FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា សៀ ឫទ្ធី៖ អ្នកប្រកបរបររកស៊ីនៅកម្ពុជា គួរសំឡឹងមើលការវិនិយោគ លើវិស័យដែល​ជាជន្ទល់សេដ្ឋកិច្ច និងលុបបំបាត់គំនិត «នាំឈើហ៊ុបចេញ នាំឈើចាក់ធ្មេញចូល» ​(Video inside)

03-04-2026 17:32

(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ា​កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ ប្រ៊ីដ គ្រុប បានលើកទឹកចិត្តដល់ អ្នកប្រកបរបររកស៊ីនៅកម្ពុជា គួរសំឡឹងមើលការវិនិយោគ លើវិស័យដែល​ជាជន្ទល់សេដ្ឋកិច្ចរបស់កម្ពុជា និងបង្កើនការវិនិយោគសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកឱ្យបានច្រើន ដោយមិនពឹងផ្អែកទៅលើការនាំចូលទាំងស្រុងឡើយ។

ថ្លែងក្នុងទិវាវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរៀបចំឡើង ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​ កាលពីពេលថ្មីៗនេះ ​អ្នកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា វិស័យដែលជាជន្ទល់សេដ្ឋកិច្ចរបស់កម្ពុជា មាន៤ រួមមាន វិស័យទេសចរណ៍, វិស័យកសិកម្ម, ឧស្សាហកម្មធុនស្រាល, វិស័យអចលនទ្រព្យ និងសំណង់ តែយ៉ាងណាមិញវិស័យ២ គឺវិស័យអចលនទ្រព្យ និងទេសចរណ៍ បានកំពុងនឹងជួបបញ្ហាប្រឈម ដូច្នេះមានតែវិស័យ ២ទេ គឺកសិកម្ម និងឧស្សាហកម្មធុនស្រាល ដោយកាលពីឆ្នាំមុន ការនាំចេញក្នុងវិស័យទាំងពីរនេះ មានកំណើនប្រមាណ២៧ ទៅ២៨% និងព្យាករថានៅឆ្នាំនេះ អាចនឹងកើនឡើងក្នុងរង្វង់២៦% ទៅ២៧%។

ដូច្នេះ ក្នុងនាមជាអ្នកវិនិយោគ គួរតែសំឡឹងមើលការវិនិយោគទៅលើអ្វីដែលគាំទ្រ និងតម្រូវទៅតាមទិន្នន័យដែលរដ្ឋាភិបាលមាន ដូចជា​ការជំរុញវិនិយោគទៅលើរោងចក្រឧស្សាហកម្មធុនស្រាល និងវិស័យកសិកម្ម​ ដោយប្រើប្រាស់បច្ចេកវិទ្យា​​ខណៈរដ្ឋាភិបាលបានបង្កើតតំបន់ឧស្សាហកម្ម ដើម្បីកែច្នៃ នាំចេញផងដែរ។

ទន្ទឹមគ្នានេះ លោកមិនចង់ឃើញខ្មែរយើង​ អ្វីក៏ទិញគេនាំចូលពីគេនោះទេ ប្រៀបដូចជាការខំរកលុយហើយយកលុយឱ្យគេ ដែលនេះជាចំណុចមួយដែល​ត្រូវពិចារណា កុំឱ្យដូចពាក្យថា ​«នាំឈើហ៊ុបចេញ នាំឈើចាក់ធ្មេញចូល»​ ហើយគួរតែលុបបំបាត់គំនិតនេះចោល។ ​
ព្រមជាមួយគ្នានេះ លោកក៏មិនចង់ឱ្យអ្នករកស៊ីនៅប្រទេសជិតខាង ឬក្នុងតំបន់ នាំចូល១០០%មកកម្ពុជាឡើយ អាចនាំចូលត្រឹមតែ៦០%ឬ៧០%បានហើយ មកបង្រ្គប់ជាមួយនឹងរបស់ដែលផលិតក្នុងស្រុក ៣០%ទៀត។

បន្ថែមពីនេះ លោកលើកទឹកចិត្តអ្នកប្រកបរបររកស៊ីនៅកម្ពុជា បំលែងខ្លួនទៅជាចំណែកមួយនៃអ្នកវិនិយោគពីក្នុងតំបន់ និងពីពិភពលោក តាមរយៈការ​សហការជាមួយគេ​ ដើម្បីទាក់ទាញតម្លៃបន្ថែម៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់ អ្នកឧកញ៉ា សៀ ឫទ្ធី៖