មេ CBC: បើទោះបីជាការសងត្រឡប់យឺត របស់អតិថិជនលើសពី៩០ថ្ងៃ ក្នុងឆ្នាំ២០២៥ កើនដល់ ៦.៤៦% ប៉ុន្តែស្ថិតក្នុងភាពដែលអាចគ្រប់គ្រងបាន ខណៈវិស័យហិរញ្ញវត្ថុនៅតែមានភាពធន់ (Video inside)
31-03-2026 17:20
(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (CBC) បានឱ្យដឹងថា ការសងត្រឡប់យឺតរបស់អតិថិជនលើសពី ៩០ថ្ងៃ បានកើនឡើងដល់ ៦.៤៦% នៅក្នុងឆ្នាំ ២០២៥ ដោយបានកើនពី ៦.០៣ នៅឆ្នាំ២០២៤ ដែលបង្ហាញពីលទ្ធភាពនៃការសងត្រឡប់របស់អ្នកជាប់កម្ចីថយចុះ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជា។
តែយ៉ាងនេះក្តី អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ អះអាងវិស័យហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានភាពធន់ និងអាចគ្រប់គ្រងបាន ខណៈគុណភាពឥណទាននៅរាជធានីភ្នំពេញ ដែលមានអ្នកខ្ចីច្រើនជាងគេ ស្ថិតក្នុងភាពល្អប្រសើរ។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា បានលើកឡើងថា នៅក្នុងឆ្នាំ២០២៥ ឥណទានដែលសងយឺតយ៉ាវលើសពី ៩០ថ្ងៃ បានកើនឡើងបន្តិច បើប្រៀបធៀបនឹងឆ្នាំ ២០២៤ ប៉ុន្តែស្ថិតក្នុងកម្រិតមួយដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចគ្រប់គ្រងបាន។
លោកបានគូសបញ្ជាក់ថា «បើទោះបីជាការសងយឺតលើសពី៩០ថ្ងៃ កើនឡើងលើសបន្តិចពីឆ្នាំ២០២៤ ប៉ុន្តែក្នុងកម្រិតនេះ គឺធនាគារ និងគ្រឹះស្ថានមីគ្រូហិរញ្ញនៅតែអាចគ្រប់គ្រងបាន ហើយជាកម្រិតដែលតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាធ្វើទំនើបកម្ម ក្នុងដំណើរការអាជីវកម្មរបស់ខ្លួន»។
លោកបានលើកឡើងថា បើមើលទៅលើរបាយការណ៍ លទ្ធផលនៃការត្រឡប់របស់អតិថិជនក្នុងខេត្តនីមួយៗ គឺខុសៗគ្នា ហើយអ្វីដែលគួរឱ្យកត់សម្គាល់ រាជធានីភ្នំពេញ ដែលមានកម្ចីច្រើនជាងគេ គឺគុណភាពឥណទានស្ថិតក្នុងកម្រិតល្អប្រសើរ។
យោងតាមរបាយការណ៍របស់ CBC ខេត្តដែលជួបប្រទះការសងត្រឡប់យឺតជាង ៩០ថ្ងៃច្រើនជាងគេ គឺខេត្តមណ្ឌលគិរី មានអត្រា១០.៩៨% បន្ទាប់មកខេត្តសៀមរាប ស្ថិតក្នុងអត្រា ១០.៦៦% ខណៈប៉ៃលិនស្ថិតនៅលំដាប់ទី៣ ស្ថិតក្នុងអត្រា ១០.១៤%។ ចំណែករាជធានីភ្នំពេញ ដែលមានឥណទានខ្ពស់ជាង គឺគុណភាពឥណទាននៅតែល្អប្រសើរ ក្នុងអត្រា ៥.៤៤% ហើយខេត្តដែលជួបប្រទះការសងត្រឡប់យឺតជាង៩០ថ្ងៃ ទាបជាងគឺស្វាយរៀង មានអត្រា ៤.២១% ។
តាមរយៈទិន្ននេះ លោក អឿ សុធារ័ត្ន នៅតែមានគំនិតសុទិដ្ឋិនិយមថា បើទោះបីជាការសងត្រឡប់យឺតរបស់អតិថិជនលើសពី ៩០ថ្ងៃ នៅក្នុងឆ្នាំ ២០២៥ មានអត្រា ៦.៤៦% ក្តី ប៉ុន្តែ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាក្នុងឆ្នាំ២០២៦នេះ នៅតែមានភាពធន់ ហើយរំពឹងថាឥណទាន ក្នុងឆ្នាំ២០២៦នឹងនៅតែបន្តកើនឡើង៕



