FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំនួបជាមួយមន្ដ្រីជាន់ខ្ពស់ CDC, ក្រុមហ៊ុនជប៉ុនមួយ គ្រោងពង្រីករោងចក្រផលិតខ្សែភ្លើង និងគ្រឿងបង្គុំសម្រាប់រថយន្តនៅចុងឆ្នាំ២០២៧ ក្នុងខេត្ដកោះកុង

31-03-2026 14:30

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូតំណាងក្រុមហ៊ុន YAZAKI (Cambodia) Products Co., Ltd. ដែលដឹកនាំដោយលោក YOSHIMOTO ITO នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសាជីវកម្ម YAZAKI Corporation។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពអភិវឌ្ឍរបស់ក្រុមហ៊ុន នៅខេត្តកោះកុង ក្នុងការផលិតខ្សែភ្លើង និងគ្រឿងបង្គុំសម្រាប់រថយន្ត និងគម្រោងពង្រីករោងចក្របន្ថែម ដែលគ្រោងនឹងចាប់ផ្ដើមផលិតកម្ម នៅចុងនៅឆ្នាំ២០២៧ខាងមុខនេះ។

ក្នុងជំនួបពិភាក្សាការងារនេះ លោកអគ្គលេខាធិការ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមហ៊ុន YAZAKI (Cambodia) Products Co., Ltd. តាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ដែលក្រុមហ៊ុនបាននិងកំពុងបន្តវឌ្ឍនភាព ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។

លោកបានសម្តែងការសាទរ និងគាំទ្រយ៉ាងពេញទំហឹង គម្រោងពង្រីកវិនិយោគបន្ថែម របស់ក្រុមហ៊ុនដែលនឹងអាចបង្តើតការងារ ជូនបងប្អូនយើងប្រមាណ១០០០នាក់បន្ថែមការងារ ដែលមានស្រាប់នៅខេត្តកោះកុង ប្រមាណ២០០០នាក់ ដែលនេះបានសបញ្ជាក់អំពីជំនឿទុកចិត្ត យ៉ាងមុតមាំរបស់ក្រុមហ៊ុន មកលើរាជរដ្ឋាភិបាលកម្ពុជា ទោះបីជាស្ថិតក្នុងស្ថានភាពប្រឈមនានា នៅក្នុងពិភពលោក និងក្នុងតំបន់ក្តី។

ជាការឆ្លើយតប លោក YOSHIMOTO ITO បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេសជូនចំពោះ លោកអគ្គលេខាធិការ ក៏ដូចជាសហការី ដែលតែងតែគាំទ្រ ក្នុងរាល់ដំណើរការផលិតកម្មរបស់ក្រុមហ៊ុន នាពេលកន្លងមក និងបានផ្តល់ឱកាសឱ្យក្រុមហ៊ុន មានលទ្ធភាពពង្រីកការវិនិយោគបន្ថែមទៀត នាពេលនេះ៕