហាវិបត្តិសេដ្ឋកិច្ចសាកលជាដើម ដែលធ្វើឱ្យវិនិយោគមួយចំនួនមិនចង់បញ្ចេញសាច់ប្រាក់ទៅវិនិយោគលើអ្វីមួយ។​

លោកថា ស្របពេលដែលតម្លៃភាគហ៊ុនរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុធ្លាក់ចុះ ក៏ជាឱកាសល្អសម្រាប់វិនិយោគិន ប្រមូលទិញយកទុកចំណេញផងដែរ៕