FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសាភិបាលធនាគារជាតិ​ ជំរុញឱ្យពលរដ្ឋខ្មែរ ប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើន ងាយស្រួលអន្តរាគមន៍ (Video inside)

01-04-2026 15:29

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែច្រើន ងាយស្រួលធនាគារជាតិជួយអន្តរាគមន៍ដោះស្រាយ នៅពេលដែលកើតមានបញ្ហាណាមួយកើតឡើង និងលើកទឹកចិត្តឱ្យអ្នកលក់ដាក់ QR Code ទាំងលុយរៀល និងដុល្លារសម្រាប់ភ្ញៀវស្កែនទូទាត់។

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ (សិង្ហបុរី ស្កេន ខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា) រវាងកម្ពុជា និងសិង្ហបុរី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកស្រីបានគូសបញ្ជាក់ថា បានជាធនាគារជាតិ ជំរុញឱ្យមានការប្រើប្រាស់លុយរៀលឱ្យបានច្រើននៅក្នុងស្រុក ព្រោះលុយរៀលជាលុយ ដែលធនាគារជាតិបោះផ្សាយដោយខ្លួនឯង និងអាចគ្រប់គ្រងបានគ្រប់ពេលវេលា ដូច្នេះនៅពេលដែលមានបញ្ហា ធនាគារនឹងអាចដាក់ចេញនូវដំណោះស្រាយភ្លាមៗបាន ខុសពីការប្រើប្រាស់លុយដុល្លារ ជាលុយដែលមិនមែនស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជា។

លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការប្រើប្រាស់ដុល្លារ ងាយស្រួលនៅពេលដែលវាអត់មានបញ្ហា តែពេលមានបញ្ហា គឺវាមិនស្រួលទេ ថ្មីៗនេះ ក៏កត់សម្គាល់ឃើញដែរ ពេលមានការស្រែករកធនាគារជាតិឱ្យជួយដោះស្រាយ ប៉ុន្តែធនាគារជាតិជួយដោះស្រាយបាន លុះត្រាតែមានឧបករណ៍សម្រាប់ជួយដោះស្រាយ ហើយឧបករណ៍សម្រាប់ធនាគារជាតិ ជួយដោះស្រាយយើងអត់មានអាវុធអីទេ គឺយើងមានលុយ យើងយកលុយទៅដោះស្រាយ ប៉ុន្តែបើលុយនោះមិនមែនខ្ញុំអាចគ្រប់គ្រងបាន បើលុយនោះជាដុល្លារ យើងមានលទ្ធភាពតិចបំផុត ក្នុងការចូលរួមជួយដោះស្រាយវិបត្តិ»

ជាមួយគ្នានេះ លោកស្រីលើកទឹកចិត្តអ្នកលក់ដែលដាក់ QR Code សម្រាប់ភ្ញៀវស្កែនទូទាត់លុយ សូមដាក់ផ្គុំគ្នារវាង QR Code លុយដុល្លារ និងលុយរៀល ដើម្បីភ្ញៀវជាពិសេសបរទេសងាយស្រួលក្នុងការទូទាត់។ ការជំរុញការប្រើប្រាស់លុយរៀល តាមវិធីសាស្រ្តស្កែន QR Code នេះក៏ជាវិធីលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ ប្រើលុយរៀលកាន់តែច្រើនផងដែរ។

លោកស្រីបានគូសបញ្ជាក់ថា តាមរយៈយន្តការនេះ ទើបមួយរយៈចុងក្រោយនេះ គណនីធនាគាររបស់ប្រជាពលរដ្ឋនីមួយៗ មានគណនីចំនួន២ គឺគណនីរៀល និងដុល្លារ។ ហើយប្រសិនបើគ្រឹះស្ថានធនាគារណា ដែលគិតថ្លៃសេវាលើការបើកគណនីលុយរៀលនេះ នឹងខុសពីគោលការណ៍ណែនាំរបស់ធនាគារជាតិ៕