គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បញ្ចេញកម្ចីជាង ៣១.៨ពាន់លានដុល្លារដល់អតិថិជន ក្នុងឆ្នាំ២០២៥ កើនឡើង៥.៣%
31-03-2026 15:51
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥កន្លងមកទៅនេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបញ្ចេញកម្ចីដល់អតិថិជន ប្រមាណ៣១.៨ពាន់លានដុល្លារ កើនឡើង៥.៣% បើធៀបនឹងឆ្នាំ២០២៤ ដែលបានបញ្ចេញកម្ចីប្រមាណ ៣១.១៩ពាន់លានដុល្លារ។
ការបញ្ចេញកម្ចីបន្ថែមជាង ៣១.៨ពាន់លានដុល្លារដល់អតិថិជននេះ បានធ្វើឱ្យទំហំឥណទានសរុបដែលនៅកម្ពុជាផ្តល់ជូនអតិថិជន កើនឡើងដល់ជាង ៦២ពាន់លានដុល្លារ។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (CBC) លើកឡើងថា នៅក្នុងឆ្នាំ ២០២៥ តម្រូវការឥណទាននៅតែមានកំណើន ទោះបីជាមានបញ្ហាមួយចំនួនដូចជាភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដោយកាលពីឆ្នាំ២០២៥ មានអតិថិនជនដែលស្នើសុំឥណទានប្រមាណ ៦.៣លានពាក្យស្នើសុំ កើនឡើង៨.៧% បើធៀបនឹងកាលពីឆ្នាំ២០២៤ ដែលមានប្រមាណ ៥.៩លានពាក្យស្នើសុំ។ ក្នុងនោះកម្ចីដែលបានអនុម័តជូនអតិថិជន មានទំហំប្រមាណ ៣១.៨ពាន់ដុល្លារ កើនឡើង៥.៣% ។
លោកថា «យើងឃើញថា តម្រូវការឥណទានក្នុងឆ្នាំ២០២៥ នៅតែមាន និងពិតជាមានការកើនឡើង បើទោះបីជាយើងជួបឧបសគ្គមួយចំនួន ជាពិសេសបញ្ហាជម្លោះនៅព្រំដែន។ អ្វីដែលយើងសង្កេតឃើញ នៅត្រីមាសចុងក្រោយ សន្ទុះឬតម្រូវការឥណទាន មានការកើនឡើងខ្ពស់។ទី២.យើងសង្កេតឃើញថា ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅតែបញ្ចេញឥណទាន ដែលយើងឃើញថា សម្ពាធឥណទានជាក់ស្តែងកើនឡើង៥.៥%»។
ប្រភេទកម្ចីដែលបញ្ចេញភាគច្រើន គឺកម្ចីខ្នាតតូច ដែលមានទំហំទឹកប្រាក់ត្រឹម ៥០០ ដុល្លារ មានប្រមាណ ៣០% ខណៈកម្ចីចាប់ពី៥០០ដុល្លារទៅដល់៣០០០ដុល្លារមានចំនួន៣០%។
យោងតាមរបាយការណ៍របស់ CBC គិតត្រឹមដំណាច់ឆ្នាំ២០២៥ ទំហំឥណទានសរុបនៅកម្ពុជាបានកើនដល់៦២ពាន់លានដុល្លារ ដោយបានកើនពី ៥៨ ពាន់លានដុល្លារ នៅឆ្នាំ ២០២៤ ពោលគឺបាន កើនឡើង ៥.៥%។ អតិថិជនជាប់កម្ចីមានប្រមាណ៥.១៣លាននាក់។
បើតាមលោក អឿ សុធារ័ត្ន ក្នុងចំណោមកម្ចីទាំងនេះ កម្ចីប្រភេទក្រុមហ៊ុនអាជីវកម្មមានប្រមាណតែ១៣%ប៉ុណ្ណោះ ក្រៅពីនោះគឺជាប្រភេទកម្ចីលក្ខណៈបុគ្គល។ ហើយក្នុងនោះ អតិថិជនជាប់កម្ចីជាស្រ្តីមានចំនួន៥២%។
តាម CBC ក្នុងចំណោមឥណទានសរុបទាំងនេះ ក្នុងនោះរាជធានី ខេត្តចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ បានផ្តល់ឥណទានប្រហែល ៦១% នៃសមតុល្យឥណទានសរុប។ រាជធានីភ្នំពេញ មានបរិមាណឥណទាន ច្រើនជាងគេចំនួន ១២៦ពាន់លានរៀល ឬប្រមាណ៣១ពាន់លានដុល្លារ ស្មើនឹង ៥១% នៃសមតុល្យឥណទាន ទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៧២.៣ម៉ឺននាក់។
បន្ទាប់មក គឺខេត្តកណ្តាល មានបរិមាណឥណទាន ចំនួន១៣ពាន់លានរៀល ឬប្រមាណ៣.៣ពាន់លានដុល្លារ ស្មើនឹង ៥.៤% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់ សរុបចំនួន ៤០.៩ ម៉ឺននាក់។ ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានបរិមាណឥណទានខ្ពស់លំដាប់ទី៣ គឺប្រមាណ ១០ពាន់លានរៀល ឬប្រមាណ២.៦ពាន់លានដុល្លារ ស្មើនឹង ៤.៣% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៣៩.២ម៉ឺននាក់។ ខេត្តដែលមានបរិមាណឥណទានទាបជាងគេចំនួន៣ មានដូចជា ខេត្តប៉ៃលិន ខេត្តមណ្ឌលគិរី និង ខេត្តកែប។
ជម្រាបថា គិតត្រឹមឆ្នាំ២០២៥ ស្ថាប័នស្ថាប័នផ្លូវការដែលផ្តល់កម្ចី មានចំនួន១៩៦ស្ថាប័ន ក្នុងនោះធនាគារចំនួន៩១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧១ ក្រុមហ៊ុនភតិសន្យានិងគ្រឹះស្ថានឥណទានជនបទ ចំនួនជាង៣០ស្ថាប័ន៕




