FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារពន្ធដារ និងគយ បន្តចុះអប់រំ និងបង្រ្កាបទីតាំងចែកចាយបារីមិនមានបិទតែមប្រិ៍ នៅខេត្តមួយចំនួន និងអំពាវនាវដល់អ្នកចែកចាយ និងអ្នកលក់ បញ្ឈប់ការទិញ-លក់បារី ដែលមិនមានបិទតែមប្រិ៍ត្រឹមត្រូវ

01-04-2026 11:41

(ភ្នំពេញ)៖ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះ ដើម្បីត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី (ក្រុមការងារចម្រុះតែមប្រិ៍) របស់អគ្គនាយកដ្ឋានពន្ធដារ(អពដ) និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ) ដឹកនាំដោយលោក ស្រី សុជាតិ ប្រធានការិយាល័យគ្រប់គ្រងអាករពិសេស នៃអពដ និងជាសមាជិកក្រុមការងារចម្រុះតែមប្រិ៍ និងលោក ឆាយ បូ អនុប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង នៃអគរ និងជាអនុប្រធានអនុក្រុមការងារចម្រុះទី៣ បានចុះធ្វើសកម្មភាពអប់រំ និងបង្រ្កាបទីតាំងចែកចាយបារីចំនួន ៤(បួន) ស្ថិតនៅក្នុងខេត្តបាត់ដំបង។

ទីតាំងទាំង៤រួមមាន៖ ទីតាំងទី១ នៅឃុំជ្រៃ ស្រុកថ្មគោល បានដកហូតបារីចម្រុះម៉ាក ដែលមិនមានបិទតែមប្រិ៍អាករចំនួន ២.៩៣ កេស ស្មើនឹង ១៤៦.៥ សុង ទីតាំងទី២ ស្ថិតនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងបានដកហូតបារី ដែលមិនមានបិទតែមប្រិ៍អាករចំនួន ២៤.៨២ កេស ស្មើនឹង ១ ២៤១ សុង ទីតាំងទី៣ និងទី៤ ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ប៉ុន្តែមិនមានចែកចាយបារី ដែលមិនមានបិទតែមប្រិ៍អាករឡើយ។

ជាមួយគ្នានេះ នៅថ្ងៃខែឆ្នាំដដែល ក្រុមការងារចម្រុះតែមប្រិ៍ ដឹកនាំដោយលោក ហេង សុធា អនុប្រធានការិយាល័យគ្រប់គ្រងអាករពិសេស នៃអពដ និងជាសហប្រធានអនុក្រុមការងារចម្រុះទី៥ និងលោក ខណ្ណារ៉ា អេលីត ប្រធានការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៦ នៃអគរ និងជាសហប្រធានអនុក្រុមការងារចម្រុះទី៥ ក៏បានចុះអប់រំ និងបង្រ្កាបទីតាំងចំនួន ៤(បួន) ស្ថិតក្នុងខេត្តត្បូងឃ្មុំផងដែរ ដោយបានដកហូតបារីចម្រុះម៉ាក ដែលមិនមានបិទតែមប្រិ៍អាករសរុបចំនួន ៦.៤៩ កេស ស្មើនឹង៣២៤.៦ សុង នៅទីតាំងឃ្លាំងចែកចាយបារីចំនួន ២(ពីរ) និងបានចុះផ្សព្វផ្សាយអំពីកាតព្វកិច្ចបិទតែមប្រិ៍អាករ សម្រាប់បារីតាមផ្សារទំនើបចំនួន ២(ពីរ)។

គួររំលឹកផងដែរថា ក្នុងខែមីនា ឆ្នាំ២០២៦នេះ ក្រុមការងារចម្រុះតែមប្រិ៍បានចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារី នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ ព្រមទាំងបានចុះអប់រំ ផ្សព្វផ្សាយអំពីកាតព្វកិច្ចបិទតែមប្រិ៍អាករ ដល់អ្នកចែកចាយ និងអ្នកលក់បារីនៅតាមបណ្តាខេត្តផ្សេងទៀត រួមមាន ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់អ្នកចែកចាយ និងអ្នកលក់រាយបារីទាំងអស់ សូមបញ្ឈប់ការទិញ-លក់បារី ដែលមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវបន្តទៀតចៀសវាងការខាតបង់ថវិកា ព្រមទាំងប្រឈមនឹងការទទួលរង នូវទោសទណ្ឌនានាស្របតាមច្បាប់ជាធរមាន។ ក្រុមការងារចម្រុះតែមប្រិ៍ក៏នឹងបន្តចុះអប់រំ ផ្សព្វផ្សាយ អំពីកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី និងបង្រ្កាបការលក់ ឬចែកចាយផលិតផលបារីខុសច្បាប់ (បារីមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវ) ជាបន្តបន្ទាប់ដូចភ្លៀងរលឹម៕