អគ្គនាយកនិយ័តករធានារ៉ាប់រង៖ វិស័យធានារ៉ាប់រងនៅកម្ពុជា បានដើរតួនាទីដ៏សំខាន់ ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុដល់ពលរដ្ឋ
01-04-2026 19:00
(សៀមរាប)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា វិស័យធានារ៉ាប់រងនៅកម្ពុជា បាននិងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុ ជូនបណ្តាប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានានៅពេលប្រឈមនឹងហានិភ័យដែលកើតឡើងជាយថាហេតុ។
លោក ប៊ូ ច័ន្ទភីរូលើកឡើងបែបនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក លី សារី អភិបាលរងខេត្តសៀមរាប និងលោក លោកស្រី សមាជិក ក្រុមការងារអន្តរក្រសួង និងតំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច និងតំណាងគ្រឹះស្ថានឯកជនចូលរួមផងដែរ។
លោកបានបន្តថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា មានផលិតផលសម្បូរបែប រួមមាន ផលិតផលធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងទ្រព្យសម្បត្តិ ធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន និងធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប ។
លោកបញ្ជាក់ថា យោងតាមច្បាប់ស្តីពីការធានារ៉ាប់រងដែលបានអនុម័តដាក់ឲ្យប្រើប្រាស់ តាំងពីឆ្នាំ២០០០ និងបានកែសម្រួលជំនួសដោយច្បាប់ស្តីពីការធានារ៉ាប់រង នាឆ្នាំ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ចដែលរួមមាន ទី១-ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ,ទី២-ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ, ទី៣-ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន។
លោក ប៊ូ ច័ន្ទភីរូ បន្ថែមថា ដើម្បីចូលរួមពង្រឹងការអនុវត្តច្បាប់ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ «ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០» ដោយបានកំណត់យក ការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាផែនការអាទិភាពមួយតាមរយៈការជំរុញ ការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាស្ថាប័នមានសមត្ថកិច្ច និងសា្ថប័នពាក់ព័ន្ធ អំពីអ្វីទៅជាការធានារ៉ាប់រង និងមានការធានារ៉ាប់រងអ្វីខ្លះ ដែល ត្រូវបានកំណត់ជាកាតព្វកិច្ចក្នុងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ដែលកំណត់ដោយច្បាប់។
លោក លី សារី បានលើកឡើងថា ការធានារ៉ាប់រងជាកាតព្វកិច្ច ដែលមានធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ធានារ៉ាប់រងភារៈទទួលខុសត្រូវដឹកជញ្ជូនអ្នកដំណើរ និងធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ខេត្តសៀមរាប ។ តាមរយៈការផ្តល់សេវាធានារ៉ាប់រងជូនដល់ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ម្ចាស់ការដ្ឋានសាងសង់ សហគ្រាស សិប្បកម្ម និងរោងចក្រ ដែលប្រកបអាជីវកម្មក្នុងមូលដ្ឋានខេត្តសៀមរាប ដែលមានតម្រូវការដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារនៅតាមបណ្ដារាជធានី-ខេត្តដទៃទៀត និងឆ្លងកាត់ព្រំដែន នឹងធ្វើឱ្យពួកគេកាន់តែមានអារម្មណ៍សុវត្ថិភាព។





















