FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មហាឧបាសក អៀង សុធារ៉ា៖ ការអប់រំសីលធម៌ (សីលប្រាំ) នៅក្នុងគ្រួសារ សាលា ទីវត្តអារ៉ាម និងក្រសួងស្ថាប័ននានា គឺជារឿងចាំបាច់ និងទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ (Video inside)

01-04-2026 14:30

(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការអប់រំសីលធម៌ (សីលប្រាំ) ដែលមានដូចជា ការមិនសម្លាប់, មិនលួច, មិនប្រព្រឹត្តខុសក្នុងកាម, មិនកុហក និងមិនសេពគ្រឿងស្រវឹង គឺជារឿងចាំបាច់ណាស់ ដោយទាមទារឱ្យមានការយកចិត្តទុកដាក់ជំរុញការអប់រំទាំងនៅក្នុងគ្រួសារ សាលា ទីវត្តអារ៉ាម និងក្រសួងស្ថាប័ននានា ដើម្បីទទួលបានសេចក្តីសុខ និងសុភមង្គល។

នៅក្នុងបទសម្ភាសផ្តាច់មុខជាមួយបណ្តាញព័ត៌មាន Fresh News មហាឧបាសក អៀង សុធារ៉ា បានបញ្ជាក់ទៀតថា បើសិនជាមនុស្សមិនមានការរក្សាសីលប្រាំ សង្គមមួយដែលគ្មានការអប់រំសីលធម៌ (សីលប្រាំ) សង្គមនោះនឹងបាត់បងការទុកចិត្តគ្នាទៅវិញទៅមក ហើយនៅពេលដែលសង្គមមួយគ្មានការទុកចិត្តគ្នាហើយនោះ សង្គមនោះនឹងក្លាយជាសង្គមបែកបាក់ ប្រេះឆា ដូចនេះការអប់រំសីលធម៌ (សីលប្រាំ) ពិតជាមានសារៈសំខាន់ណាស់​ ដែលធ្វើឱ្យមនុស្សក្នុងសង្គមមានការទុកចិត្តគ្នា រស់នៅជាមួយគ្នាដោយមិនមានការភ័យខ្លាច និងទទួលបានសេចក្តីសុខ។

មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានបញ្ជាក់ទៀតថា ដើម្បីសង្គមមួយមានការអប់រំសីលធម៌ (សីលប្រាំ) សង្គមនោះគួរគប្បីដាក់ទុកក្នុងការអប់រំ ដែលក្នុងនោះរាប់តាំងពីការរអប់រំលើមាតាបិតា ប្រធានស្ថាប័ននៅក្នុងរដ្ឋ និងគ្រប់វិស័យទាំងអស់ ដោយជំរុញឱ្យបានយល់ពីសីលប្រាំ ឱ្យបានគ្រប់ៗគ្នា ដើម្បីបានបញ្ជ្រាបឱ្យបានខ្ពស់ទៅកាន់យុវជនជំនាន់ក្រោយ ឱ្យបានយល់ពីការអប់រំសីលធម៌ (សីលប្រាំ) នេះផងដែរ។

ទីប្រឹក្សាគណៈសង្ឃនាយករូបនេះ បានបញ្ជាក់ទៀតថា ស្ថាប័នដែលសំខាន់ក្នុងការអប់រំសីលធម៌ (សីលប្រាំ) គឺស្ថាប័នវត្តអារ៉ាម ដែលអាចបញ្ជ្រាបតាមរយៈធម្មទេសនា អប់រំពីសីលប្រាំ និងបញ្ជ្រាបពីផលប្រយោជន៍ក្នុងសង្គមនៃអនុវត្តន៍សីលប្រាំ រួមទាំងផលប្រយោជន៍នៃការបង្រៀនកូនចៅឱ្យចេះអនុវត្តសីលប្រាំក្នុងក្រុមគ្រួសារ ដើម្បីទទួលបានសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារផងដែរ។

យោងតាមប្រភពព័ត៍មានពី Fresh Al បានបញ្ជាក់ឱ្យដឹងថា ការអប់រំសីលធម៌ និងការបណ្តុះសីលប្រាំ នៅក្នុងគ្រួសារមាន សារៈសំខាន់ណាស់ ព្រោះវាជួយឱ្យកូនចៅចេះសាងអំពើល្អ ចៀសវាងអំពើបាប គោរពគុណធម៌ និងប្រព្រឹត្តិតាមគន្លងធម៌ ដូចជាការនិយាយពាក្យពិត មិនកុហក មិននិយាយញុះញង់ និងមិននិយាយពាក្យទ្រគោះបោះបោកជាដើម ដែលជាមូលដ្ឋានគ្រឹះនៃការរស់នៅប្រកបដោយសុខដុម និងមានប្រយោជន៍ដល់សង្គមជាតិទាំង មូលនាពេលអនាគត។

ការអនុវត្តសីលធម៌ និងសីលប្រាំក្នុងគ្រួសារ អាចជួយឱ្យសមាជិកគ្រួសាររស់នៅដោយសុខសាន្ត ជៀសផុតពីជម្លោះ និងមានការគោរពស្រឡាញ់គ្នាទៅវិញទៅមក ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការកសាងសង្គមមួយដែលប្រកបដោយសីលធម៌ និងវឌ្ឍនភាព៕

សូមស្តាប់ការលើកឡើងរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា៖