FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាសម្រេចបានសមិទ្ធផលថ្មីមួយទៀត ក្នុងការនាំចេញអង្ករក្រអូបប្រណីត «ម្លិះអង្គរ Malys Angkor» ទៅកាន់ទីផ្សារអន្តរជាតិ

03-04-2026 17:42

(ភ្នំពេញ)៖ កម្ពុជាសម្រេចបានសមិទ្ធផលថ្មីមួយទៀត ក្នុងការជំរុញការនាំចេញអង្ករក្រអូបប្រណីត ទៅកាន់ទីផ្សារអន្តរជាតិ ដោយចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦តទៅ អង្ករក្រអូបកម្ពុជាម៉ាក «Golden King» នឹងត្រូវដាក់លក់ជាផ្លូវការ នៅតាមបណ្តាញលក់រាយជាង៣៤៥ទីតាំង ក្នុងទីក្រុងហុងកុង និងប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd. និងសម្ព័ន្ធក្រុមហ៊ុន DFI Retail Group។

សូមជម្រាបផងដែរ អង្ករក្រអូបកម្ពុជា (ប្រភេទ ផ្ការំដួល) បានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោក (World's Best Rice) ចំនួន៧លើក ដែលពានរង្វាន់ ចុងក្រោយកម្ពុជាទទួលបាននៅក្នុងឆ្នាំ២០២៥។ សមិទ្ធផលនេះ ឆ្លុះបញ្ចាំងអំពីការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការជំរុញខ្សែច្រវាក់តម្លៃបន្ថែម តាមរយៈការសម្របសម្រួលពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម និងភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងឯកជន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

DFI Retail Group គឺជាសម្ព័ន្ធក្រុមហ៊ុនលក់រាយឈានមុខគេមួយនៅអាស៊ី ដែលមានប្រតិបត្តិការលើវិស័យ ផ្សារទំនើប ហាងលក់ទំនិញថែរក្សាសុខភាពនិងសម្រស់ ហាងទំនិញ និងហាងលក់សម្ភារៈតុបតែងផ្ទះជាច្រើន កន្លែងក្នុងតំបន់ ក្នុងនោះរួមមានបណ្តាញ ផ្សារទំនើប Wellcome នៅហុងកុង (ដែលមានចំនួន ២៤៥ ទីតាំង) និងផ្សារទំនើបឡាក់គី នៅទូទាំងប្រទេសកម្ពុជា (ប្រមាណ ១០០ ទីតាំង)។ កិច្ចសហប្រតិបត្តិការនេះ បានផ្តល់លទ្ធភាព ឱ្យអ្នកនាំចេញអង្ករកម្ពុជាអាចចូលទៅកាន់ទីផ្សារលក់រាយដោយផ្ទាល់ និងទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់អតិថិជន។

វត្តមានរបស់អង្ករក្រអូបម៉ាក «Golden King» នៅតាមបណ្តាញផ្សារទំនើបឡាក់គី នៅកម្ពុជា និងផ្សារ ទំនើប Wellcome នៅហុងកុង បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» របស់ក្រសួងពាណិជ្ជកម្ម ដែលមានគោលដៅបង្ហាញពីភាពសម្បូរបែបនៃផលិតផលក្នុងស្រុក ពង្រឹងទំនុកចិត្តរបស់អតិថិជន មកលើផលិតផលជាតិ និងជួយសម្រួលដល់ការស្វែងរកផលិតផលខ្មែរប្រកបដោយ គុណភាពសម្រាប់អ្នកប្រើប្រាស់ និងជាការលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលកម្ពុជាទាំងនៅក្នុង និងក្រៅប្រទេស។

អង្ករក្រអូបរបស់ ក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd. ត្រូវបានប្រមូលទិញដោយផ្ទាល់ពី សហគមន៍កសិកម្ម ដែលអនុវត្តបច្ចេកទេសដាំដុះប្រកបដោយចីរភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ ការអនុវត្តនេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំលើគោលការណ៍និរន្តរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមលើកកម្ពស់អង្ករកម្ពុជា ឱ្យក្លាយជាជម្រើសយុទ្ធសាស្ត្រក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

ទន្ទឹមនោះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd. ក្នុងការជំរុញការនាំចេញអង្ករក្រអូបកម្ពុជា ដែលមាន គុណភាពខ្ពស់ទៅកាន់ទីផ្សារអន្តរជាតិ។

តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន DFI Retail Group ផលិតផលអង្ករក្រអូបនេះ ត្រូវបានសម្រិតសម្រាំងយ៉ាងផ្ចិតផ្ចង់ក្នុងការវេចខ្ចប់ និងមានភ្ជាប់មកជាមួយនូវម៉ាក វិញ្ញាតកម្ម «ម្លិះអង្គរ Malys Angkor» រួមជាមួយនឹងការរចនា ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្តសញ្ញាណជាតិ និង ប្រណីតភាពនៃផលិតផលខ្មែរ ដែលជាសក្ខីភាពបញ្ជាក់ពីការអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានគុណភាព និងស្តង់ដារ អន្តរជាតិ ដើម្បីរក្សាទំនុកចិត្ត និងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់ផលិតផលជាតិលើឆាកអន្តរជាតិ។

ក្នុងស្មារតីនេះ ក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្តដល់ក្រុមហ៊ុននាំចេញទាំងអស់ សូមបន្តយកចិត្ត ទុកដាក់ខ្ពស់លើការពង្រឹង និងពង្រីកកិត្តនាមម៉ាកសញ្ញារបស់ខ្លួន ឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីបង្កើនតម្លៃ បន្ថែមនៅក្នុងបណ្តាញលក់រាយសកល។

ក្រសួងពាណិជ្ជកម្ម សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការ បន្តសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ តាមរយៈក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម និង យន្តការនានា ដើម្បីជំរុញការធ្វើពិពិធកម្ម និងពង្រីកទីផ្សារនាំចេញផលិតផលសក្តានុពល ជាពិសេសទំនិញ សម្គាល់ភូមិសាស្ត្រ (Geographical Indication Products) និងពង្រីកវិសាលភាពនៃការឈានចូលទៅកាន់ទីផ្សារ អន្តរជាតិលំដាប់ខ្ពស់ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជាឱ្យឈានទៅរកកំណើនប្រកបដោយចីរភាព៕